ដំណឹង​ល្អ​សម្រាប់​ប្រិយ​មិត្ត​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android លែង​មាន​ការ​ព្រួយ​បារម្ភ​ថា​មិន​មាន​​ក្ដារចុច​និង​មើល​ភាសាខ្មែរ​បាន​ទៀត​ហើយ។ ថ្មីៗ​នេះ Google បាន​បំពាក់​ក្តារ​ចុចនិង​ហ្វុង​អក្សរ​ខ្មែរ​​រួចជា​ស្រេច​នៅ​លើ​ Smartphone ដែល​ដើរ​ដោយ​ប្រព័ន្ធ​ដំណើរការ​ជំនាន់​ចុងក្រោយ​របស់​ខ្លួន​គឺ KitKat។ ជា់ក់ស្តែង Nexus 5 ដែល​ជា​សមិទ្ធផល​រួម​គ្នា​រវាង LG និង Google និង​ទើប​ចេញ​លក់​នៅ​​​លើ​ទីផ្សារ​​គឺ​មាន​​បំពាក់​ក្តារចុច និង​ហ្វុង​អក្សរ​ខ្មែរ​មក​ជាមួយ​ស្រាប់​។

Nexus 5 ​ជា​ទូរសព្ទ​កំពូល​លំដាប់​លេខ ២ ចុះ​​លេខ​ ១​ម៉ាក​អ្វី?

រូបភាព​នៃ​ការ​សាក​ល្បង​ប្រើ​ប្រាស់​

យោង​តាម​លោក​ បូវី ឈុន​ឡេង​ ជា​អ្នក​ជំនាញ​លើ​ប្រព័ន្ធ​​ប្រតិបត្តិការ​ Android មួយ​រូប​បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃ​ទី​ ១​ ដើម​ខែ​ វិច្ឆិកា​ នេះ​មាន​ ទូរសព្ទ​មួយ​ប្រភេទ​គឺ​ LG Nexus 5 បាន​ដាក់​លក់​លើ​ទី​ផ្សារ​នៅ​សហរដ្ឋ​អាមេរិក។ ​ទូរសព្ទ​ប្រភេទ​នេះ​បាន​ប្រើ​ប្រាស់​ប្រតិបត្តិការ Android ជំនាន់​ក្រោយ​គេ​បង្អស់​នៅ​លើ​ពិភពលោក​គឺ Versions 4.4 ដែល​មាន​ឈ្មោះ​ថា Kit Kat

លោក​ថា ​អ្វី​ដែល​ពិសេស​សម្រាប់​ប្រទេស​កម្ពុជា​និង​មោទនភាព​សម្រាប់​ពលរដ្ឋ​​​កម្ពុជា​គឺ​ Google បាន​ដាក់​បញ្ចូល​ក្ដារចុច​ និង​ហ្វុង​អក្សរ​ខ្មែរ​ស្រាប់​នៅ​លើ​ Android ជំនាន់​ចុង​ក្រោយ​នេះ។

“ចាប់​តាំង​ពី​ Version មុនៗ​ស្មាត​ហ្វូន​ទាំង​អស់​​មាន​ការ​បំបែក​ Versions សិន​ ទើប​អាច​បញ្ចូល​ភាសាខ្មែរ​និង​ ក្ដារចុច​បាន”។

លោក​បញ្ជាក់​ថា ហេតុ​ដែល​ Google ជា​ក្រុម​ហ៊ុន​យក្ស​ផ្នែក​បច្ចេកវិទ្យា​មួយ​នៅ​លើ​ពិភពលោក​សម្រេច​ដាក់​របស់​ ដែល​តំណាង​ជាតិ​សាសន៍​របស់​ខ្មែរ​​គឺ ដោយ​សារ​តែ​មាន​ Developer ខ្មែរ​ជា​ច្រើន​បាន​ជ្រំ​ជ្រែង​យ៉ាង​ខ្លាំង​ខ្លា​បំផុត​លើ​វិស័យ​បច្ចេកវិទ្យា​មួយ​នេះ​។ ជាង​នេះ​ទៅ​ទៀត​ Google បាន​សម្លឹង​ឃើញ​ថា​ទីផ្សារ​ Android មាន​ការ​​គាំទ្រ និង​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​​នៅ​​ក្នុង​ប្រទេស​កម្ពុជា​។

ដូច្នេះ តាម​រយៈ​ការ​បំពាក់​ក្តារ​ចុច​​និង​ហ្វុង​អក្សរ​ខ្មែរ​ខ្មែរ​​នៅ​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​​ពិភពលោក​បាន​ស្គាល់​ប្រទេស​កម្ពុជា​ កាន់​តែ​ច្រើន​តាម​រយៈ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​នេះ។​​​

អត្ថបទ៖ ដារ៉ា​ឆានី