Breaking News
Loading...
Monday, October 14, 2013

ជន​សង្ស័យ​លួច​ទ្រព្យ​សម្បត្តិ ពល​រដ្ឋ2ភូមិ​ព័ទ្ធចាប់​ខ្លួន​បាន វាយ​ទក់សាច់​រហូតដល់​ស្លាប់


ខេត្តក្រចេះ ៖ អ្នកស្រុកចំនួន២ភូមិ នៅក្នុងឃុំកញ្ជរ ស្រុកឆ្លូង ដែលមានចំនួនរាប់សិបនាក់បានសម្រេចកាត់ ទោសប្រហារជីវិតជនដៃដល់ក្នុងអំពើលួច មួយករណីរហូតដល់ស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១២ តុលា ខណៈជននេះបានចូលលួច សម្ភារនៅលើផ្ទះពលរដ្ឋចំនួន៤ខ្នងជាប់ៗគ្នា ហើយសមត្ថកិច្ចមិនអាចធ្វើអន្តរាគមន៍ទាន់ ។ ជនជាប់ចោទដែលអ្នកភូមិ លើកគ្នាវាយសម្លាប់នេះ ត្រូវបានគេដឹងថា ជាមនុស្សមានសតិមិនប្រក្រតី និងជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ព្រៃសចំនួន១៣ឆ្នាំ និងទើបតែដោះលែងកាលពីពេលថ្មីៗកន្លងទៅ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា ជនម្នាក់នេះឈ្មោះ ទី សំណាង អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី និងបានមកស្នាក់នៅបណ្តោះអាសន្នផ្ទះ បងប្អូនក្នុងឃុំកើតហេតុខាងលើ ។ ជនជាប់ចោទក្នុងអំពើលួចនេះ ត្រូវអ្នកភូមិជាង៥០នាក់ ប្រដាប់ដោយព្រនង់តូចធំ ដេញនិងព្រួតវាយសំពងស្ទើរទក់សាច់ បណ្តាលឱ្យស្លាប់នៅមាត់ប្រឡាយ ទឹកក្បែរផ្លូវលំមួយខាងក្រោយភូមិ ក្រោយពីជនម្នាក់នេះបានឡើងលួចទ្រព្យសម្បត្តិ ពលរដ្ឋតាមផ្ទះជាបន្តបន្ទាប់រួចមក ។ លោករវសេនីយ៍ត្រី ចាន់ សុផល្លា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានបន្ថែមថា នៅយប់កើតហេតុនោះ ជនសង្ស័យបានឡើងផ្ទះពលរដ្ឋចំនួន៤ផ្ទះ នៅក្នុងភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ដែលស្ថិតនៅជាប់ៗគ្នាជាបន្តបន្ទាប់ ដើម្បីលួចទ្រព្យសម្បត្តិ តែក្រោយពីអ្នកភូមិដឹង ក៏កើតមានការផ្អើលឆោឡោ និងព័ទ្ធស្ទាក់ចាប់ប្រដាប់ដោយព្រនង់ និងវត្ថុមុតស្រួចព្រួតគ្នាវាយសំពងរហូតដល់ស្លាប់ ។ ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ គឺជនសង្ស័យបានស្លាប់ទៅហើយ ។

អ្នកភូមិបាននិយាយថា បន្ទាប់ពីដឹងថា ជនម្នាក់នេះជាសមាសភាពមិនល្អ និងបានមកស្នាក់នៅក្នុងមូលដ្ឋាននេះ ពួកគាត់កើតមានការព្រួយបារម្ភជាខ្លាំងពីសុវត្ថិភាពរស់នៅ ។ ជាមួយគ្នានេះ ពួកគាត់ក៏បានស្នើឱ្យអាជ្ញាធរជួយ មានវិធានការបណ្តេញជនម្នាក់នេះ ចេញពីមូលដ្ឋាន តែអាជ្ញាធរនៅមិនទាន់មានចំណាត់ការនៅឡើយ ។ មន្ត្រីសិទ្ធិមនុស្សប្រចាំនៅខេត្តក្រចេះ ដែលបានចុះពិនិត្យមើលហេតុការណ៍នេះ ប្រាប់ឱ្យដឹងដែរថា ការស្លាប់របស់ជនសង្ស័យគឺបណ្តាលមកពីការ វាយសម្លាប់របស់អ្នកភូមិប្រាកដមែន មិនមែនជាបញ្ហារឿងបុគ្គលទេ ។

ទោះបីជាយ៉ាងណា មន្ត្រីសិទ្ធិមនុស្សបានបញ្ជាក់ថា មូលហេតុដែលឈានទៅដល់ការ កើតមានការវាយសម្លាប់ជនសង្ស័យនេះ គឺបណ្តាលមកពីអាជ្ញាធរមិនបានដោះស្រាយ កង្វល់របស់អ្នកភូមិឱ្យទាន់ពេលដែលពួកគាត់បានស្នើឱ្យ អាជ្ញាធរបណ្តេញជនម្នាក់នេះចេញពីមូលដ្ឋាន មុនសភាពការណ៍កើតឡើងនោះ ៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved