កីឡាករ​ក្រុម​​បិសាច​ក្រហម​ Manchester United ម្នាក់ៗ​ភ័យ​លួស​ព្រលឹង​មិន​ស្ទើរ​ទេ​ពេល​យន្តហោះ​ដែល​ដឹក​ពួក​គេ​ទៅ​ប្រកួត​ Champions League នៅ​អាល្លឺម៉ង់​យប់​នេះ ជួប​បញ្ហា​ពេល​​ចុះចត។

នៅ​ពេល​សល់​តែ​៤០០ម៉ែត្រ​ទៀត​​ដល់​ផ្លូវ​រត់ (ចុះចត) ​របស់​អាកាសយានដ្ឋាន Cologne អាកាសយានិក​បាន​បង្ខំ​ចិត្ត​មិន​ចុះចត ហើយ​បញ្ជា​យន្តហោះ​ឡើង​ទៅ​កម្ពស់​ធម្មតា​វិញ​យ៉ាង​ប្រញាប់ប្រញាល់​​ជា​ទីបំផុត។ ការ​បង្វែរ​ទិសដៅ​យន្តហោះ​​ភ្លាមៗ​ដែល​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ពេញ​យន្តហោះ​នោះ គឺ​ដោយ​សារ​តែ​​អ្នក​កាន់​ចង្កូត​យន្តហោះ​របស់​ក្លិប​អ្នក​មាន​​អង់គ្លេស​មួយ​នេះ ​បាន​​សង្កេត​ឃើញ​​មាន​យន្តហោះ​មួយ​ទៀត​កំពុង​​នៅ​លើ​ផ្លូវ​រត់​នៃ​​ព្រលាន​យន្តហោះ​​នោះ​រួច​ទៅ​ហើយ។

Ashley Young និង Jonny Evans នៅ​ព្រលាន​យន្តហោះ Manchester មុន​ហោះ​ទៅ​អាល្លឺម៉ង់

យ៉ាង​ណា​ក្ដី យន្តហោះ​នោះ​បាន​ចុះចត​ដោយ​សុវត្ថិភាព​នៅ​ក្នុង​ការ​ប៉ុនប៉ង​ចុះចត​លើក​ទី​២។ ក្រោយ​កើត​ហេតុ អ្នក​បើក​យន្តហោះ​បាន​មក​សូមទោស​ដល់​ក្រុម​ Manchester United ផង​ដែរ។

ចំណែក​ខាង​ក្លិប​វិញ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ជុំវិញ​ហេតុការណ៍​នេះ​ទេ ខណៈ​ខ្សែ​ការពារ Rio Ferdinand បាន​សរសេរ​ក្នុង Twitter របស់​ខ្លួន​​ថា មក​ទល់​ពេល​នេះ​ ខ្លួន​ទើប​តែ​មាន​អារម្មណ៍​ធម្មតា​ឡើង​វិញ​ប៉ុណ្ណោះ​ ក្រោយ​ការ​ចុះចត​​ដ៏​យ៉ាប់​នៅ​អាល្លឺម៉ង់​នោះ។

នៅ​យប់​នេះ បិសាច​ក្រហម នឹង​ត្រូវ​ជួប​ក្រុម​ម្ចាស់​ផ្ទះ Bayer Leverkusen វេលា​ម៉ោង ២:៤៥នាទី​រំលង​អាធ្រាត្រ។ លទ្ធផល​ឈ្នះ​ នឹង​នាំ​ឲ្យ​ក្លិប​ជើង​ឯង​អង់គ្លេស​មួយ​នេះ ជាប់​ទៅ​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ជា​ស្វ័យប្រវត្តិ។​

​​​​​​​​​​​​កាល​ពី​ឆ្នាំ​១៩៥៨ ក្លិប​ Man Utd ធ្លាប់​ជួប​ហេតុការណ៍​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដោយ​សារ​កីឡាករ​៨នាក់ និង​មន្ត្រី​របស់​ក្លិប​៣នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់៕

David Moyes និយាយ​ក្នុង​សន្និសីទ​កាសែត​មុន​ប្រកួត​យប់​នេះ