iPhone 5S បាន​ធ្លាក់​ថ្លៃ​យ៉ាង​លឿន​ស្ទើរ​តែ​គ្រប់​ហាង​លក់​ទូរសព្ទ​នានា​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ទូរសព្ទ​ដ៏​ទំនើប​របស់ Apple នេះ​ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​តម្លៃ​ខ្ពស់​កប់​ពពក​ ពេល​​ចេញ​លក់​លើ​ទីផ្សារ​ដំបូង​កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ។

នៅ​លើ​គេហទំព័រ​របស់​ហាង សុខ លី iPhone 5S ពណ៌​ស 16 GB ត្រូវ​គេ​ដាក់​លក់​ក្នុង​តម្លៃ​ជាង ៩០០ ដុល្លារ​តែ​ប៉ុណ្ណោះ ខណៈ​ដែល​នៅ​ហាង​លក់​ទូរសព្ទ​គួង​អ៊ី​ ក៏​ដាក់​លក់​ក្នុង​តម្លៃ​ប្រហាក់ប្រហែល​គ្នា​។

ចំណែក iPhone 5S ពណ៌​មាស​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​វិញ សម្រាប់​ទំហំ 16 GB តម្លៃ​លក់​លើ​ទីផ្សារ​ប្រហែល ១២០០ ដុល្លារ ខណៈ​ទំហំ 32 GB តម្លៃ​ប្រហែល ១៤០០ ដុល្លារ។

បើ​តាម​ការ​សង្កេត​ឃើញ​ថា iPhone 5S បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​មិន​ថា​ពណ៌​មាស, ពណ៌​ស និង​ពណ៌​ខ្មៅ ពេល​វាយ​លុក​ទីផ្សារ​ដំបូង​ តម្លៃ​លក់​គឺ​មិន​ក្រោម ១០០០ ដុល្លារ និង​ iPhone 5 ពណ៌​មាស​អាច​ឡើង​ជិត ២០០០ ដុល្លារ​​ក៏​មាន​ដែរ។

បើ​តាម​ម្ចាស់​ហាង​លក់​ទូរសព្ទ​ដ៏​ធំ​ សុខ លី ប្រាប់​ថា មិន​មាន​អ្វី​ប្លែក​នោះ​ទេ សម្រាប់​ទីផ្សារ​ឡើង​ចុះ​របស់ iPhone ស៊េរី​ថ្មី​។ ជាមួយ​គ្នា​នេះ លោក​បាន​បញ្ជាក់​ថា ការ​ធ្លាក់​ថ្លៃ​យ៉ាង​លឿន​នេះ ​ក៏​មិន​មែន​មាន​ន័យ​ថា iPhone 5S លែង​ជា​ទី​ពេញ​និយម​នោះ​ដែរ គឺ​នៅ​តែ​មាន​អតិថិជន​ទិញ​ច្រើន​ជា​ធម្មតា។

យ៉ាង​ណា គេ​ជឿជាក់​ថា តម្លៃ iPhone 5S នឹង​បន្ត​ធ្លាក់​ថ្លៃ​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ។

សូម​រង់ចាំ​មើល​ហាង​ឆេង​តម្លៃ​ទូរសព្ទ​ដែល Update នៅ​ពេល​បន្តិច​ទៀត​នេះ។

អត្ថបទ៖ ប៊ុណ្ណារ៉ា