រថយន្តក្រុងរបស់ក្រុមហ៊ុន កាពីតូល បុកម៉ូតូមួយទំហឹង ស្លាប់ស្ត្រីវ័យក្មេងម្នាក់
ខេត្តកំពង់ឆ្នាំង ៖ រថយន្តក្រុងរបស់ក្រុមហ៊ុន កាពីតូល មួយគ្រឿង បានបុកម៉ូតូឆ្លងកាត់ថ្នល់ ក្នុងទិសដៅស្របគ្នា កាលពីវេលាម៉ោង ៥និង២០ នាទីល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៣ នៅលើផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រលេខ១០៤និង១០៥ ចំណុចភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បណ្តាលឲ្យនារីវ័យក្មេងម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។
ជនរងគ្រោះឈ្មោះ សាន ចាន់រ៉ា ភេទស្រី អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិព្រាល ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ បានបើកម៉ូតូម៉ាកឌ្រីម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-9592 ឌុបនារីម្នាក់ទៀតឈ្មោះ ជន រដ្ឋា អាយុ ២១ ឆ្នាំ មានទីលំនៅជាមួយគ្នា ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៥ បានបត់ឆ្វេងឆ្លងថ្នល់ កាត់មុខរថយន្តក្រុង ពាក់ស្លាកលេខ ភ្នំពេញ 2A-2629 ក្នុងទិសដៅស្របគ្នា បណ្តាលអោយរថយន្តក្រុង ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុល ទៅបុកយ៉ាងពេញទំហឹងតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច ដឹកមកកាន់មន្ទីរពេទ្យខេត្ត ចំណែក ស្ត្រីវ័យក្មេងដែលស្លាប់ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់លំនៅឋាន ដើម្បីធ្វើបុណ្យ តាមប្រពៃណី។ ដោយឡែកអ្នកបើកបរ រថយន្តក្រុងបានចតរថយន្ត ទុកចោលនៅកន្លែងកើតហេតុ ហើយបានចុះរត់គេចខ្លួនបាត់ រីឯអ្នកធ្វើដំណើរ ត្រូវបានរថយន្តក្រុង មួយគ្រឿងទៀតមកទទួល៕
ប្រភពពី៖ www.watphnom-news.com
0 comments:
Post a Comment