Breaking News
Loading...
Friday, November 29, 2013

យុវ​ជន​ម្នាក់​តូច​ចិត្ត​នឹង​សង្សារ​ បែក​ចិត្ត​ទៅ​ស្រលាញ់ ​មិត្ត​ភក្តិ​របស់​ខ្លួន​ លេប​ថ្នាំ​ប៉ង​ធ្វើ​អត្ត​ឃាត​


ខេត្តប៉ៃលិន ៖ យុវជនម្នាក់ត្រូវបានឪពុកម្តាយ បងប្អូនដឹកតាមរថយន្តយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ហើយត្រូវបានគ្រូពេទ្យដាក់ទឹក លាងក្រពះជម្រះជាតិថ្នាំចេញពីក្នុងខ្លួន រួចផុតពីសេចក្តីស្លាប់ ព្រោះតែខឹងនឹងសង្សារក្បត់ចិត្ត បែរទៅស្រលាញ់ យុវជនម្នាក់ទៀត ដែលជាមិត្តភក្តិរបស់ខ្លួន ក៏ទាញយកថ្នាំពេទ្យចម្រុះចំនួន ២៥គ្រាប់ ទៅសម្ងំលេបនៅក្នុងបន្ទប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង ៤៥នាទី ទៀបភ្លឺឈានចូលថ្ងៃទី២៨ វិច្ឆិកា ២០១៣ ស្ថិតនៅផ្ទះជនរងគ្រោះក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ យុវជនរងគ្រោះឈ្មោះ ថេង ចន្ថា អាយុ ២១ឆ្នាំ ជាកម្មករ មានស្រុកកំណើតរស់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

តាមការរៀបរាប់របស់ស្រ្តីឈ្មោះ ព្រឹក ម៉ៅ អាយុ ៤៨ឆ្នាំ ត្រូវជាម្តាយយុវជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ សង្សាររបស់គេបានបែកចិត្ត ទៅជិះម៉ូតូជាមួយមិត្តភក្តិរបស់ខ្លួនដោយ មានភាពស្និទ្ធិស្នាលខុសប្រក្រតី លុះពេលជនរងគ្រោះសួរនាំត្រង់ៗ ស្រាប់តែនាងសារភាពប្រាប់ថា នាងឈប់ស្រលាញ់រូបគេទៀតហើយ គឺស្រលាញ់មិត្តភក្តិរបស់គេ ដែលជាអ្នកចេះយល់ចិត្តនាងវិញ។ គ្រាន់តែស្តាប់ឮសម្តីបែបនេះភ្លាម ធ្វើឲ្យយុវជនរងគ្រោះឈឺចុកចាប់អួលណែនឱរ៉ា រកនិយាយអ្វីលែងចេញ ក៏រត់ទៅទាញយកថ្នាំគ្រាប់ចម្រុះ មានតាំងពីប៉ារ៉ាសេតាម៉ុល ថ្នាំងងុយដេក ថ្នាំក្អក ចំនួន ២៥គ្រាប់ យកទៅសម្ងំលេបតែម្តង។

លុះពេលម្តាយជនរងគ្រោះ ឮសូរសំឡេងក្អួតចង្អោរ ក៏ស្រែកហៅជនរងគ្រោះជាច្រើនដង តែអត់ព្រមឆ្លើយ ទើបនាំគ្នាបើកទ្វារចូលទៅមើល រួចស្ទាបមើលត្រជាក់ដៃជើង ហើយឃើញមានសម្បក កំប៉ុងថ្នាំគ្រាប់នៅក្បែរ ទើបដឹងថា កូនរបស់ខ្លួនលេបថ្នាំ ក៏ប្រញាប់បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ហើយបានគ្រូពេទ្យ ដាក់ទឹកលាងក្រពះជម្រះជាតិថ្នាំរួចផុតពីក្តីស្លាប់។

លោកគ្រូពេទ្យបានឲ្យដឹងថា នេះសំណាងល្អដែលឪពុកម្តាយជនរងគ្រោះ ដឹកយកមកសង្រ្គោះទាន់ពេល បើនៅសល់តែបន្តិចទៀត យុវជនរងគ្រោះអាចមានគ្រោះថ្នាក់ដល់អាយុ ព្រោះគេលេបថ្នាំច្រើនជាង ២០គ្រាប់។ តែនៅពេលនេះ យុវជនរងគ្រោះមានសភាពធម្មតាវិញហើយ ដោយសម្រាកនៅមន្ទីរពេទ្យតែពីរ ទៅបីថ្ងៃទៀតអាចចេញទៅផ្ទះវិញបាន៕




0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved