គ្រាន់​តែ​បិណ្ឌ​មួយ​ចូល​មក​ដល់​​ បុរសៗ​ចាប់​ផ្ដើម​លាន់​មាត់​សរសើរ​ពី​សម្រស់​នារី​ខ្មែរ​ដែល​ស្លៀក​សំលៀក​បំពាក់​ប្រពៃណី​អាវ​ប៉ាក់​សំពត់​ហូល​មិន​ដាច់​ពី​មាត់​សោះ។ តើ​យុវជន​ខាង​ក្រោម​លួច​សរសើរ​ពី​នារីៗ​យ៉ាង​ម៉េច​ខ្លះ​ទៅ?​ តោះ​ទៅ​ស្ដាប់​ទាំង​អស់​គ្នា!

និស្សិត​ប្រុស​ ឡៅ​ ឈុន​ហេង សិក្សា​ជំនាញ​បច្ចេកទេស​ ដែល​ធ្លាប់​តែ​ឃើញ​មិត្តភ័ក្ដិ​ស្រីៗ​ស្លៀក​ខោ​ខៅប៊យ ​ពាក់​អាវ​សាមញ្ញ ដល់​ពេល​បាន​ឃើញ​​​នារី​​ៗ​ពាក់​អាវ​ប៉ាក់​ សំពត់​ហូល​ទៅ​​វត្តកាល​ពី​ព្រឹក​ម្សិល​មិញ​​ បាន​លួច​សរសើរ​ពួក​នាង​ថា ស្អាត​មិន​ដាច់​ពី​ម៉ាត់។

និស្សិត​រូប​នេះ​បន្ត​ទៀត​ថា៖ “យូរៗ​ឃើញ​គេ​ពាក់​ម្តង ប្លែក​ភ្នែក​​ហ្មង​ មើល​ទៅ​រម្យ​ទុំ​ហើយ​ស្អាត​ទៀត។ ចាំ​មើល​តែ​បន្តិច​ទៀត​ស្រីៗ​នាំ​គ្នា​ថត​រូប​ស្លៀក​ពាក់​អាវ​ប៉ាក់​បង្ហោះ​ពេញ Facebook  វា​ល្អ​ដែរ​ដែល​គេ​ស្រឡាញ់​សំលៀក​បំពាក់​​ប្រពៃណី​ខ្មែរ“។

ចំណែក​ឯ​ លោក​ សាម​ អេង​លាង វិញ​រឹត​តែ​ពេញ​ចិត្ត​នឹង​សម្រស់​មិត្ត​ស្រី​របស់​ខ្លួន​នៅ​ពេល​ដែល​ឃើញ​នាង​ស្លៀក​ពាក់​អាវ​ប៉ាក់​ សំពត់​បត់។ អេង​លាង បាន​បញ្ជាក់​ថា៖ “​ពេល​គេ​ស្លៀក​ពាក់​អីចឹង​ទៅ​ប្លែក​មែន​ទែន គឺ​ប្លែក​ស្អាត​ មើល​ទៅ​សុភាព​រាប​សារ ព្រោះ​វា​ជា​អាវ​សំពត់​ប្រពៃណី​ខ្មែរ​យើង បង្ហាញ​ពី​ភាព​សមសួន​របស់​នារី​ខ្មែរ។ ម្យ៉ាង​ខ្ញុំ​ថា​ គេ​ស្លៀក​បែប​នោះ​ទៅ​វត្ត​ មិន​មែន​មាន​តែ​ខ្ញុំ​ទេ​ពេញ​ចិត្ត អ្នក​ដទៃ ​ឬ​ចាស់ៗ​ប្រហែល​ជា​គាត់​លួច​សរសើរ​នាង​ដូច​គ្នា”។

​លើក​ឡើង​ស្រដៀង​នឹង​សុភាព​បុរស​ទាំង​ពីរ​នាក់​ខាង​លើ​ សិស្ស​ប្រុស​ ស៊ូ​ គឹម​ឆេង បាន​ប្រាប់​ឲ្យ​ដឹង​ថា ​គេ​សឹង​តែ​មើល​មិន​ស្គាល់​មិត្តភ័ក្ដិ​ខ្លួន​ឯង​ដោយ​សារ​តែ​ពួក​គេ​តុប​តែង​ខ្លួន​ទៅ​វត្ត​ក្នុង​សំលៀក​បំពាក់​សំពត់​ហូល ​អាវ​ប៉ាក់។ សិស្ស​វិទ្យាល័យ​រូប​នេះ​​បន្ត​ទៀត​ថា៖ “ធ្លាប់​តែ​ឃើញ​គេ​ស្លៀក​ខោ​អាវ​សិស្ស​ធម្មតា ដល់​ពេល​ឃើញ​ស្លៀក​បែប​ប្រពៃណី​អីចឹង ស្អាតៗ​ហើយ​គួរ​ឲ្យ​ស្រឡាញ់​ទាំង​អស់។ ម្យ៉ាង​ទៀត​ស្លៀក​បែប​នោះ​សម​ជា​នារី​ខ្មែរ​ ហើយ​ថ្លៃ​ថ្នូរ​ទៀត​ផង”។

យ៉ាង​ណា​មិញ​មិន​មែន​មាន​តែ​បុរស​ទេ​ដែល​លួច​សរសើរ​ស្រីៗ សូម្បី​តែ​ស្រីៗ​គ្នា​ឯង​ក៏​លួច​សរសើរ​គ្នា​ឯង​ដែរ។ ​កញ្ញា​ សេង សោភ័ណ្ឌ​ ដែល​ជា​គ្រូ​បង្រៀន​នៅ​សាលា​ឯក​ជន​មួយ​ ដាក់​បិណ្ឌ​នៅ​វត្ត​លង្កា​ព្រឹក​​ម្សិល​មិញ​នេះ​​ បាន​លើ​ឡើង​ថា៖ “ឃើញ​គេ​ពាក់​ម៉ូត​ស្អាតៗ​មិន​សិចស៊ី​ ពាក់​ចេញ​មក​សម​ៗ​ សម​ទាំង​រាង​ សម​ទាំង​ភ្នែក​អ្នក​ផង​ទៀត។ ស្រីៗ​គ្រាន់​តែ​ពាក់​អាវ​ប៉ាក់​ សំពត់​ហូល ​លើក​ឲ្យ​សម្រស់​​កាន់​​​តែ​ស្អាត​ថែម​មួយ​កម្រិត រួម​ទាំង​​​ការ​តុប​តែ​មុខ​ ធ្វើ​សក់​បន្តិច​ទៀត​ទៅ ​ស្រស់ៗ​គ្រប់​គ្នា​តែ​ម្ដង”៕

តើ​អ្នក​វិញ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ឃើញ​នារីៗ​ពាក់​អាវ​ប៉ាក់​សំពត់​ហូល?

មើល​​ទិដ្ឋភាព​​ផ្សេង​​ទៀត​ទាក់​ទង​នឹង​​បុណ្យ​ភ្ជុំ​បិណ្ឌ

អត្ថបទ៖ ផល្លា សុម៉ាលីណា