Breaking News
Loading...
Tuesday, November 26, 2013

​​បន្លំ​ខ្លួន​ចូលផ្សំ​ដំណេក​ជាមួយ​កូន​ក្រមុំ​ នាង​ភ្ញាក់​ដឹង​ខ្លួន​ទាន់​ស្រែក​ផ្អើល​ទាំង​យប់​


ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ត្រូវបានក្រុមគ្រួសារកូនកំលោះ កូនក្រមុំរៀបការថ្មោងថ្មីមួយគូ ព្រួតគ្នាដេញស្ទាក់ចាប់បាន បន្ទាប់ពីជនសង្ស័យរូបនោះ លបលួចបន្លំខ្លួនទៅដេកជាមួយកូនក្រមុំ នារាត្រីផ្សំដំណេក ហើយបានស្ទាបអង្អែលខ្លួនប្រាណ និងបានថើបកូនក្រមុំ តែនាងដឹងខ្លួនទាន់ដឹងថា មិនមែនជាប្តីក៏បានស្រែកឆោឡោធ្វើឱ្យ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺថ្ងៃទី២៤ វិច្ឆិកា ២០១៣ នៅភូមិជ្រលង ឃុំដា ស្រុកកំពង់លែង។

បើតាមការរៀបរាប់របស់ក្រុមគ្រួសារកូនកំលោះ ក្រមុំជាជនរងគ្រោះបានឱ្យដឹងថា ជនសង្ស័យឈ្មោះណា សំណាង អាយុ២៦ឆ្នាំ មានទីលំនៅភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង។ នៅយប់ថ្ងៃកើតហេតុ ក្រុមគ្រួសារគាត់ទើបបានបញ្ចប់ពិធីមង្គលការកូនកំលោះ ក្រមុំ ហើយក៏ជាថ្ងៃផ្សំដំណេករបស់ពួកគេ ប៉ុន្តែនៅផ្ទះនោះគ្មានបន្ទប់ទេ ដោយដេកតំរៀបគ្នាក្នុងផ្ទះ ក្នុងនោះកូនកម្លោះដេកកៀនគេខាងស្តាំដៃ កូនក្រមុំ និងមានក្មេងស្រីអាយុជាង១០ឆ្នាំដេកពីខាងឆ្វេងដៃកូនក្រមុំ ហើយក៏មានមនុស្សជាច្រើនទៀតដេកបន្តបន្ទាប់គ្នា។

ប្រភពដដែលបន្តថា មិនដឹងថាជនសង្ស័យបានលួចឡើងលើផ្ទះ ពីពេលណាទេ ស្រាប់តែនៅវេលាម៉ោងជាង៣ទៀបភ្លឺ ជនសង្ស័យបានលូកស្ទាបខ្លួន ប្រាណ និងថើបកូនក្រមុំ ប៉ុន្តែដោយសារកូនក្រមុំដឹងខ្លួនទាន់ ដឹងថាមិនមែនជាប្តីក៏ស្រែកឆោឡោឡើង ពេលនោះជនសង្ស័យ បានហក់ចុះមកដីក៏ត្រូវប្រជាពលរដ្ឋ និងក្រុមគ្រួសារព្រួតគ្នាដេញចាប់បាន ហើយប្រគល់ទៅឱ្យប៉ូលិសមូលដ្ឋាន។ ក្រុមគ្រួសារជនរងគ្រោះបាននិយាយថា រវាងជនសង្ស័យ និងក្រុមគ្រួសារម្ចាស់ដើមការមិនមែនជាសាច់ញាតិទេ ហើយក៏មិនបានហៅមកហូបការដែរ។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះណា សំណាង នេះធ្លាប់ត្រូវបានចាប់ខ្លួនម្តងហើយ រឿងលបឡើងលើផ្ទះគេដូចគ្នា នេះដែរ តែត្រូវបានសម្របសម្រួលគ្នាវិញដោយសារជនរងគ្រោះ និងជនសង្ស័យជាសាច់ញាតិនឹងគ្នា៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved