Cellcard ដែល​ជា​បណ្តាញ​ទូរសព្ទ​ចល័ត​លំដាប់​ថ្នាក់​លេខ ១ នៅ​កម្ពុជា បាន​រៀបចំ​បើក​សម្ពោធ​កម្មវិធី Cellcard Rewards ក្នុង​គោលបំណង​ផ្តល់​ដល់​អតិថិជន​នូវ​អត្ថប្រយោជន៍​បន្ថែម និង​គុណ​តម្លៃ​ពិសេស​លើស​ពី​សេវា​ទូរគមនាគមន៍។

លោក អៀន វ៉ាតសុន នាយក ប្រតិបត្តិ ក្រុមហ៊ុន Cellcard

កម្មវិធី Cellcard Rewards ជា​កម្មវិធី​ដ៏​ធំ​បំផុត​ផ្តល់​ជូន​ពិសេស​សម្រាប់​អតិថិជន Cellcard ទាំង​អស់ ដោយ​ផ្តល់​ការ​បញ្ចុះ​តម្លៃ​លើ​ទំនិញ និង​សេវាកម្ម​ផ្សេងៗ​នៅ​តាម​បណ្ដា​ហាង​លក់​ល្បីៗ​នានា​ដែល​រួម​មាន​ដូចជា​ភោជនីយដ្ឋាន, ហាង Spas, ហាង​កែសម្ផស្ស, ហាង​លក់​គ្រឿង​ទេស ព្រម​ទាំង​ហាង​លក់​ទំនិញ​ជាង ១៥០០ កន្លែង​ទូទាំង​ប្រទេស​កម្ពុជា ដែល​គ្រប​ដណ្តប់​គ្រប់​ស្ថានភាព​នៃ​ជីវិត​រស់នៅ​របស់​អតិថិជន។

លោក អៀន វ៉ាតសុន នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Cellcard បាន​ឲ្យ​ដឹង​ថា នេះ​ជា​ការ​បញ្ជាក់​អះអាង​សាជាថ្មី​របស់ Cellcard ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​អតិថិជន ដោយ​ផ្តល់​ជូន​នូវ​សេវាកម្ម​និង​តម្លៃ​ដ៏​ល្អ​បំផុត ព្រម​ទាំង​ជំរុញ​កិត្តិនាម​ក្នុង​នាម​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​លេខ ១ នៅ​ក្នុង​ប្រទេស។

លោក​បន្ត​ថា៖ “អតិថិជន​របស់ Cellcard ត្រូវ​បាន​ផ្តល់​សិទ្ធិ​ទាំង​ស្រុង​ ក្នុង​ការ​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​ទៅ ៥០ ភាគរយ​នៅ​គ្រប់​ទី​កន្លែង​មាន​ស្លាក​សញ្ញា Cellcard Rewards Partner។

យោង​តាម​គុណ​តម្លៃ​ក្នុង​ការ​បន្ថែម​សេវា​នេះ Cellcard មិន​តម្រូវ​ឲ្យ​អតិថិជន​ភ្ជាប់​គម្រោង​ឬ​បង់​កម្រៃ​សេវា​នោះ​ទេ គឺ​ផ្តល់​អាទិភាព​សម្រាប់​អតិថិជន​របស់ Cellcard ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​ទូរសព្ទ យ៉ាង​តិច​បំផុត​ក្នុង​រយៈ​ពេល ៣ ខែ ទើប​ពួកគេ​អាច​ទទួល​បាន​កាត​បញ្ចុះ​តម្លៃ​ដើម្បី​ទិញ​ទំនិញ​នៅ​តាម​បណ្តា​ហាង​ជា​ដៃគូ​របស់​ក្រុមហ៊ុន។

Cellcard នឹង​ចេញ​យុទ្ធនាការ​ដ៏​ធំ Cellcard Award ដែល​នឹង​ចាក់​ផ្សាយ​តាម​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ចាប់​ពី​ថ្ងៃ ៣០ កញ្ញា ដែល​យុទ្ធនាការ​នេះ​ចាប់ផ្តើម​ដំណើរការ​ស្រប​ជាមួយ​នឹង​ការ​ផ្សព្វផ្សាយ​យ៉ាង​រហ័ស​មុន​គេ ដែល​ផ្តល់​ជូន​អតិថិជន​ចំនួន ៥០០០ នាក់​ដំបូង ដែល​មក​ប្តូរ​យក​កាត​រង្វាន់​នៅ​តាម​បណ្តា​ហាង​ការិយាល័យ Cellcard ដែល​ផ្តល់​រង្វាន់​ភ្លាមៗ។