ថ្ងៃ​ដែល​អតិថិជន​គាំទ្រ​ផលិតផល iPhone ទន្ទឹង​រង់ចាំ​​​ការ​​ចេញ​លក់ iPhone 5S និង iPhone 5C ​​បាន​មក​ដល់​ហើយ។ ​ដូ​ច​ការ​គ្រោង​ទុក​ ថ្ងៃ​សុក្រ​នេះ ​​​Apple ​​​​ បាន​​​បញ្ចេញ​លក់ iPhone ជំនាន់​ថ្មី​ទាំង​ពីរ​ម៉ូដែល​នេះ​ហើយ​ នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន។

នៅ​ទីក្រុង Sydney ប្រទេស​អូស្រ្តាលី

​​អូស្ត្រាលី​ជា​ប្រទេស​ដែល​មាន iPhone ថ្មី​ទាំង​ពីរ​ម៉ូដែល​បាន​ចេញ​លក់​មុន​គេ ​ពោល​គឺមុន​ប្រទេស​ទាំង ១១​ ដែល Apple បាន​ប្រាប់​តាំង​ពី​ថ្ងៃ​ប្រកាស iPhone 5S/5C នៅ​ថ្ងៃ​ទី ១០ម្ល៉េះ។ នៅ​អូស្ត្រាលី​តំណាង​ចែកចាយ Apple នៅ​ទីនោះ​ នឹង​ចាប់​បើក​លក់​ពី​ម៉ោង ៨ព្រឹក (ម៉ោង​ក្នុង​តំបន់)។

បុរស​ឈ្មោះ Ben Pasternak គឺ​ជា​អ្នក​ដែល​ទិញ​បាន iPhne 5S និង iPhone 5C មុន​គេ ដូច​មាន​នៅ​ក្នុង​រូប​ខាង​លើ។ តាម​ប្រភព​គេ​គេហទំព័រ cnet បាន​ឱ្យ​ដឹង​តម្លៃ iPhone 5C នៅ​អូស្ត្រាលី​ប្រហែល ៦៩៨ដុល្លារ​អាមេរិក ខណៈ iPhone 5S តម្លៃ​ប្រហែល ៨២០ដុល្លារ​អាមេរិក (តម្លៃ​បាន​រួម​បញ្ចូល​ថ្លៃ​ពន្ធ ហើយ​ជា iPhone Original)។

បណ្ដា​ប្រទេស​ដែល Apple បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា​នឹង​ចេញ​លក់ iPhone 5S/5C រួម​មាន៖ អាមេរិក កាណាដា ចិន បារាំង អាល្លឺម៉ង់ ជប៉ុន សិង្ហបុរី និង​អង់គ្លេស។ ដោយ​សារ​តែ​ល្វែង​ម៉ោង​ខុស​គ្នា​ខ្លះ ​គួប​ផ្សំ​នឹង​គោលការណ៍​​ក្រុមហ៊ុន​កំណត់​ម៉ោង​ដាក់​លក់​នោះ​ ទើប​ប្រទេស​មួយ​ចំនួន​ដែល​មាន​ឈ្មោះ​ខាង​លើ​មិន​ទាន់​បាន​ចេញ​លក់​នៅ​ឡើយ។

ទិដ្ឋភាពអតិថិជន​រង់ចាំ​ទិញ iPhone នៅ​ Tokyo (​ជប៉ុន)

ទិដ្ឋភាព​អតិថិជន​រង់ចាំ​ទិញ iPhone នៅ​ New York (អាមេរិក)

តាម​ដែល Apple ធ្លាប់​បានប្រាប់​រួច​មក​ថា iPhone 5S នឹង​លក់​នៅ​អង់គ្លេស​តម្លៃ ៨៦០ដុល្លារ (16GB) ៩៩០ដុល្លារ (32GB) និង​ទំហំ 64GB តម្លៃ ១១២០ដុល្លារ​អាមេរិក។ ព័ត៌មាន​ពី​តម្លៃ iPhone ទាំង​ពីរ​យើងខ្ញុំនឹង​ជូន​ដំណឹង​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ។