ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន​ បាន​ប្រកាស​ឲ្យ​កុមារ​អាយុ​ចន្លោះ​ពី​៨​ដល់​១៣​ឆ្នាំ​ទាំង​ពីរ​ភេទ​ ចូលរួម​ហ្វឹកហាត់​ និង​សិក្សា​ពី​ការ​លេង​បាល់ទាត់​ត្រឹមត្រូវ​តាម​ស្តង់ដារ​ ក្នុង​ជំហាន​ដំបូង​នៃ​សាលា​បាល់ទាត់​របស់​ខ្លួន​ ដែល​ធ្វើ​ឡើង​នៅ​ទីលាន​សិប្បនិម្មិត​ 3G​ និង​ Rama។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្លិប។​

អគ្គលេខាធិការ​ក្លិប​ភ្នំពេញ​ក្រោន​ លោក​ លី​ ហៀង​ ពន្យល់​ថា​ គោល​បំណង​ធំ​របស់​កម្មវិធី​នេះ​ ដើម្បី​បណ្ដុះបណ្ដាល​កុមារ​អាយុ​ពី​៨ដល់​១៣​ឆ្នាំ​ ដែល​វ័យ​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ស្ថិត​ក្នុង​យុគ​មាស​ ឲ្យ​យល់​ពី​ការ​លេង​បាល់​តាម​បទដ្ឋាន​បច្ចេកទេស​ដ៏​ត្រឹមត្រូវ​ ស្រប​តាម​បាល់ទាត់​សម័យ​ទំនើប។​ ប្រសិន​បើ​ គម្រោង​នេះ​ដំណើរ​ការ​បាន​ល្អ​ ក្រោន​នឹង​បង្កើន​ចំនួន​កន្លែង​ហ្វឹកហាត់​របស់​ខ្លួន​ ឲ្យ​បាន​ពាសពេញ​ទីក្រុង​ភ្នំពេញ​ និង​អាច​ពង្រីក​ខ្លួន​ទៅ​ដល់​បណ្ដា​ខេត្ត​នានា​ទៀត​ផង។​ បើ​ដូច្នោះ​មែន​ ធនធាន​កីឡាករ​-ការិនី​ បាល់ទាត់​កម្ពុជា​នឹង​មិន​ពិបាក​រក​ទៀត​ឡើយ។​

រូបថត៖ Facebook PPCFC

ចំពោះ​ការ​ហ្វឹកហាត់​សាកល្បង​ឥត​គិត​ថ្លៃ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦​កញ្ញា​ ទី​១០​ និង​ទី​១៧​ តុលា​ ចាប់​ពី​ម៉ោង​៤​និង​៣០​នាទី​ នៅ​ទីលាន​បាល់ទាត់​ 3G​ មុខ​រដ្ឋសភា​ជាតិ​ និង​នៅ​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​ ទី​១១​ និង​ទី​១៨​ ខែ​តុលា​ ចាប់​ពី​ម៉ោង​៤​និង​៣០​នាទី​ដូចគ្នា​ នៅ​ទីលាន​បាល់ទាត់​ Rama​ ទួលគោក។​ អ្នក​ចូលរួម​ទាំងអស់​នឹង​ត្រូវ​ទទួល​បាន​ការ​បង្ហាត់​បង្ហាញ​ពី​សំណាក់​ គ្រូ​បង្វឹក​កាន់​ A License លោក​ Sam Schweingruber​ និង​លោក​ ប៊ួយ​ ដារី​ គ្រូបង្វឹក​ B License​ ព្រមទាំង​អ្នក​ជំនាញ​បាល់ទាត់​មួយ​ចំនួន​ទៀត។​

លោក​អគ្គលេខាធិការ​ដដែល​បញ្ជាក់​បន្ថែម​ថា​ ចំពោះ​ក្មេង​ៗ​ដែល​បាន​ចូល​ហ្វឹកហាត់​ក្នុង​វគ្គ​សាកល្បង​ដំបូង​ដូច​បាន​រៀបរាប់​ខាងលើ​ នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​៥០​ភាគរយ​ សម្រាប់​ការ​ចុះ​ឈ្មោះ​នៅ​វគ្គ​ហ្វឹកហាត់​បង់ប្រាក់។​ មាតាបិតា​ឬ​អាណាព្យាបាល​ មាន​ចំណាប់​អារម្មណ៍​ឲ្យ​កូន​ចៅ​របស់​លោក​អ្នក​ចូល​ហ្វឹកហាត់​ជាមួយ​ភ្នំពេញ​ក្រោន​ សូម​ទាក់​ទង​តាម​ទូរសព្ទ​លេខ​ ០២៣ ៦៦៦ ០៤៣៦។​

ភ្នំពេញ​ក្រោន​ជា​ក្លិប​បាល់ទាត់​អាជីព​មួយ​ ដែល​បាន​បង្កើត​ក្រុម​កីឡាករ​ថ្នាល​មុន​គេ​បង្អស់​នៅ​កម្ពុជា។​ ក្លិប​មួយ​នេះ​ធ្លាប់​គ្រង​ជើងឯក​លីក​កំពូល​៤​ដង​ លើក​ពាន​ Hun Sen Cup​ ចំនួន​២​ដង​ និង​ធ្លាប់​ឆ្លង​ទៅ​​ជុំ​ផ្ដាច់​ព្រ័ត្រ​​ព្រឹត្តិការណ៍​ AFC President’s Cup ២ដង៕​