ស្រប​ពេល​ដែល iPhone 5S ទទួល​បាន​ការ​ពេញ​និយម​ប្រើ​យ៉ាង​ច្រើន​កុះករ​នៅ​តាម​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​នោះ ស្រាប់​តែ​ថ្នាក់​ដឹកនាំ​កំពូល​មួយ​រូប​របស់​ក្រុមហ៊ុន Google ដែល​ជា​ម្ចាស់ Android OS បាន​សរសេរ​លើក​ស្ទួយ​ទូរសព្ទ​ដែល​ប្រើ mobile OS របស់​ខ្លួន​ថា មិត្តភ័ក្ដិ​របស់​លោក​ដែល​ប្រើ iPhone នឹង​ប្ដូរ​ទៅ​ប្រើ Android Smartphone វិញ​។

លោក Eric Schmidt មាន​នាទី​ជា​Executive Chairman

ទាំង​នេះ​ពុំ​មាន​អ្វី​ចម្លែក​នោះ​ទេ ដែល​លោក Eric Schmidt ប្រធាន​ផ្នែក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ស្វែង​រុករក​ដ៏​ធំ Google លើក​ជើង Android OS របស់​ខ្លួន​នោះ។ លោក​បាន​សរសេរ​បង្ហោះ​ជា​សាធារណ​នៅ​លើ​បណ្ដាញ​​សង្គម Google+ ដោយ​ពាក្យ​សំដី​ផ្ទាល់​របស់​លោក​ថា៖ “មិត្តភ័ក្ដិ​ខ្ញុំ​ជា​ច្រើន​ដែល​ប្រើ iPhone កំពុង​ប្ដូរ​មក​ប្រើ Android វិញ​ហើយ”។ “ជា​កំពូល Smartphone របស់​ក្រុមហ៊ុន Samsung (Galaxy S4) របស់ Motorola (Droid Ultra) និង LG Nexus 5” ដែល​មាន​អេក្រង់​ល្អ​ជាង iPhone លឿន​ជាង និង interface ងាយ​ស្រួល​ប្រើ”។

ស្របគ្នា​នោះ​ដែរ លោក Eric បាន​បង្ហាញ​ពី​របៀប​ចុះ​ឈ្មោះ​គណនី Google ដល់​អតិថិជន​ថ្មី សម្រាប់​ប្រើ​នៅ​លើ Android device ដើម្បី​អាច​ទាញ​យក​កម្មវិធី នាំ​យក contact ទុក sync តន្ត្រី​ទុក​ជា​ដើម។ នៅ​ចុង​បញ្ចប់​នៃ Post អ្នក​ដែល​បាន​ដើរ​ចេញ​ពី Apple ឋានៈ​ជា​ក្រុមប្រឹក្សា​នាយក​តាំង​ពី​ឆ្នាំ ២០០៩ និង​ជា​អ្នក​ផ្ដល់​គំនិត​លើ web browser នោះ​បាន​បញ្ចេញ​គំនិត​របស់​ខ្លួន​ថា៖ “ច្បាស់​ណាស់ ប្រើ​កម្មវិធី Chrome គឺ​ល្អ​ជាង និង​លឿន​ជាង​កម្មវិធី Safari របស់ Apple ហើយ​មិន​គិត​ថ្លៃ​ទៀត”៕

អត្ថបទ៖ សង្គ្រាម​ត្រជាក់​រវាង Google និង Apple កំពុង​បន្សាប

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ theverge