Breaking News
Loading...
Tuesday, November 26, 2013

រថ​យន្ត​យី​ឌុប​ដាច់​ហ្វ្រាំង​ សំយុង​ក្បាល​ចុះ​ពី​លើ​ស្ពាន​ព្រែក​តា​មាក់ ​បុក​រង្វង់​មូល​និង​ម៉ូតូ​5​គ្រឿង​


ខេត្តកណ្តាល ៖ រថយន្តយីឌុបមួយគ្រឿង ផ្ទុកស្រូវប្រមាណជាង២០តោន បើកចុះពីលើស្ពានព្រែកតាមាក់ បានដាច់ហ្វ្រាំង បោលបុករះរង្វង់មូល និងម៉ូតូដែលដាក់តាំងលក់ នៅមុខផ្ទះខូចខាតអស់៥គ្រឿង រងរបួសស្រាលបីនាក់ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៤ វិច្ឆិកា នៅចំណុចរង្វង់មូលស្ពានព្រែកតាមាក់ ក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ។

លោកអនុសេនីយ៍ឯក នៅ សុខន អធិការរងនគរបាលស្រុកខ្សាច់កណ្តាល ទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ បានឱ្យដឹងថា រថយន្តខាងលើជាប្រភេទរថយន្តយីឌុប ពាក់ស្លាកលេខតាកែវ 3A-0475 បើកបរដោយឈ្មោះ ឈិត ជួង ភេទប្រុស អាយុ២៧ឆ្នាំ រួមដំណើរដោយឈ្មោះ ជឿន ភេទស្រី អាយុ១៩ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ ឈិត ជួង និងម្នាក់ទៀតជាព្រូបានរងរបួសស្រាល ។ រថយន្តនេះបានផ្ទុកស្រូវពេញទម្ងន់ជាង២០តោន ចេញដំណើរពីខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងទៅលក់នៅប្រទេសវៀតណាម។

តាមសាក្សីនៅកន្លែងកើតេហតុបាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តខាងលើបើកឡើងស្ពានព្រែកតាមាក់ ពេលបើកចុះស្ពានវិញមិនដឹងជាយ៉ាងម៉េច ស្រាប់តែរថយន្តនោះមានល្បឿនលឿនស្លេវទៅបុកខឿនរង្វង់មូល បណ្តាលឱ្យបែកខ្ចាត់ខ្ចាយ ហើយរថយន្តបានរេចង្កូតទៅបុកម៉ូតូ៥គ្រឿង ដែលគេដាក់តាំងលក់នៅមុខផ្ទះរងការខូចខាត ទើបរថយន្តអស់ល្បឿន ។

លោកអនុសេនីយ៍ឯក នៅ សុខន បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថ យន្តយីឌុបខាងលើ នគរបាលចរាចរបានចុះទៅកន្លែងកើតហេតុ ពិនិត្យឃើញថា រថយន្តបានដាច់ហ្វ្រាំងព្រោះតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ពិនិត្យមុនពេលចេញដំណើរ សំណាងណាស់បានខឿនរង្វង់មូលជួយទប់ល្បឿន កុំអីមិនដឹងថាត្រូវបុករះបង្កគ្រោះថ្នាក់យ៉ាងណាទេ។រថយន្ត ត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋានដោះស្រាយសំណងរាល់ការខូចខាត ទ្រព្យ  សម្បត្តិតាមផ្លូវច្បាប់ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved