តារា​សម្ដែង​ស្រី​ ច័ន្ទ សុធារត្ន័ មាន​ផ្ទៃ​ពោះ ៥ខែ ​ជាមួយ​ប្ដី​ជា​អ្នកជំនួញ​ធំ ប៉ុន្ដែ​អ្នក​ទាំង​ពីរ​នៅ​មិនទាន់​រៀប​អាពាហ៍ពិពាហ៍​នៅឡើយ។  ការ​មាន​ផ្ទៃពោះ​នេះ នាង​និយាយ​ថា ដើម្បី​បំពេញ​បំណង​ប្ដី។

អាន៖ ច័ន្ទ សុធារ័ត្ន៖ សម្បុរ​ស្រអែម​​ធ្វើ​ឲ្យ​មាន​សំណាង

ច័ន្ទ សុធារត្ន័​ បាន​បង្ហើប​​ប្រាប់​ថា បច្ចុប្បន្ន​នាង​មាន​ផ្ទៃ​ពោះ​ជាង​៥ខែ​មក​ហើយ ដោយ​កូន​ក្នុង​ផ្ទៃ​របស់​នាង​នោះ គឺ​ជា​កូន​ស្រី។ នាង​​លើក​ឡើង​ថា ប្ដី​របស់​នាង​ចេះ​តែ​អង្វរ​ចង់​ឲ្យ​នាង​បង្កើត​កូន​ឲ្យ ដោយ​លើក​ហេតុ​ផល​ថា មាន​វ័យ​កាន​តែ​ច្រើន ចង់​បាន​កូន​មក​ប្រលែង​លេង​និង​គេ ព្រោះ​តែ​ចង់​បំពេញ​បំណង​ប្ដី​នាង​ក៏​យល់​ព្រម​តែ​ម្ដង​ទៅ។

នាង​បាន​បន្ត​ថា ប្ដី​របស់​នាង​ចង់​បាន​កូន​ស្រី នៅ​ពេល​ដែល​នាង​ពពោះ​កូន​ស្រី​បែប​នេះ ប្ដី​របស់​នាង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ហើយ​ចាប់​តាំង​ពី​នាង​ពពោះ​មក​​ប្ដី​នាង​​ថ្នម មិន​ឲ្យ​នាង​ធ្វើ​អ្វី​នោះ​ទេ។

អាន៖ ចន្ទ័ សុធារ័ត្ន ​ស្រលាញ់​ប្ដី​ចាស់ អត់​សម្លឹង​ទ្រព្យ

សុធារត្ន័​ បាន​ចាត់​ទុក​ថា កូន​ស្រី​ដែល​​នាង​កំពុង​មាន​នេះ គឺ​ជា​អ្នក​នាំ​សំណាង​មក​ឲ្យ​នាង ព្រោះ​នឹង​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​របស់​នាង​ជា​មួយ​អ្នក​ជំនួញ​​នេះ កាន់​តែ​​រឹង​មាំ​ថែម​ទៀត។

សម្ដែង​ដែល​កំពុង​តែ​ធ្វើ​ថៅកែ​ស្រី​ហាង​ម៉ាស្សា​រូប​នេះ​បាន​​ទទួល​ស្គាល់​ថា នាង​ពិត​ជា​ទុំមុនស្រគាល​​ពិត​មែន ប៉ុន្តែ​រឿង​បែប​នេះ​នាង​គិត​ថា នៅ​ក្នុង​ចង្កោម​អ្នក​សិល្បៈ​ក៏​ដូច​ជា​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​មិន​មែន​មាន​តែ​នាង​នោះ​ទេ។

នៅ​ពេល​ដែល​សួរ​ថា ចុះ​បើ​នាង​រស់​នៅ​ជា​មួយ​គ្នា ហើយ​ថែម​ទាំង​មាន​កូន​​ថែម​ទៀត តើ​​លុប​គម្រោង​រៀប​អាពាហ៍ពិពាហ៍​ហើយ​មែន​ទេ? សុធារត្ន័​ប្រាប់​ថា មិន​បោះ​បង់​​ចោល​នោះ​ទេ គឺ​នាង​នៅ​តែ​ធ្វើ ហើយ​​និង​ធ្វើ​​ឲ្យ​ធំ​ទៀត​ផង ប៉ុន្តែ​​នាង​រង់​ចាំ​កូន​នាង​ធំ​ និង​អាជីវកម្ម​នាង​ដំណើរ​ការ​ល្អ​សិន៕

អត្ថបទ៖ ខុត សីហា