Breaking News
Loading...
Thursday, September 19, 2013

ព្រះមហាក្សត្រ​មិនព្រម​ពន្យារ​ពេល​កិច្ចប្រជុំ​​សភា​​ដំបូង​ តាម​សំណើ​បក្ស​​ប្រឆាំង​​ទេ​


វិទ្យុបារាំងអន្តរជាតិ៖ ព្រះមហាក្សត្រ​សម្តេច​ព្រះបរមនាថ ​នរោត្តម​ សីហមុនី​ មិន​បាន​យល់​ព្រម​តាម​សំណើរបស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​សុំ​ ពន្យារ​ពេល​កិច្ចប្រជុំ​សភា​ដំបូង​នោះទេ។
ការបដិសេធ​មិន​ព្រម​ពន្យារ​ពេល​កិច្ចប្រជុំ​នេះ​ បាន​ធ្វើ​ឡើង​តាមរយៈ​ ព្រះរាជសារ​ នៅថ្ងៃ​ពុធ​ទី​១៨​​កញ្ញា​នេះ​ ផ្ញើ​ជូន​អ្នកតំណាងរាស្ត្រ​ គណបក្ស​ប្រឆាំង។​ ព្រះអង្គ​នៅ​តែ​រក្សាជំហរ​គោរព​តាម​រដ្ឋធម្មនុញ្ញ​មាត្រា​៨២​ ដែល​តម្រូវ​ឲ្យ​ព្រះមហាក្សត្រ​កោះប្រជុំ​សភា​ដំបូង ​៦០​ថ្ងៃ​យ៉ាងយូរ​ក្រោយ​ ការបោះឆ្នោត។
សំណើ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​សុំ​ឲ្យ​ ព្រះមហាក្សត្រ​ពន្យារពេល​កិច្ចប្រជុំ​សភា​ដំបូង​នោះ​ មិន​បាន​សម្រេច​ទេ។ ​តាមរយៈ​ព្រះរាជសារ​ចុះ​ថ្ងៃទី​ ១៨ កញ្ញា​នេះ​ សម្តេច​ព្រះបរមនាថ​ នរោត្តម ​សីហមុនី​ បាន​បញ្ជាក់​ថា​ ព្រះអង្គ​នឹង​យាង​ជាព្រះរាជ​អធិបតី​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​សភា​ដំបូង​  នៅ​ថ្ងៃ​ទី​២៣ ​កញ្ញា​ ទៅ​តាម​ការ​គ្រោង​ទុក។
ព្រះរាជសារ​នេះ​គឺជា​ការឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​អ្នកតំណាងរាស្ត្រ​ គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ទូល​ថ្វាយ​ព្រះអង្គ​អំពី​បញ្ហា​ជុំវិញ​ ការបោះឆ្នោត ​និង​បាន​សុំ​ឲ្យ​ព្រះអង្គ​ពន្យារ​ពេល​ការកោះប្រជុំ​សភា​ដំបូង។ ​ប៉ុន្តែ ​ដោយ​សម្អាង​លើ​មាត្រា ​៨២ ​នៃ​រដ្ឋធម្មនុញ្ញ​ ព្រះមហាក្សត្រ​បាន​បញ្ជាក់​ថា​ ព្រះអង្គ​នឹង​នៅ​តែ​រក្សា​ការកោះប្រជុំ​នេះ​ ព្រម​ទាំង​ចូល​រួម​ធ្វើ​ជា​អធិបតី​នៃ​កិច្ចប្រជុំ​នេះ​ដដែល​។

សូម​បញ្ជាក់​ថា​ មាត្រា ​៨២​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា​ រដ្ឋសភា​បើក​កិច្ចប្រជុំ​ដំបូង​ ៦០​ថ្ងៃ​យ៉ាង​យូរ​ក្រោយ​ការបោះឆ្នោត​ តាម​ការកោះប្រជុំ​របស់​ព្រះមហាក្សត្រ។ ​ក្នុង​ន័យ​នេះ ព្រះអង្គ​ក៏បាន​ស្នើ​សុំ​ជា​ថ្មី​ទៀត​ឲ្យ​អ្នកតំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង ​អស់​ ចូល​រួម​ក្នុងសម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​ដើម្បី​បង្ហាញ​នូវ​ ការរួបរួម​ និង​ឯកភាព​ជាតិ។

កាលពី​ថ្ងៃ​ទី​១៤​ កញ្ញា ​ព្រះមហាក្សត្រ ​សម្តេច​ព្រះបរមនាថ ​នរោត្តម​ សីហមុនី ​បាន​ប្រគល់​លិខិត​កោះអញ្ជើញ​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង ​១២៣​ នាក់ ​ឲ្យ​ទៅ​គណបក្ស​ទាំង​ពីរ ​ក្នុង​នោះ​មាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​ កម្ពុជា ​៦៨​ នាក់ ​និង​គណបក្ស​សង្គ្រោះជាតិ​ ៥៥​ នាក់។ ​ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំងអស់​ចូលរួមប្រជុំ​ សភា​ដំបូង​នេះ​ផង​ដែរ។

ប៉ុន្តែ ​ភ្លាមៗ​ក្រោយពី​ទទួល​បាន​លិខិត​កោះអញ្ជើញ​ គណបក្ស​សង្គ្រោះជាតិ​បាន​កោះ​ប្រជុំ​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​ ខ្លួន ​និង​បាន​សម្រេច​ថា ​ពួកគេ​នឹង​មិន​ចូល​ប្រជុំឡើយ​ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​នៃ​ការបោះឆ្នោត។ ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ក៏បាន​ផ្ញើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ វិញ​នៅ​ថ្ងៃ​ដដែល​នោះ ​ដោយ​សុំ​ឲ្យ​ព្រះអង្គ​ពន្យារ​ពេល​កិច្ចប្រជុំ​នេះ​ សិន។ ​ប៉ុន្តែ ​សំណើ​នេះ​មិន​ត្រូវ​បាន​ព្រះមហាក្សត្រ​យល់​ស្រប​ទេ។

​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ជូន​ដំណឹង ​នៅ​ថ្ងៃ​អង្គារ​ទី​១៧​កញ្ញា​  ថា​​កិច្ច​ប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃ​ទី​២៣​ កញ្ញា​ នឹង​ធ្វើ​ឡើង​ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ​ និង​ត្រូវ​ផ្សាយ​បន្តផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ ​និង​វិទ្យុ​ជាតិ​ទៀត​ផង៕
-----------
ដោយ ប៉ែន បូណា
ប្រភពពីៈ នាវា

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved