កំពូល​ខ្សែ​ប្រយុទ្ធ​របស់​ជម្រើស​ជាតិ​​ថៃ ​Teerasil Dangda ​នឹង​ទៅ​ចូល​រួម​ក្លិប Atletico Madrid នៅ​​លីក​កំពូល​អេស្ប៉ាញ​ជា​លើក​ទី​២​ក្នុង​ពេល​ឆាប់​ៗ​នេះ ជាមួយ​ក្ដី​រំពឹង​ថា​នឹង​ចុះ​កិច្ចសន្យា​ជាមួយ​ក្លិប​នេះ​ជា​អចិន្ត្រៃយ៍​ក្នុង​ខែ​មករា​ឆ្នាំ​២០១៤។

អត្ថបទ​៖ អស់​ស្ទះ! ទាត់​ចូល​ ស្រាត​ខោ​ដាក់​លើ​ក្បាល​ ត្រូវ​បណ្ដេញ​ចេញ (វីដេអូ)

កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​នេះ ខ្សែ​ប្រយុទ្ធ​របស់​ក្លិប​ Muangthong United ​វ័យ​២៥​ឆ្នាំ​រូប​នេះ ​ធ្លាប់​ទៅ​ធ្វើតេស្ត​សាកល្បង​រយៈ​ពេល​២​សប្ដាហ៍​នៅ At. Madrid ម្ដង​ហើយ​ ពី​ព្រោះ​ក្លិប​យក្ស​របស់​ថៃ​និង​ក្លិប​យក្ស​របស់​អេស្ប៉ាញ​ពីរ​នេះ​គឺ​ជា​ដៃគូ​សហការ​ជិតស្និទ្ធ​នឹង​គ្នា។

បន្ទាប់​ពី​ក្របខ័ណ្ឌ Thai Premier League បញ្ចប់​រដូវ​កាល​ម្សិលមិញ​ដែល​ក្លិប Buriram United ជា​អ្នក​លើក​ពាន​នោះ លោក Pongsak Pholanan ​ប្រធាន​ក្លិប Muangthong United បង្ហើប​ដំណឹង​ថា Teerasil នឹង​ទៅ​ធ្វើតេស្ត​នៅ Estadio Vicente Calderón ម្ដង​ទៀត មុន​នឹង​អាច​ចុះ​កិច្ចសន្យា​ជា​ផ្លូវការ​​ក្នុង​ឱកាស​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អឺរ៉ុប​បើក​ជា​លើក​ទី​២​នៅ​ខែ​មករា​ឆ្នាំ​២០១៤។

អត្ថបទ​​៖ ក្លិប​ថៃ​ទាក់ទង Del Piero

ប្រធាន​ក្លិប​ជើងឯក​លីក​កំពូល​ថៃ​៣​សម័យ​បញ្ជាក់​ច្បាស់​ថា​៖ “ជា​ដំបូង គេ​(Teerasil) ត្រូវ​ហ្វឹកហាត់​ជាមួយ Atletico សិន ​ហើយ​មិន​ទាន់​លេង​ឱ្យ​ក្លិប​នេះ​បាន​នៅ​ឡើយ​ទេ ដោយសារ​កូតា​កីឡាករ​បរទេស​នៅ​ក្លិប​នេះ​ពេញ​អស់​ទៅ​ហើយ។ ម្យ៉ាង​វិញ​ទៀត គេ​ត្រូវ​ការ​ពេល​ដើម្បី​សម្រប​ខ្លួន​ជាមួយ​បាល់ទាត់​អេស្ប៉ាញ​ផង​ដែរ។ កិច្ចសន្យា​ខ្ចី​ជើង​រយៈ​ពេល​ខ្លី​មួយ​អាច​នឹង​កើត​មាន​ឡើង ​ហើយ​ប្រសិន​បើ​អ្វី​ៗ​ដំណើរការ​រលូន​តាម​ការ​ព្រាង​ទុក​ ក្លិប Atletico ​នឹង​បញ្ចូល​ឈ្មោះ​ Teerasil ក្នុង​បញ្ជី​កីឡាករ​ដែល​ត្រូវ​លេង​​ក្នុង​ក្របខ័ណ្ឌ La Liga”។

អត្ថបទ​៖ កំពូល​ខ្សែ​បម្រើ​​​ទាំង​៥​ប្រចាំ​ Suzuki Cup

ក្រៅ​ពី​មូលហេតុ Muangthong និង Atletico ជា​​ក្លិប​ដៃគូ Teerasil ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្លិប​ Atletico ក៏​ដូច​ជា Getafe ដោយសារ​តែ​ទម្រង់​លេង​របស់​គេ​នៅ​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០១២។

នៅ​ចាំ​បាន​ថា​នៅ​ចុង​ឆ្នាំ​២០០៧​ Teerasil គឺ​ជា​កីឡាករ​ថៃ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ល្អ​ៗ​ពីរបី​នាក់​​ដែល​លោក​អតីត ​នាយក​រដ្ឋមន្ត្រី​ថៃ​ Thaksin Shinawatra ​ទិញ​ទៅ​ចូល​រួម Manchester City ប៉ុន្តែ​មិន​ដែល​បាន​លេង​ឱ្យ​ក្លិប​នៃ​​លីក​កំពូល​អង់គ្លេស​មួយ​នេះ​ឡើយ​ ដោយសារ​តែ​ក្រសួង​មហាផ្ទៃរបស់​អង់គ្លេស​មិន​ផ្ដល់​អាជ្ញាប័ណ្ណ​ការងារ (work permits) ដល់​កីឡាករ​រូប​នេះ។ ដូច្នេះ រូប​គេ​ក៏​ត្រូវ​លោក Sven-Göran Eriksson ដែល​ជា​អ្នក​ចាត់ការ​ជំនាន់​នោះ បញ្ចេញ​ឱ្យ​ក្លិប Grasshoppers របស់​ស្វីស​ខ្ចី​ជើង៕