លោក សម រង្ស៊ី ចេញបំពេញបេសកកម្មការទូតនៅលោកខាងលិច ដោយមិនទាន់គិតគូរពីការចុះឈ្មោះ ជាតំណាងរាស្ត្រ
រាជធានីភ្នំពេញ ៖ លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ នៅមិនទាន់គិតគូរពីការ ចុះឈ្មោះជាតំណាងរាស្ត្រ នៅមណ្ឌលណានៅឡើយទេ បើទោះបីជាលោកបានអញ្ជើញទៅចុះឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅការិយាល័យមួយ ក្នុងភូមិព្រែកតាគង់ទី១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៣នេះ រួចហើយក៏ដោយ។
លោក សម រង្ស៊ី បានប្រាប់ប្រជារាស្ត្រខ្មែរថា លោកនឹងចាកចេញ ទៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅវេលាម៉ោង ៨និង៣០ នាទី យប់ថ្ងៃទី៧ ខែតុលា ដោយនឹងជួបពិភាក្សា ជាមួយតំណាងរដ្ឋាភិបាលអង់គ្លេស កុំឲ្យទទួលស្គាល់ រដ្ឋាភិបាលកម្ពុជា ដែលលោកចាត់ទុកថា កើតឡើងដោយ ខុសរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាទីក្រុងប៉ារីស។
បើតាមកម្មវិធី ដែលបានគ្រោងទុក បេសកកម្មនៅក្រៅប្រទេស របស់លោក សម រង្ស៊ី មានរយៈពេលពីរសប្តាហ៍ ដោយលោកនឹងបន្តដំណើរ ទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីជំរុញឲ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់ រាជរដ្ឋាភិបាលកម្ពុជា និងរឹតបន្តឹងជំនួយ មកកម្ពុជា។ បេសកកម្មការទូតនេះ ត្រូវបានធ្វើទន្ទឹមពេលដែល នៅក្នុងប្រទេសកម្ពុជា មានរៀបចំមហាបាតុកម្ម នៅថ្ងៃទី២៣ ខែតុលា ផងដែរ។
លោក សម រង្ស៊ី បានចុះទៅចុះឈ្មោះ ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅការិយាល័យមួយ ក្នុងភូមិព្រែកតាគង់ទី១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានសាក្សីចំនួនពីរនាក់ ចូលរួមផងដែរ ហើយអ្វីដែលគួរឲ្យ កត់សម្គាល់នោះ គឺបន្ទាប់ពីចុះឈ្មោះ រួចហើយលោក សម រង្ស៊ី មិនទាន់មានគម្រោងថា តើនឹងចុះឈ្មោះ ជាតំណាងរាស្ត្រ នៅមណ្ឌលណានៅឡើយទេ៕
ប្រភពពី៖ www.watphnom-news.com
0 comments:
Post a Comment