Breaking News
Loading...
Friday, November 29, 2013

កូន​ប្រុស​​​ស្រី​​ស្រឡាញ់​​គ្នា​ ប្តឹងតុលា​ការ ​​​ចាប់​​ដន្លង​​​វាយ​​ខ្នោះ​


ខេត្តកំពង់ចាម ៖ រឿងរា៉វដ៏ចម្រូងចម្រាសមួយបានកើតឡើង នៅតំបន់ជនបទដាច់ស្រយាលមួយ ដោយសារគូស្នេហ៍១គូ រស់នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ដែលស្រឡាញ់គ្នាយ៉ាងប្តូរផ្តាច់ បែរជាត្រូវឪពុកម្តាយខាងស្រី តាមមកបំបែក ។ ក្រោយមកទៀតម្តាយខាងស្រីមិ នដឹងជានរណាលួចវាយនោះទេ ក៏បានប្តឹងសាលាដំបូងខេត្តចោទ  ឪពុកម្តាយខាងប្រុស ហើយលោកគង់ ច័ន្ទខេមរិទ្ធ ចៅក្រមស៊ើុបសួរសាលា ដំបូងខេត្តបានចេញដីកា បង្គាប់ឱ្យនាំខ្លួនឪពុក ម្តាយខាងប្រុស កាលពីរសៀលថ្ងៃទី២៦ វិច្ឆិកា ដោយចោទ ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ ។

បុរសជាកូនឈ្មោះម៉ូត សំអូន អាយុ២៣ឆ្នាំ នៅភូមិក្រសាំង ឃុំទឹកជ្រៅ បានប្រាប់ឱ្យដឹងថា ឪពុកខ្លួនឈ្មោះគង់ ម៉ូត អាយុ៥៣ឆ្នាំ និងម្តាយឈ្មោះអ៊ុក សន អាយុ៥៤ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនបញ្ជូនមកសាលាដំបូងខេត្ត នាល្ងាចថ្ងៃទី២៦ វិច្ឆិកា ។ គេបានចាត់ទុកថា នេះគឺជារឿងអយុត្តិធម៌ ទើបរូបគេនិងប្រពន្ធឈ្មោះនេត ស្រីល័ក្ខណ៍ អាយុ១៩ឆ្នាំ បានជិះម៉ូតូមកតាមមើល រួមទាំងបីកូនតូច អាយុ៧ខែមកជាមួយផងដែរ ។ ម៉ូត សំអូន បានរំលឹកថា រូបគេបានស្រឡាញ់នាងស្រីល័ក្ខណ៍ និង បានឱ្យឪពុកម្តាយចូលទៅស្តីដណ្តឹងក៏ត្រូវរ៉ូវគ្នា ហើយបានទៅជួលម្ហូបការរួចរាល់ លុះជិតដល់ថ្ងៃចូលរោងការទៅ ហើយបែរជាត្រូវម្តាយខាងស្រីផ្តាច់កូន ដោយក្រឡាស់ថាមិនឱ្យទៅវិញ ។ នៅពេលមានហេតុការណ៍ បែបនេះកើតឡើង សូម្បីតែលុយកក់ថ្លៃម្ហូបក៏ត្រូវឱ្យទៅគេទទេ ប៉ុន្តែសំណាងល្អដែលសំបុត្រការមិនទាន់ បានបោះហៅភ្ញៀវញាតិមិត្តជិតឆ្ងាយ ។ ក្រោយមកនាង ស្រីល័ក្ខណ៍ ជាគូដណ្តឹងបានរត់ មកផ្ទះរបស់ខ្លួនរហូត២លើក ហើយត្រូវម្តាយនាងមក តាមយកទៅវិញ ។ ទោះបីជាម្តាយខាងស្រីមកតាមបំបែកយ៉ាងណាក្តី ក៏កូនស្រីដែលខ្លួនស្រឡាញ់ បានរត់មកនៅផ្ទះរបស់ខ្លួន ដដែលរហូតមកដល់សព្វថ្ងៃ ថែមទាំងរួមរស់ជាប្តី-ប្រពន្ធរហូតបានកូនប្រុសតូចម្នាក់ បច្ចុប្បន្នអាយុជាង៧ខែ ហើយតែប្តី-ប្រពន្ធគេមិនបានរៀបការទេ ដោយសារតែស្ថានការណ៍ មេបាប្រែក្រឡាស់បាតដៃខ្នងដៃ។ ចំណែកបុរសជាឪពុក ឈ្មោះគង់ ម៉ូត ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ដាក់ខ្នោះជាមួយប្រពន្ធ និយាយថា កូនៗស្រឡាញ់គ្នា បែរជាម្តាយខាងស្រីមកតាមបំបែករហូត ៣ទៅ៤លើកឯណោះ ហើយចុងក្រោយមកតាមវាយកូនស្រី ឈ្មោះស្រីល័ក្ខណ៍ ដល់ចម្ការស្វាយរបស់គាត់ទៀតផង ។ ដោយឃើញបែបនេះគាត់ក៏បាន ឃាត់កុំឱ្យធ្វើយ៉ាងដូច្នេះ លុះពេលចេញផុតពីចម្ការគាត់ តាមរករឿងគេ នៅក្បែរនោះទៀត ថែមទាំងបានប្តឹងគាត់និងប្រពន្ធថា បានប្រើហិង្សាដោយចេតនា ។ តាមពិតរូបគាត់មិនបានវាយដំដូចម្តាយខាង ស្រីបានចោទប្រកាន់នោះឡើយ សូមរកយុត្តិធម៌ជូនពួក គាត់ទាំង២នាក់ប្តី-ប្រពន្ធផង។

លោកគង់ ច័ន្ទខេមរិទ្ធ ចៅក្រមស៊ើុបសួរនៃសាលាដំបូងខេត្ត មានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា កន្លងមករូបលោកធ្លាប់បានចេញដីកាកោះហៅ មិនក្រោម៣ដងទេ តែពីរនាក់ប្តី-ប្រពន្ធ ខាងលើមិនចូលខ្លួនមកបំភ្លឺ ។ លុះចុងក្រោយនេះបានចេញដីកាបង្គាប់ឱ្យនាំខ្លួន ដោយចោទពីបទប្រើហិង្សា ដោយចេតនាមានស្ថានទម្ងន់ ប្រព្រឹត្តកាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០១២ នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ។ ទោះបីជាបែបណា រហូតមកដល់រសៀលថ្ងៃទី២៧ វិច្ឆិកា ពេលដែលមានការបំភ្លឺ ទើបដឹងថាមិនមានការពាក់ព័ន្ធ ហើយរូបលោកនឹងសម្រេចឱ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ន ព្រមទាំងបន្តស៊ើបអង្កេត ។ បើផ្អែកទៅលើច្បាប់ អាពាហ៍ពិពាហ៍និងគ្រួសារ កូនដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ទៅមានសិទ្ធិតាមផ្លូវច្បាប់ ក្នុងការជ្រើសរើសគូស្រកររបស់ខ្លួន ដោយមិនអាចទទួលការបង្ខិតបង្ខំណាមួយបានទេ ។ ទោះបីមិនបានរៀបការក៏គេមានសិទ្ធិចុះ សំបុត្រអាពាហ៍ពិពាហ៍នៅ ឃុំ-សង្កាត់ បានដែរ ដូច្នេះម្តាយខាងស្រី ដែលប្រើសិទ្ធិជាម្តាយបំបែកបំបាក់កូននេះ គឺខុសច្បាប់ហើយ៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved