Breaking News
Loading...
Wednesday, October 9, 2013

លោក អ៊ុក រ៉ា​ប៊ុន ទើប​​ឡើង​​រដ្ធមន្ត្រីកសិកម្មថ្មី គួរ​​មើលលោកអ៊ីវ ឯកសាវត្តី និង​​មេ​​ឈ្មួញ លឹម ប៊ុណ្ណា


ខេត្តស្ទឹងត្រែង ៖ មិន​​ថា​​រដូវ​​ទឹក​ជំ​ន​ន់ ឬ​​រដូវ​ប្រាំង​​នោះ​ទេ ស​កម្ម​ភាព​​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់ នៅ​ក្នុង​​ខេត្ត​ស្ទឹង​ត្រែង កើត​ឡើង​​យ៉ាង អ​នា​ធិប​តេ​យ្យ​​បំ​ផុត គេ​មិន​ដែល​​ឃើញ​​លោក អ៊ីវ ឯក​​សា​វ​​ត្តី ជា​​នា​យ​​ខណ្ឌ​​រដ្ឋ​បាល​​ព្រៃ​ឈើខេត្តស្ទឹងត្រែង ចាត់វិធានការ​លុបបំបាត់ ឲ្យ​មាន​ប្រសិទ្ធភាព​ម្តងណា​ឡើយ ដែល​ករណីនេះ​គេ​សង្ស័យថា ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់​សុទ្ធតែ​បាន​បែងចែក ផលប្រយោជន៍​ជូន​មន្ត្រី ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​កុំ​ឲ្យ​រំខាន ជំនួញ​រកស៊ី​ដឹកជញ្ជូន​ឈើ ខុសច្បាប់​របស់​ពួកគេ​។​

​សេចក្តីរាយការណ៍ ពី​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា ក្នុង​រដូវ​ទឹក​ដំឡើង​នេះ ឈ្មួញ​ជាច្រើន​បាន​ដឹកជញ្ជូន ឈើ​ប្រណីត​តាម​ទូក មកពី​ស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ឆ្លងកាត់​ទី​រួម​ខេត្តស្ទឹងត្រែង ចូលមកក្នុង​ខេត្តក្រចេះ និង​ខេត្តកំពង់ចាម យ៉ាង​រលូន​ល្អ​បំផុត ។ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ ឈើ​តាំងពី​ថ្នាក់​សង្កាត់ រហូតដល់​ថ្នាក់​ខណ្ឌ ក្នុង​ខេត្តស្ទឹងត្រែង បាន​ផ្លាស់ប្តូរ​ជីវភាព​ថ្មី យ៉ាង​ឆាប់រហ័ស ដោយសារ​អំពើពុករលួយ នៃ​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ មិនដែល​ខ្វល់ខ្វាយ​ពី​ច្បាប់ទម្លាប់ ឬ​ការ​រឹតបន្តឹង​របស់ អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​ម្តងណា​ឡើយ​។​

​ ឈ្មួញ​មួយចំនួន​បាន​លើកឡើងថា ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក អ៊ីវ ឯក​សាវ​ត្តី បាន​យក​បទបញ្ជា​លេខ​០១ ទៅធ្វើជា​មូល​ប្ប​ទា​នប​ត្រ ដើរ​ទារលុយ​ពី​ក្រុម​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​បំផុត​។ ក្រុម​ឈ្មួញ​ជាច្រើន មាន​មោទនភាព​យ៉ាង​ក្រៃលែង ដោយសារតែ​ភាព​អសកម្ម​របស់លោក អ៊ីវ ឯក​សាវ​ត្តី ដូចដែល​ឈ្មួញ​ខ្លះ បាន​អះអាងថា ឲ្យ​តែមាន​លុយ​បង់​ឲ្យ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ទោះជា​ដឹកជញ្ជូន​ឈើ​ខូង​ផ្លូវ ក៏​មិន​ដែលមាន នរណា​ហ៊ាន​ហើបមាត់ គឺ​ទាមទារ​ឲ្យ​លោក អ៊ុក រ៉ាប៊ុន ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដែល​ទើប​ឡើង​តំណែង​ថ្មីថ្មោង មេត្តា​ពិនិត្យមើល​បញ្ហា​នេះ ឡើងវិញ​ផង​។​

​ឈ្មួញ​ធំៗ​ជាច្រើន ដូចជា​ឈ្មោះ លឹម ប៊ុណ្ណា ហៅ​ខ្នា ដែលមាន​ឈ្មោះ សាន ច​យ ជា​មេការ​ក៏​កំពុង​សកម្ម​បំផុត ក្នុងការ​កាប់បំផ្លាញ​ព្រៃឈើ ក្នុងស្រុក​សេសា​ន ដោយ​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ ស្តារ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី សេ​សាន​២ ដែល​នៅ​ទីនោះ មានការ​កាប់បំផ្លាញ​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​២ រាលដាល​ដល់​ក្រៅ តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​។ សូម្បីតែ​លោក អ៊ីវ ឯក​សាវ​ត្តី មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី​ទេ បានជា​រក្សា​ភាព​ស្ងៀមស្ងាត់ មិនដែល​ឮមាត់ឮក ពី​ការកាប់បំផ្លាញ​ព្រៃឈើ របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា នោះឡើយ ។​

សូម្បីតែ​ឈ្មួញ​តូចតាច​មួយចំនួន កំពុងតែ​ប្រមូល​ទិញ​ឈើ ពី​ស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ដឹកជញ្ជូន​តាម​ទូក​អេ​វ ឆ្លងកាត់​ខេត្តស្ទឹងត្រែង ក្នុង​មួយ​យប់ៗ​ជាច្រើន​ទូក ក៏​លោក អ៊ីវ ឯក​សាវ​ត្តី មិនដែល​ឈឺក្បាល​វិលមុខ ចាត់វិធានការ​បង្ក្រាប សកម្មភាព​ដឹកជញ្ជូន​ឈើ ដ៏​អនាធិបតេយ្យ​ទាំងនោះ ដោយសារតែ​បញ្ហា ផលប្រយោជន៍​តែម្តង​។ គេ​ចង់ឃើញ​លោក ឆេង គឹម​ស៊ុន ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ និង​លោក អ៊ុក រ៉ាប៊ុន ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ទើប​ឡើង​តំណែង​ថ្មីថ្មោង មេត្តា​ពិនិត្យមើល​ភាពអនាធិបតេយ្យ នៃ​ការដឹកជញ្ជូន​ឈើ នៅក្នុង​ខេត្តស្ទឹងត្រែង ឡើងវិញ​ជាបន្ទាន់ ព្រោះ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក អ៊ីវ ឯក​សាវ​ត្តី ត្រូវ​ក្រុម​ឈ្មួញ​ទិញ​ទឹកចិត្ត ឲ្យ​ជួយ​សម្របសម្រួល ជំនួញ​ឈើ​ខុសច្បាប់ ដែលជា​ការផ្គើន​បំផុត ទៅនឹង​បទបញ្ជា​លេខ​០១ របស់​រាជរដ្ឋាភិបាល ៕

Wat-300913

 

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved