Breaking News
Loading...
Thursday, November 28, 2013

យុវ​ជន​មាន​វិបត្តិ​ ធ្វើ​ដំណើរ​មក​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​ជួយ​ទាន់​


រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានធ្វើដំណើរដោយថ្មើរជើង មកលោតទឹកសម្លាប់ខ្លួនពី លើស្ពានជ្រោយចង្វា កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៦ វិច្ឆិកា តែត្រូវនគរបាលអង្គភាព ការពារគោលដៅទី៣ ឃាត់ទាន់ ។ យុវជនដែលមិនចង់រស់រូបនេះឈ្មោះ ហុន ហាន់នីន អាយុ២២ឆ្នាំ មានទីលំនៅផ្ទះជួលភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ ទាក់ទិននឹងការមិនចង់រស់នេះ ត្រូវនគរបាលឱ្យដឹងថា ដោយសារតែមានវិបត្តិក្នុងគ្រួសារ ។

តាមមន្ត្រីនគរបាល ការពារស្ពានជ្រោយចង្វា បានឱ្យដឹងថា នៅវេលាយប់កើតហេតុ យុវជនរូបនោះបានធ្វើដំណើរដោយថ្មើរជើង ឡើងមកលើស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត។ នៅពេលធ្វើដំណើរមកដល់ពាក់កណ្តាលស្ពាន ក៏ឈប់មួយសន្ទុះ ហើយក៏បានតោងបង្កាន់ដៃស្ពាន ប្រុងលោតសម្លាប់ខ្លួន តែត្រូវបានកម្លាំងនគរបាលប្រចាំការឃើញទាន់ក៏បានឃាត់ ហើយនាំមកកាន់ស្នាក់ការដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច យុវជនរូបនេះបានប្រាប់ថា មូលហេតុដែលរូបគេមកលោតទឹកសម្លាប់ខ្លួន ដោយសារតែមានវិបត្តិក្នុងគ្រួសារ តូចចិត្តខ្លួនឯង ដែលម្តាយមិនស្រឡាញ់រូបគេ ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចឱ្យដឹងថា ប្រហែលជាយុវជនរូបនោះម្តាយប្រដៅមិនស្តាប់ បានជាមិនរវីរវល់ ជាហេតុធ្វើឱ្យរូបគេគិតខ្លីចង់ស្លាប់ទាំងវ័យក្មេងបែបនេះ ។

បន្ទាប់ពីសមត្ថកិច្ចសាកសួរ និងអប់រំរួចហើយ ក៏បានទាក់ទងទៅប្អូនស្រីឱ្យមកទទួលយកត្រឡប់ទៅផ្ទះវិញនៅយប់ នោះតែម្តង ។ គួរបញ្ជាក់ថា យុវជនដែលមកលោតទឹកសម្លាប់ខ្លួននេះ គឺជាករណីទី៣០ហើយ ដែលកើតមាននៅលើស្ពានជ្រោយចង្វា ក្នុងឆ្នាំ២០១៣នេះ ៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved