ក្រោយ​ឈ្នះ​មេដាយ​សំរឹទ្ធិ​១​ក្នុងប្រភេទ​កីឡា​​សី​​ឈិនឡុង ក្រុម​កម្ពុជា​បាន​ឈរ​នៅ​លេខ​រៀង​ទី​៤​ក្នុង​តារាង​មេដាយ​សរុប​ក្នុង​ថ្ងៃ​ដំបូង​ ​គឺ​ថ្ងៃ​ទី​៤ ខែ​ធ្នូ​ម្សិលមិញ​នេះ។

ចំណែក​​ថ្ងៃ​នេះវិញ (​៥ ធ្នូ) ​​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ក្នុង​វិញ្ញាសា​មួយ​ផ្សេង​ទៀត​​ក្នុង​ប្រភេទ​កីឡា​ដដែល​នេះ​ តើ​​យើង​​អាច​ឈ្នះ​មេដាយ​ទី​២​បាន​ដែរ​ឬ​ទេ?

ពិធី​បង្ហូត​ទង់​ជាតិ​ក្រុម​ឈ្នះ​មេដាយ​ផ្នែក​​នារី Event 2 កាល​ពី​ម្សិលមិញ (រូបភាព៖ 27seagames2013)

មេដាយ​សំរឹទ្ធិ​ដែល​កម្ពុជា​ទទួល​បានកាល​ពី​ម្សិលមិញ ​គឺ​វិញ្ញាសា​ផ្នែក​នារី​ (Women’s Linking) Event 3 ដែល​មាន​៤ប្រទេស​ចូលរួម​ប្រជែង​យក​មេដាយ ដែល​ជា​លទ្ធផល​ក្រុម​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា​ឈ្នះ​មេដាយ​មាស ថៃ​បាន​មេដាយ​ប្រាក់ ខណៈ​កម្ពុជា និង​ម៉ាឡេស៊ី​ទទួល​បាន​មេដាយ​សំរឹទ្ធិ។​

នៅ​ថ្ងៃ​ម្សិលមិញ​ដូច​គ្នា​នោះ ក៏​មាន​ការ​ប្រកួត​វិញ្ញាសា​បុរស​ ក្នុង Event 3​ ដូច​គ្នា​ដែរ ប៉ុន្តែ​មិន​មាន​កម្ពុជា​ក្នុង Event នោះ​ទេ ពោល​គឺ​មាន​៥ប្រទេស​គឺ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឡាវ សិង្ហបុរី និង​ថៃ។ លទ្ធផល​គឺ​មីយ៉ាន់ម៉ា​បាន​មេដាយ​មាស ថៃ​មេដាយ​ប្រាក់ រី​ឯ​ម៉ាឡេស៊ី និង​ឡាវ​បាន​មេដាយ​សំរឹទ្ធិ។

នៅ​ថ្ងៃ​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ដណ្ដើម​មេដាយ​លើ​២វិញ្ញាសា​ទៀត​ផង​ដែរ ខណៈ​កម្ពុជា​ចូល​រួម​ចំនួន​១វិញ្ញាសា។ វិញ្ញាសា​ដែល​កម្ពុជា​ចូល​រួម​គឺ​ផ្នែក​បុរស Event 2។ នៅ​ក្នុង Event 2 ផ្នែក​បុរស​នោះ មាន​ប្រទេស​៥ចូលរួម​ គឺ កម្ពុជា ឡាវ ម៉ាឡេស៊ី សិង្ហបុរី និង​ថៃ។ ក្រុម​១​ដែល​បាន​ពិន្ទុ​ក្រោម​គេ នឹង​មិន​បាន​មេដាយ​នោះ​ទេ ខណៈ​ក្រុម​ដែល​ស្ថិត​នៅ​លេខ​រៀង​ទី​៣ និង​ទី​៤ បាន​មេដាយ​សំរឹទ្ធិ។ រី​ឯ​ក្រុម​២ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ នឹង​ត្រូវ​ប្រកួត​គ្នា​​ដណ្ដើម​មេដាយ​មាស និង​ប្រាក់។

ចំណែក​វិញ្ញាសា​ផ្នែក​នារី ក្នុង Event 2 ដែរ​នោះ គឺ​មាន​តែ​៣ប្រទេស​ប៉ុណ្ណោះ គឺ ឡាវ ម៉ាឡេស៊ី និង​ថៃ ពោល​គឺ​មិន​មាន​កម្ពុជា​នោះ​ទេ។

ចំ/ថ្នាក់ ប្រទេស មាស ប្រាក់ សំរឹទ្ធិ សរុប
១​ មីយ៉ាន់ម៉ា
២​ ថៃ​ ០​ ២​ ០​ ២​
៣​ ម៉ាឡេស៊ី ០​ ០​
៤​ កម្ពុជា​ ០​ ០​ ១​ ១​
៥​ ឡាវ​ ០​ ០​ ១​ ១​
៦​ ប្រ៊ុយណេ ០​ ០​ ០​ ០​
៧​ ឥណ្ឌូណេស៊ី ០​ ០​ ០​ ០​
៨​ ហ្វីលីពីន ០​ ០​ ០​ ០​
៩​ សិង្ហបុរី​ ០​ ០​ ០​ ០​
១០​ ទីម័រខាងកើត ០​ ០​ ០​ ០​
១១​ វៀតណាម ០​ ០​ ០​ ០​

បើ​យោង​តាម​កាលវិភាគ​ប្រកួត គឺ​ក្រុម​កីឡា​ឈិនឡុង​ផ្នែក​បុរស​របស់​កម្ពុជា នឹង​ត្រូវ​ចាប់ផ្ដើម​នៅ​ម៉ោង​១១ ដល់​ម៉ោង​១២ថ្ងៃ​ត្រង់​នៅ​មីយ៉ាន់ម៉ា ដែល​ត្រូវ​នឹង​ម៉ោង ១១:៣០ ដល់​១២:៣០​នៅ​កម្ពុជា ខណៈ​ក្រុម​៤​ផ្សេង​ទៀត​ធ្វើ​ការ​ប្រកួត​មុន​នោះ។​​

ប្រសិន​​បើ​​យើង​អាច​​រក​បាន​ពិន្ទុ​ស្ថិត​នៅ​លំដាប់​ទី​១ ឬ​ទី​២ យើង​នឹង​បន្ត​ប្រកួត​ដណ្ដើម​មាស​​នៅ​ម៉ោង​៣រសៀល​បន្ត​ទៀត (៣:៣០នាទី​នៅ​កម្ពុជា) តែ​ប្រសិន​បើ​បាន​ពិន្ទុ​ក្នុង​លំដាប់​ទី​៣ និង​ទី​៤ យើង​នឹង​ឈ្នះ​មេដាយ​សំរឹទ្ធិ​​​តែ​ម្ដង ខណៈ​លំដាប់​ទី​៥ គឺ​មិន​បាន​ទទួល​មេដាយអ្វី​​នោះ​ឡើយ។

​​​កុំ​ភ្លេច​ចាំ​អ៊ុត​ទាំង​អស់​គ្នា​ណា ថា​តើ​កម្ពុជា អាច​មាន​លទ្ធផល​ក្ដោប​យក​មេដាយ​ទី​២​របស់​ខ្លួន​បាន​ដែរ​ឬ​ទេ​ថ្ងៃ​នេះ?

ចំណែក​​ប្រិយមិត្ត​វិញ មាន​ពាក្យ​អ្វី​ជូនពរ​ក្រុម​កម្ពុជា​ពី​ចម្ងាយ​ដែរ​ឬ​ទេ?

ចង់​ដឹង​ច្បាស់ ថា​តើ​អ្វី​ទៅ​ជា​កីឡា​សី​ឈិនឡុងយើងខ្ញុំនឹង​ជម្រាប​ជូន​ប្រិយមិត្ត​នៅ​ពេល​បន្ទាប់​ទៀត​នេះ៕

អត្ថបទ៖ សុខ សុវត្ថិ