តារាសម្ដែងភាពយន្តខ្មែរ អ្នកស្រី សុខ ស្រីមុំ ដែលល្បីល្បាញក្នុងអំឡុងចុងទសវត្ស៨០ និង៩០ ហើយបានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ក្នុងអំឡុងឆ្នាំ១៩៩៤ ដោយ នៅទីនោះអ្នកនាង បានច្រៀង និងសម្ដែង ដោយឋិតនៅក្នុងសំលៀកបំពាក់បែបសិចស៊ី ។
អាន៖ រូបថតអាក្រាតស្រីមុំ ដិតជាប់ក្រសែភ្នែក
អ្នកស្រី សុខ ស្រីមុំ លេងស្ទិលស៊ិចស៊ី (រូបថតក្នុងគេហទំព័រអ្នកស្រីស្រីមុំ)
អ្នកស្រី សុខ ស្រីមុំ វ័យ៤០ឆ្នាំ ដែលបានដើរតួសម្ដែងភាពយន្តរហូតដល់ទៅជាង១០០រឿងមកហើយនេះ គេសង្កេតឃើញថា បានបាត់មុខពីពិភពសិល្បៈនៅស្រុកខ្មែរ ប៉ុន្តែអ្នកនាងនៅតែច្រៀង និងសម្ដែងជាចម្រៀងកាយវិការម្ដងម្កាលនៅឯសហរដ្ឋអាមេរិក។ ក្រៅពីនេះ អ្នកស្រីបានប្រកបមុខរបរផ្សេងទៀតបន្ថែមលើអាជីពសិល្បៈ ដើម្បីរក ប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។
ទោះយ៉ាងណាក្ដី រហូតមកទល់នឹងពេលនេះ គេក៏មិនទាន់ដឹងដែរថា តើអ្នកនាងនៅតែបន្តអាជីពសិល្បៈឬយ៉ាងណានោះទេ? បើតាមរយៈគេហទំព័ររបស់អ្នកស្រី គេឃើញមានរូបថតមួយចំនួនបានបញ្ជាក់ពីការសម្ដែង ដែលការសម្ដែងនោះនៅត្រឹមចន្លោះពីឆ្នាំ ២០០៣-២០០៥ ប៉ុណ្ណោះ។
អាន៖ រូបថតមួយសន្លឹករំលឹកអនុស្សាវរីយ៍តារាខ្មែរល្បីទសវត្ស៩០
អ្នកស្រីមុំ ច្រៀង និងសម្ដែង ក្នុងអំឡុងឆ្នាំ ២០០៣-២០០៥
ម្ដងម្កាល អ្នកស្រី សុខ ស្រីមុំ ធ្លាប់បានមកលេងស្រុកខ្មែរ ប៉ុន្តែបច្ចុប្បន្ន អ្នកស្រីហាក់បាត់វត្តមានទាំងស្រុងនៅស្រុកខ្មែរនាពេលបច្ចុប្បន្ននេះ។ អ្នកស្រី សុខ ស្រីមុំ បានប្រឡូកក្នុងពិភពសិល្បៈភាពយន្តនៅឆ្នាំ១៩៨៩ ហើយអ្នកស្រី បានបន្សល់ទុកនូវការសម្ដែងជាង ១០០ រឿង មកហើយ។
មហាជនតែងតែកោតសរសើរអ្នកស្រី សុខ ស្រីមុំ ថា ជាតារាសម្ដែងមួយរូបមានទេពកោសល្យ ដោយសម្ដែងសក្ដិសមបំផុត ក្នុងឈុតក្រមិចក្រមើម រឡិករឡក់ ក្និកក្នក់ គួរឲ្យស្ងើចសរសើរ។ អ្នកស្រីកើតនៅក្នុងអំឡុងឆ្នាំ ១៩៧៣ នៅរាជធានីភ្នំពេញ។ អ្នកស្រីគឺជាកូនទី៤ ក្នុងចំណោមបងប្អូន៦នាក់។
អ្នកស្រី បានរៀបអាពាហ៍ពិពាហ៍ជាលើកដំបូងជាមួយ លោក ខៃ ចាន់តារា ហៅ អ៊ួក នៅឆ្នាំ១៩៩៣។ ប៉ុន្តែអ្នកទាំងពីរក៏បានលែងលះគ្នាក្រោយពីបានទៅរស់នៅសហរដ្ឋអាមេរិកបានប៉ុន្មានឆ្នាំ ដោយបានបន្សល់ទុកកូនប្រុសម្នាក់អាយុប្រមាណជា ២០ ឆ្នាំ គិតត្រឹមឆ្នាំ២០១៣នេះ។ នៅឆ្នាំ ២០០០ អ្នកស្រីបានជួបជាមួយស្វាមីក្រោយ ដែលជាជនបរទេសមានអាជីពជាផលិតករ ភាពយន្តនៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះ អ្នកស្រី សុខ ស្រីមុំ កំពុងរស់នៅសហរដ្ឋអាមេរិកយ៉ាងមានសុភមង្គល ហើយតាមរយៈរូបថត ក្នុងគេហទំព័ររបស់អ្នកស្រី ឃើញថា អ្នកស្រីហាក់នៅតែស្រស់ស្អាតដដែល បើទោះជាវ័យ៤០ឆ្នាំហើយក្ដី៕
មិត្តអ្នកអាន នៅពេលបានឮឈ្មោះ អ្នកស្រី សុខស្រីមុំ តើនឹកឃើញដល់ការសម្ដែងរបស់គាត់នៅចុងទសវត្ស៨០ និង៩០ ដែរទេ? តើពេញចិត្តចំពោះការសម្ដែងរបស់គាត់ដែរអត់? តោះ! មិត្តអ្នកអានជួយផ្ដល់យោបល់បន្ដិចមើល៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា
0 comments:
Post a Comment