ខណៈ​ពេល​ដែល​កេរ្តិ៍​ឈ្មោះ One Direction ​កំពុង​តែ​ល្បីល្បាញ មាន​ព័ត៌មាន​លេច​ឮ​ថា​ពួក​គេ​បម្រុង​នឹង​ចែក​ផ្លូវ​គ្នា។ ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​នេះ សមាជិក​ក្រុម​ទាំង​អស់​បាន​ចេញ​មុខ​បក​ស្រាយ​ តាម​រយៈ​ការ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី Billboard ​នា​ពេល​ថ្មី​ៗ​នេះ។ តើ​ពួក​គេ​មាន​គម្រោង​ចែក​ផ្លូវ​គ្នា​មែន​ទេ?

Simon Cowell​ ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ចម្រៀង​នេះ ក៏​ទទួល​ស្គាល់​ដែរ​ថា “នៅ​ទី​បញ្ចប់​ ពួក​គេ​អាច​នឹង​ចែក​ផ្លូវ​គ្នា ហើយ​ពួក​គេ​ប្រហែល​ជា​ចង់​ចាប់​អាជីព​រៀង​ៗ​ខ្លួន ក៏​ប៉ុន្តែ​ទម្រាំ​ដល់​ពេល​នោះ វា​នៅ​យូរ​ណាស់។”

អាន៖ យ៉ាង​ម៉េច​វិញ​បើ G-Dragon និង Justin Bieber ចេញ​បទ​ថ្មី​រួម​គ្នា?

សមាជិក Liam បាន​និយាយ​ថា “ពួក​យើង​ពិត​ជា​ចូល​ចិត្ត​អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅ​ពេល​នេះ។ ពួក​យើង​គ្មាន​បំណង​ផ្លាស់​ប្ដូរ​អ្វី​ទេ។”

Niall ក៏​បាន​បន្ថែម​ដែរ​​ថា “ខ្ញុំ​មាន​មិត្ត​រួម​ក្រុម​បួន​នាក់​ទៀត​កំពុង​ដើរ​លើ​ផ្លូវ​ជាមួយ​គ្នា ខ្ញុំ​មិន​មាន​អារម្មណ៍​ថា​ឯកោ​ឡើយ។ ពួក​យើង​ប្រាកដ​ជា​មិន​បែក​គ្នា​ឡើយ។”

ក្រៅ​ពី​ពាក្យ​សម្ដី​អ្វី​ដែល​បង្ហាញ​ថា​ពួក​គេ​មិន​ចែក​ផ្លូវ​គ្នា​ គឺ​ថា​ពួក​គេ​បាន​បន្ត​កុងត្រា​ថ្មី ដែល​ពួក​គេ​នឹង​ត្រូវ​ចេញ​អាល់ប៊ុម​ថ្មី​ចំនួន​បី​ទៀត។ អាល់ប៊ុម​បន្ទាប់​របស់​ពួក​គេ​ប្រហែល​ជា​អាច​ចេញ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ក្រោយ។​

នៅ​ថ្ងៃ​នេះ One Direction ទើប​តែ​ចេញ​អាល់ប៊ុម​ថ្មី​ “Midnight Memories” ដែល​រំពឹង​​ថា​នឹង​ទទួល​បាន​ជោគជ័យ​​យ៉ាង​ក្រាស់ក្រែល។ មុន​នេះ​បន្តិច​ក្រុម​ល្បី​​រួម​ត្រកូល Jonas Brothers ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ល្បីៗ​របស់​អាមេរិក​រាប់​មិន​អស់​ក៏​បាន​ឈាន​ដល់​ផ្លូវ​បំបែក​ដែរ។