Breaking News
Loading...
Monday, November 25, 2013

គ្រោះថ្នាក់ចរាចរ ២ករណីក្នុងក្រុងកំពត កកស្ទះចរាចរណ៍ រាប់ម៉ោង តែគ្មានអ្នករងរបួស


កំពត៖ ក្រោមដំណក់ភ្លៀងរលឹមស្រិចៗ គ្រោះថ្នាក់ ចរាចរពីរករណីបានកើតឡើងបន្តបន្ទាប់គ្នា នៅក្នុងក្រុងកំពត ខេត្តកំពត បង្កឲ្យកកស្ទះចរាចរណ៍ប្រមាណជា ៤ម៉ោងលើកំណាត់ផ្លូវជាតិលេខ៣៣ (កំពត-កែប) តែពុំបណ្តាល ឲ្យមនុស្សណាម្នាក់ រងរបួសស្នាមនោះឡើយ។

គ្រោះថ្នាក់ចរាចរនេះករណីទីមួយ បានកើតឡើងនៅវេលាម៉ោង១២ និង២០នាទីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចស្ពានថ្មកំពុងសាងសង់មួយ ក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល។ បើតាមនគរបាលចរាចរណ៍ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរទី១នេះ កើតឡើងដោយសារ អ្នកបើកបររថយន្តសណ្តោងរ៉ឺម៉កដឹកម្នាង សិលា ដ៏វែងមួយ មានការធ្វេសប្រហេសក្នុងការបញ្ជាយានយន្ត បណ្តាលឲ្យរ៉ឺម៉ករថយន្តរអិលធ្លាក់នៅក្នុងការដ្ឋាន សាងសង់ស្ពាន។

ការរអិលរ៉ឺម៉កសណ្តោង ចូលក្នុងការដ្ឋានស្ពានថ្ម កំពុងសាងសង់នេះ ធ្វើឲ្យរថយន្តរេកាត់ទទឹងផ្លូវ មិនអាចឲ្យរថ យន្តផ្សេងធ្វើចរាចរណ៍បាននោះទេ រហូតដល់មានការអន្តរាគមន៍ពីសមត្ថកិច្ចស្ទួចរថយន្តនេះចេញ ទើបអាចធ្វើ ចរាចរណ៍បាន បង្កឲ្យកកស្ទះចរាចរណ៍រាប់ម៉ោង ពោលរហូតដល់ម៉ោង ៤រសៀលទើបអាចធ្វើចរាចរណ៍បាន ។

ដោយឡែកគ្រោះថ្នាក់ចរាចរករណីទី២ កើតឡើងនៅម៉ោង ៣ និង៣០នាទីរសៀលថ្ងៃដដែល នៅខាងកើតស្ពាន B, C, I ចម្ងាយប្រមាណ ២០០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ៣ (កំពត-ព្រះសីហនុ) ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

បើតាមនគរបាលចរាចរណ៍ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បានបង្កឡើងដោយរថយន្តកូរ៉េចំណុះ១តោន កន្លះមួយគ្រឿង ពាក់ស្លាក់លេខ ភ្នំពេញ 2V-2043 បើកបរក្នុងល្បឿន ក្រោមដំណក់ភ្លៀងរលឹម ពីកើតទៅលិច ហើយបានជ្រុលទៅបុករ៉ឺម៉កកង់ ដែលបុរសម្នាក់កំពុងបណ្តើរ បញ្ច្រាសទិសគ្នាពេញទំហឹង អូសចម្ងាយជាង ៣០ ម៉ែត្រ។ បន្ទាប់ពីបុករ៉ឺម៉កកង់ហើយ ល្បឿនរថយន្តមិនបានឈប់នោះទេ បានជ្រុលទៅបុករថយន្តកូរ៉េចំណុះ ១តោន មួយគ្រឿងផ្សេងទៀតដែលចតស្ងៀមថែមទៀត ទើបទៅមុខលែងរួចតែម្តង។

ទោះបីជាយ៉ាងណាចាត់ទុកថា ជាសំណាងល្អមួយដែរ គ្រោះថ្នាក់ចរាចរទាំងពីរករណីខាងលើនេះ មិនបណ្តាលឲ្យ ភាគីណាមួយរងរបួសនោះឡើយ។

ក្រោយកើតហេតុរថយន្តទាំងអស់ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាលខេត្តកំពត រង់ចាំដោះស្រាយទៅតាមច្បាប់៕













0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved