ភ្នំពេញ : កម្មករសំណង់ ៤នាក់ បានរងរបួសធ្ងន់ ដោយសារតែខ្សែកាប្លិ៍ ស្រូប និងឆក់ ខណ:ដែលពួកគេ កំពុងធ្វើសំណង់ផ្ទះល្វែង ស្ថិតនៅតាមផ្លូវចូលវត្តអម្ពវ័ន្ត ស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤ និង៥០ នាទី ល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤នេះ ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង៤នាក់ ត្រូវបានរថយន្តសង្រ្គោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកមានជ័យ ដឹកមកសង្រ្គោះភ្លាមៗ ហើយក្រុមគ្រូពេទ្យ បានដាក់សេរ៉ូម និងខ្យល់អុកស៊ីសែន រួចផុតពីសេចក្តីស្លាប់ ។ ស្រ្តីជាម្តាយជនរងគ្រោះម្នាក់ ដែលរងរបួសធ្ងន់ បាននិយាយថា នៅវេលាម៉ោង កើតហេតុខាងលើ កូនប្រុស របស់គាត់ ឈ្មោះ នុន ភារុណ អាយុ២២ឆ្នាំ និងកម្មករសំណង់ ៣នាក់ផ្សេងទៀត បាននាំគ្នាលើកដែកក្តារពុម្ព ដើម្បីចាក់សសរនៃសំណង់ផ្ទះល្វែង ស្រាប់តែខ្សែកាប្លិ៍ដ៏ធំ ស្ថិតនីពីខាងលើ បានស្រូបដែកដែលជាក្តារ ពុម្ពសសរ បណ្តាលឲ្យជនរង គ្រោះទាំង៤នាក់ រងរបួសតែម្តងទៅ ។
ក្រោយកើតហេតុ សាច់ញាតិ ជនរងគ្រោះ និងកម្មករផ្សេងទៀត បាននាំគ្នាយកដីខ្សាច់ និងភក់ មកលាប លើដងខ្លួន ជាការជួយសង្រ្គោះបឋម ខណ:ដែលអ្នកខ្លះទៀត បានទូរស័ព្ទសុំអន្តរាគមន៍ ពីសមត្ថកិច្ច និងរថយន្ត សង្រ្គោះបន្ទាន់ ។
ជនរងគ្រោះទាំង៤នាក់ ស្ថិតក្រោមការជួយសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកមានជ័យ រួមមានទី១ឈ្មោះ នុន ភារុណ អាយុ ២២ឆ្នាំ , ទីឈ្មោះ ជឹម សំអុល អាយុ ៣៩ឆ្នាំ, ទី៣ឈ្មោះ រឿន រស់ អាយុ ៤១ឆ្នាំ និងទីឈ្មោះ សៅ ឆ្លូញ អាយុ២២ឆ្នាំ ដែលជនរងគ្រោះទាំង៤នាក់ រស់នៅក្នុងភូមិសង្កាត់កើតហេតុ ។
យ៉ាងណាក៏ដោយ នៅមិនទាន់ដឹងថា តើម្ចាស់សំណង់ឈ្មោះ ទី ពៅ ភេទស្រី អាយុ៤៥ឆ្នាំ ចេញថ្លៃព្យាបាល និងឧបត្ថម្ភ ប៉ុន្មាននោះឡើយ។ជាមួយគ្នានេះ ចៅសង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ លោក លីវ វណ្ណថេង បានជួយអន្តរាគមន៍ បញ្ជូនជនរងគ្រោះទាំង៤នាក់ មកកាន់មន្ទីរ ហើយក៏ចុះមកមើលស្ថានភាព ជនរងគ្រោះ ដល់មន្ទីរពេទ្យផងដែរ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
ប្រភពពី៖ www.khmerload.com
0 comments:
Post a Comment