ប្រិយមិត្ត​ដឹង​ហើយ​ថា កន្លង​ទៅ​នេះ Google កំពុង​រៀបចំ​ដំណើរការ​ថត​ទិដ្ឋភាព​ទាំង​ឡាយ​នៃ​ប្រទេស​កម្ពុជា យក​ទៅ​បង្ហាញ​នៅ​លើ Google Map ដោយ​ជ្រើសរើស​យក​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​ជា​គោលដៅ។

​រថយន្ត​ Google ដែល​បង្ហាញ​ខ្លួន​គួរ​ឲ្យ​សង្ស័យ​​នៅ​ខេត្ត​សៀម រាប

ដោយ​ឡែក​ស្រាប់​តែ​ថ្មីៗ​នេះ គេ​ឃើញ​រថយន្ត Google បាន​បង្ហាញ​ខ្លួន​យ៉ាង​ភ្ញាក់ផ្អើល​នៅ​តំបន់​ទេសចរ​ដ៏​ល្បីល្បាញ​ឯ​ខេត្ត​សៀមរាប ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​សង្ស័យ​និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

យ៉ាង​ណា​ប្រភព​មិន​បាន​បញ្ជាក់​ថា ការ​បង្ហាញ​ខ្លួន​របស់​រថយន្ត​ Google គឺ​ក្នុង​ដំណើរ​ចាប់ផ្ដើម​​ការងារ​​នៅ​ទី​នោះ ដូច​តាម​គម្រោងការ​ដំបូង​របស់​ខ្លួន​ឬ​យ៉ាង​ម៉េច​នោះ​ទេ។

កម្ពុជា​ជា​ប្រទេស​ទី ៥១ នៅ​លើ​ពិភពលោក និង​ជា​ប្រទេស​ទី ៥ ក្នុង​តំបន់​អាស៊ាន ដែល Google បាន​បើក​សេវា​មើល​រូប​ភាព​តាម​ដង​ផ្លូវ​តាម​អ៊ីនធឺណិត។ រថយន្ត​ដែល​មាន​ភ្ជាប់​ជាមួយ​ម៉ាស៊ីន​ថត​ដ៏​ពិសេស នឹង​ចាប់​ផ្តើម​ប្រតិបត្តិការ​ប្រមូល​រូប​ភាព​តាម​តំបន់​ជា​គោលដៅ​ដោយ​ផ្តិតនៅ ផ្លូវ​, សំណង់,​ តំបន់​រមណីយដ្ឋាន តំបន់​ប្រាសាទ​បុរាណ​ផ្សេងៗ​ និង​អគារ​ពាណិជ្ជកម្ម​ធំ​ៗ​ក្នុង​ប្រទេស ដើម្បី​បង្ហាញ​ដល់​ពិភពលោក។

គេ​ជឿជាក់​ថា នា​ពេល​ឆាប់​ៗ​ខាង​មុខ ​ប្រជាជន​នៅ​គ្រប់​ទិស​ទី​នឹង​អាច​ទស្សនា​ទិដ្ឋភាព​​ពិត​ៗ​នៅ​តាម​ដង ​ផ្លូវ​សាធារណៈ​នៅ​កម្ពុជា​ រួម​ទាំង​តំបន់​ប្រវត្តិសាស្រ្ត​ដូចជា​តំបន់​រមណីយដ្ឋាន​អង្គរ​​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បន្ទាប់​ពី​ក្រុម​ហ៊ុន Google ចាប់​ផ្តើម​អនុវត្ត​សេវា​បង្ហាញ​រូបភាព​ក្នុង​​ប្រព័ន្ធ​ផែន​ទី Google Map នៅ​កម្ពុជា​។ ជាមួយ​គ្នា​នេះ​គេ​រំពឹង​ថា​ ការ​ងារ​ទាំង​នេះ​នឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ធ្វើ​ឲ្យ​ពិភពលោក​ទាំង​មូល​ស្គាល់​កម្ពុជា​កាន់​តែ​ច្បាស់ តាម​រយៈ​រូបភាព​ដែល​បង្ហាញ​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត។

ក្រៅ​ពី​ប្រទេស​កម្ពុជា Google បាន​ដំណើរការ​នៅ​តាម​ប្រទេស​ចំនួន ៥0 ទៀត​ដែល​អាច​បើក​មើល Street Views បាន​មាន​ដូច​ជា៖ Åland Islands, Isle of Man, San Marino, អង់ដូរ៉ា, អង់តាកទិច, អូស្ត្រាលី, អូទ្រីស, បែលហ្សិក, ប្រេស៊ីល, កាណាដា, ឈីលី, ក្រូអាត, សាធារណរដ្ឋ​ឆែក, ដាណឺម៉ាក, អេស្តូនី, បារាំង, ហ្វាំងឡង់, អាល្លឺម៉ង់, ក្រិក, ហុងកុង, ឥណ្ឌា, អ៊ីរ៉ាក់, អៀរឡង់, អ៊ីតាលី, អ៊ីស្រាអែល, ជប៉ុន, ជេស៊ី, ឡេតូនី, ម៉ាកាវ, ម៉ិកស៊ីកូ, ម៉ូណាកូ, ហុឡង់ដ៍, ន័រវែស, នូវែលហ្សេឡង់, ប៉ូឡូញ, ព័រទុយហ្គាល់, កាតារ, រូម៉ានី, រុស្សី, សិង្ហបុរី, អាហ្វ្រិក​ខាង​ត្បូង, កូរ៉េខាងត្បូង, អេស្ប៉ាញ, ស៊ុយអែត, ស្វីស, ថៃ, តៃវ៉ាន់, អ៊ុយក្រែន, ចក្រភពអង់គ្លេស និង​ សហរដ្ឋអាមេរិក។

Sabay នឹង​ព្យាយាម​ស្វែង​រក​ព័ត៌មាន​ពី​ដំណើរការ​ការងារ​របស់​រថយន្ត Google នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្សាយ​ជូន​ព័ត៌មាន​នៅ​លើ​ក្រោយ​ទៀត។

យល់​ដឹង​ពី​របៀប​ដៅ​ផែន​ទី​លើ Google Map សូម​ចុច​ទី​នេះ

​អត្ថបទ៖ ប៊ុណ្ណារ៉ា
ប្រភព៖ siemreap.net