Breaking News
Loading...
Friday, October 11, 2013

ស្តូបព្រះបរមរូប ព្រះបរម​រតន​កោដ្ឋ​​ស​ម្ពោធ ​នៅ​ព្រឹក​នេះ​ក្រោម​ព្រះ​រាជ​អធិ​បតី​ ព្រះ​មហា​ក្ស​ត្រ​និង​​សម្តេច​ម៉ែ


រាជធានីភ្នំពេញ៖ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ (សម្តេចឪនរោត្តមសីហនុ) ត្រូវសម្ភោធដាក់ឲ្យប្រជាពលរដ្ឋ និងភ្ញៀវបរទេសចូលគោរពព្រះវិញ្ញាណក្ខន្ឋ នៅព្រឹកថ្ងៃទី១១ តុលា ២០១៣នេះ ក្រោមព្រះរាជអធិបតីភាព ព្រះមហាក្សត្រកម្ពុជា នរោត្តមសីហមុនី និង សម្តេចម៉ែ ព្រមទំាងឥស្សរជនជាន់ ខ្ពស់ព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការនិងសិស្សានុសិស្សប្រមាណ១០០០នាក់ ដោយពុំមានប្រជាពលរដ្ឋចូលរួមនោះទេ ។

សូមបញ្ជាក់ថា ស្តូបព្រះបរមរូប ព្រះបរមរតនកោដ្ឋ ស្ថិតនៅសួនច្បារខាងកើតវិមានឯករាជ្យ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី២២ កុម្ភៈ ២០១៣ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

ស្តូបនោះ រចនាតាមទម្រង់បុស្បុក មានកម្ពស់សរុប ២៧ ម៉ែត្រ គិតពីបាតខាងក្រោមដល់កំពូល។ រីឯតួព្រះបរមរូប ធ្វើអំពីស្ពាន់ មានកម្ពស់ ៤,៥ ម៉ែត្រ ទ្រង់ ឈរលើព្រះផ្នែនមានកម្ពស់ ២,៧ ម៉ែត្រ សាងសង់ នៅលើខឿនរាងចតុកោណកែង មានបណ្តោយ ៥៤ ម៉ែត្រ ទទឹង ២៧ ម៉ែត្រ កម្ពស់ ០,៩ ម៉ែត្រ។

ការរចនាសម្ព័ន្ធបុស្បុក និងព្រះបរមរូប គឺត្រូវបានកំណត់យកខ្នាតទូទៅមួយ សុទ្ធតែមានលេខ ដែលអាចបូកផ្គុំបញ្ចូលគ្នា បានជាលេខ ៩ ទាំងអស់។

ព្រះមហាវីរក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានយាងចូលព្រះទិវង្គត កាលពីថ្ងៃទី១៥ តុលា ២០១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះរោគគាពាធ ហើយនៅថ្ងៃទី១៥ តុលា ២០១៣នេះជាខួបគំរប់១ឆ្នាំគត់ ដែលរាជរដ្ឋាភិបាលបានប្រកាសឲ្យមានការចូលរួមគោរពព្រះវិញ្ញាក្ខន្ឋព្រះបរមរតនកោដ្ឋនៅទូទំាងប្រទេស ៕

 

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved