Breaking News
Loading...
Monday, September 30, 2013

កម្ពស់​ទឹក​នៅ​ភ្នំពេញ ឡើង​ជិត​ដល់​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​


ប្រភព៖ CEN

ភ្នំពេញ: ទឹកទន្លេ​មេគង្គ​នៅតែ​បន្ត​ជន់​ឡើង អាច​នឹង​ឡើងដល់​កម្រិត​កម្ពស់ ដែល​ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រយ័ត្ន សម្រាប់​រាជធានី​ភ្នំពេញ​។ ឯ​នៅ​តំបន់​សមុទ្រ​វិញ នឹងមាន​ខ្យល់​បក់បោក​ខ្លាំងៗ និង​រលក​សមុទ្រ​ខ្ពស់​ពីថ្ងៃ​ទី​២៩​កញ្ញា ដល់​ថ្ងៃទី​២ ខែតុលា​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជានា​យក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​និយាយ​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣ ថា ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ បាន​ស្រក​ចុះ​បន្តិច តែ​នៅ​ខេត្តកំពង់ចាម និង​ស្ថានីយ​ជលសា​ស្ត្រ នៅ​ទន្លេមេគង្គ​ក្រោម ទន្លេបាសាក់ និង​ទន្លេសាប នៅ​ភ្នំពេញ បន្ត​ជន់​ឡើង​ថែមទៀត​។​

​មន្ត្រី​អ្នកនាំពាក្យ​ខាងលើ បញ្ជាក់ថា ទឹកទន្លេ​មេគង្គ នៅ​ភាគ​ខាងលើ នឹង​ហក់​ឡើងវិញ ពេល​ព្យុះ​ទី​២១ ឈ្មោះ វូ​ទីព មាន​ឥទ្ធិពល​ដល់​អាង​ទន្លេមេគង្គ​លើ ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ ព្រម​ពេល​ជាមួយនេះ នៅ​តំបន់​មាត់សមុទ្រ នឹងមាន​ខ្យល់​បកបោក​ខ្លាំង និង​មាន​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី​២៩ ខែកញ្ញា ដល់​ថ្ងៃទី​២ ខែតុលា​។​

​លោក​បាន​អំពាវនាវ សូម​បងប្អូន​ប្រជា​នេសាទ​សមុទ្រ​ត្រូវ​ផ្អាក​ការនេសាទ និង​ផ្អាក​ការធ្វើដំណើរ​តាម​សមុទ្រ ដូចដែល​ក្រសួង​ធនធានទឹក បាន​ជូនដំណឹង​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣​។​

​នៅ​ថ្ងៃទី​២៨ ខែកញ្ញា​នេះ លោក ចាន់ យុ​ត្ថា បញ្ជាក់ថា ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ​របស់​ក្រសួង​ធនធានទឹក បានចេញ​ដំណើរ​ទៅតាម​មូលដ្ឋាន ដែលមាន​ជំនន់​ទឹកភ្លៀង អស់ហើយ ដើម្បី​ជួយ​អន្តរាគមន៍ ដោយមាន​ទាំង​គ្រឿងចក្រ​ជាច្រើន​គ្រឿង បាន​ត្រៀម​រួចជាស្រេច      តែ​ខេត្ត ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកទន្លេ មិនអាច​ជួយ​អ្វី​បាន​ក្រៅពី​ការជម្លៀស​នោះទេ​។​

​ការព្យាករណ៍​របស់​នា​យក​ដ្ឋា​ន​ជលសា​ស្ត្រ នៅ​ថ្ងែ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣ បង្ហាញ​ឲ្យ​ឃើញថា នៅ​ស្ថានីយ​ជលសា​ស្ត្រ ខេត្តស្ទឹងត្រែង ទឹក​មាន​កម្ពស់ ១១,០២ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៧ ខែកញ្ញា ០,៣១ ម៉ែត្រ​។ ស្ថានីយ​ជលសា​ស្ត្រ​ខេត្តក្រចេះ ទឹក​មាន​កម្ពស់ ២២,៦៤ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៧ ខែកញ្ញា ០,០៥ ម៉ែត្រ​។ នៅ​ស្ថានីយ​ជលសា​ស្ត្រ ខេត្តកំពង់ចាម ទឹក​មាន​កម្ពស់ ១៥,៩៧ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៧ ខែកញ្ញា ០,០៦ ម៉ែត្រ​។ នៅ​ស្ថានីយ​ជល​សាស្ត្រ​ទន្លេបាសាក់​-​ចតុមុខ ទឹក​មាន​កម្ពស់ ១០,១១ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៧ ខែកញ្ញា ០,១៣ ម៉ែត្រ​។ នៅ​ស្ថានីយ​ជល​សាស្ត្រ​អ្នក​លឿង ៧, ៤២ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៧ ខែកញ្ញា ០,១៤ ម៉ែត្រ និង​នៅ​ស្ថានីយ​ទឹក​មាន​កម្ពស់ ៧,៧២ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៧ ខែកញ្ញា ០,០៥ ម៉ែត្រ​។ កម្ពស់​ទឹក​នៅ​បឹង​ទន្លេសាប នៅ​ស្ថានីយ​ជលសា​ស្ត្រ កំពង់​ហ្លូ​ង មាន​កម្ពស់ ៧,៨១ ម៉ែត្រ​។​

​រំលឹក​ឲ្យ​ដឹងថា នៅ​រាជធានី​ភ្នំពេញ នឹងត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​អំពី​គ្រោះទឹកជំនន់ នៅពេល​ទឹកទន្លេ​មេគង្គ​នៅ​ស្ថានីយ​ជលសា​ស្ត្រ ទន្លេបាសាក់​-​ចតុមុខ ឡើងដល់​កម្រិត​កម្ពស់ ១០,៥០ ម៉ែត្រ នៅ​ថ្ងៃទី​២៨​ខែកញ្ញា​នេះ ទឹកបាន​ឡើងដល់​កម្ពស់ ១០,១១ ម៉ែត្រ បានន័យថា នៅ​ខ្វះ ០,៤០ ម៉ែត្រ​ទៀត គឺ​ឡើងដល់​កម្រិត​កម្ពស់ ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ហើយ​៕​

Flood_Water_Danger_CEN_28_09_13-(1)

 

 

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved