Breaking News
Loading...
Friday, October 11, 2013

បើកសម្ពោធ វិមាន​ព្រះ​បរម​រូប សម្តេចព្រះ នរោត្តម សីហនុ​


ប្រភព៖ CEN

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែតុលា ឆ្នាំ​២០១៣ វិមាន​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ នឹង​ត្រូវ​បើក​សម្ពោធ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​សម្តេចម៉ែ មុនីនាថ សីហនុ ព្រមទាំង​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ប្រទេស​កម្ពុជា​។​

​ព្រះរាជ​ពិធី​សម្ពោធ​វិមាន​ព្រះ​បរម​រូប សម្តេចព្រះ នរោត្តម សីហនុ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ នឹង​មាន​ការផ្សាយ​ផ្ទាល់ តាមរយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា​។​

​ព្រះ​បរម​រូប សម្តេចព្រះ នរោត្តម សីហនុ ធ្វើ​អំពី​ស្ពាន់ មាន​កម្ពស់ ៤,៥ ម៉ែត្រ ទ្រង់​ឈរ​មួយ​ជំហរ ក្នុង​សម្លៀកបំពាក់​ខោអាវ​ធំ មិនមែន​ទ្រង់គ្រឿង​ជា​ព្រះរាជា តាម​ប្រពៃណី​ទេ​។ ព្រះអង្គ​អោបដៃ​សំយុង​មក​មុខ តម្កល់​លើ​ព្រះ​ផ្នែន មាន​កម្ពស់ ២,៧ ម៉ែត្រ សាងសង់ នៅលើ​ខឿន​រាង​ចតុកោណកែង មាន​បណ្តោយ ៥៤ ម៉ែត្រ និង​ទទឹង ២៧ ម៉ែត្រ​។ ព្រះ​បរម​រូប​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ត្រូវបាន​តម្កល់ ដោយ​បែរ​ព្រះភ័ក្ត្រ ទៅ​ទិស​ខាងកើត បែរ​ខ្នង ទៅ​វិមានឯករាជ្យ​។​

​ជា​ការកត់សម្គាល់ បន្ទាប់​ពី​ព្រះរាជ​ពិធី​សម្ពោធ​វិមាន​ព្រះ​បរម​រូប នៅ​ថ្ងៃ​នេះ​រួច​ហើយ គឺ​នៅ​ថ្ងៃទី​១៥​តុលា រាជរដ្ឋាភិបាល នឹង​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ១ ឆ្នាំ នៅ​វិមាន​ព្រះ​បរម​រូប នា​ព្រឹក​ថ្ងៃទី​១៥​តុលា​។​

​ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចេញប្រកាស កាលពី​ថ្ងៃ​ទី​១០​តុលា​ថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៤​តុលា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ពិធី​បង្សុកូល គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ នៅ​ទីស្នាក់ការ​គណបក្ស នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ហើយ​នៅ​វេលា​ម៉ោង ២ រសៀល ថ្ងៃទី​១៤​តុលា ថ្ងៃ​ដដែល លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដឹកនាំ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​៥ និង​ថ្នាក់ដឹកនាំ​ដទៃទៀត ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ នៅ​ទី​តម្កល់ ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ នៅ​សួនច្បារ​ខាងកើត វិមានឯករាជ្យ​៕​

King Father Statue

វិមានព្រះបរមរូប សម្តេចព្រះ នរោត្តម សីហនុ នៅលើសួនច្បារ ខាងកើតវិមានឯករាជ្យ ដែលរៀបចំព្រះរាជពិធីសម្ពោធ នៅព្រឹកថ្ងៃទី១១តុលា ( រូបថត៖ ស៊ីវ ចាន់ណា )

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved