Breaking News
Loading...
Friday, November 1, 2013

ចាប់ខ្លួន ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន


កំពតៈ ជនសង្ស័យប្រុស-ស្រី ចំនួន៣នាក់ ពាក់ព័ន្ធករណីជូញដូរ និងចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃការិយាល័យកណ្តាល ព្រហ្មទណ្ឌ ស្នងការដ្ឋានខេត្តធ្វើការចាប់ខ្លួន ដើម្បីកសាង សំណុំរឿងបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមផ្លូវច្បាប់។

ការបង្រ្កាបករណីគ្រឿងញៀននេះធ្វើឡើងនៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ នៅចំណុចផ្ទះជនសង្ស័យឈ្មោះ មាស ខេមរិន្ទ ក្នុងភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ  ខេត្តកំពត។

នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ មានឈ្មោះ ទី១ឈ្មោះ មាស ខេមរិន្ទ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាមន្ត្រីយោធា មានមុខដំណែងជា មេបញ្ជាការរងយោធា ក្រុងកំពត ទី២ឈ្មោះ គង់ វណ្ណថៃ ភេទប្រុស អាយុ ២៧ឆ្នាំ ចោទប្រកាន់ពីបទសមគំនិត និងទី៣ឈ្មោះជៀម អស្នា ភេទស្រី អាយុ២០ឆ្នាំ ចោទពីបទសមគំនិត។  ពួកគេទាំង៣នាក់ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិឃុំកើតហេតុខាងលើ។

លោក ឧត្តមសេនីយ៍ត្រីម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរង និងជាប្រធានការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀននេះ គឺកម្លាំងរបស់លោក ក្រោយពីទទួលបានដីកា របស់តុលាការរួចមក ក៏ចុះទៅដល់គោលដៅ ខណៈផ្ទះរបស់ជនល្មើស ខាងលើចាក់សោទ្វារមុខជាប់ រីឯជនសង្ស័យទាំង៣នាក់ កំពុងស្ថិតនៅក្នុងផ្ទះនោះដែរ លុះពេលកម្លាំងសមត្ថកិច្ច គោះទ្វារឲ្យបើក ជនសង្ស័យមិនព្រមបើកទេ គឺជនសង្ស័យអូស បន្លាយពេលវេលារហូតដល់ម៉ោង១ និង១៥នាទី រសៀល ក្នុងថ្ងៃដដែល ដើម្បីប្រមូលគ្រឿងញៀន និងសម្ភារៈប្រើ ប្រាស់មួយចំនួន បំផ្លាញចោល នៅក្នុងបង្គន់ ដើម្បីបំបិទភស្តុតាង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្លាំងបានចូលទៅក្នុងផ្ទះ លុះដល់ក្នុងផ្ទះ គឺមានវត្ថុតាងថ្នាំញៀន រាយប៉ាយ ខ្លះនៅម៉ាត់បង្គន់ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

ក្រោយពីចាប់ខ្លួនជនសង្ស័យទាំង៣នាក់នេះបានហើយ ក៏បញ្ជូនខ្លួនទៅសាកសួរ នៅការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀនភ្លាម ដើម្បីកសាងសំណុំរឿង ឲ្យតុលាការចាត់ការទៅតាមផ្លូវច្បាប់។

លោកម៉ៅ ច័ន្ទមធុរិទ្ធ បន្តទៀតថា ជនសង្ស័យឈ្មោះមាស ខេមរិន្ទ ហៅទូច គឺជាប់ពាក់ព័ន្ធជួញដូរ គ្រឿងញៀន ជាមេក្លោងធំ ចាប់ខ្លួនតាមដីកា របស់តុលាការ ដីកាលេខ៣១៨ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ ដោយចៅ ក្រមស៊ើបសួរលោកតុប ឈុនសុង៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved