Breaking News
Loading...
Monday, October 14, 2013

នគរបាលឃុំដីឥដ្ឋ ឃាត់ខ្លួនជន សង្ស័យម្នាក់ ពាក់ព័ន្ធករណី ប្រើអំពើហិង្សា ដោយចេតនា


កណ្តាល៖ យុវជនម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនា កាលពីម៉ោង១១យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅចំណុចវត្ត ដីឥដ្ឋ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ។

លោក អ៊ុង ស៊ីឡាក់ នាយប៉ុស្តិ៍រដ្ឋបាលឃុំដីឥដ្ឋ បាននិយាយថា ជនសង្ស័យ ឈ្មោះ ទឹម វណ្ណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះឈ្មោះ វ៉ាន់ រតនា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

ជនសង្ស័យ ទឹម វណ្ណា បានសារភាពចំពោះមុខនគរបាលប៉ុស្តិ៍ថា នៅថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូតាមបណ្តោយ ផ្លូវលេខ១ ក៏ជួបមិត្តភក្តិកំពុងផឹកស្រា២វង់ នៅមុខវត្តដីឥដ្ឋ ក៏ឈប់ម៉ូតូ ចូលផឹកជាមួយ ហើយធ្វើឲ្យបែកចានមួយ បង្កឲ្យឈ្លោះប្រកែកជាមួយឈ្មោះ វ៉ាន់ រតនា។ ពេលនោះ វ៉ាន់ រតនា ក្របួចកអាវខ្លួន ហើយមានបក្ខពួក វ៉ាន់ រត នា ព្រួតគ្នាវាយមកលើខ្លួន។

ទឹម វណ្ណា បានបន្តទៀតថា ដោយខ្លួនខឹងខ្លាំងពេក ក៏ទៅផ្ទះយកកាំបិតបុ័ងតោ២ មកកាប់ជនរងគ្រោះត្រូវ ១កាំបិត។ ដោយជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកកៀនស្វាយ។     

លោក ប៉ា សំអិត អធិការនគរបាលស្រុកបានប្រាប់ថា ករណីជនសង្ស័យ ដែលនគរបាលប៉ុស្តិ៍ដីឥដ្ឋធ្វើការចាប់ខ្លួននោះ ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ហើយ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved