ក្រោយ​ផ្ដួល​ជើង​ខ្លាំង​របស់​ម៉ិកស៊ីកូ Juan Manuel Marquez​ ​ដោយ​ពិន្ទុ​ម្សិលមិញ​ ​អ្នក​ប្រដាល់​មិន​ទាន់​ស្គាល់​ជាតិ​ចាញ់​របស់​អាមេរិក​ Timothy Bradley ​បើក​ទ្វារ​ជានិច្ច​សម្រាប់​​ទទួល​ការ​ឡើង​សងសឹក​របស់​ស្ដេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao ដែល​​ត្រូវ​ចៅក្រម​កាត់​ឱ្យ​ចាញ់ Bradley យ៉ាង​ចម្រូងចម្រាស​ ក្នុង​ខែ​មិថុនា​ឆ្នាំ​២០១២​។

អត្ថបទ​៖ ប្រតិកម្ម​​ផ្ទុះ​ឡើង​​​​​​ក្រោយ​បរាជ័យ​របស់ Pacquiao

Timothy Bradley

​តប​ទៅ​សំណួរ​អ្នក​កាសែត​ ក្រោយ​ការពារ​ខ្សែ​ក្រវាត់​ ​​WBO world welterweight បាន​ដោយ​ជោគជ័យ​ក្នុង​ពិន្ទុ​ ​១១៦-១១២, ១១៥-១១៣ ​និង ​១១៣-១១៥ ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ​ជើង​ខ្លាំង​សញ្ជាតិ​អាមេរិក​វ័យ​៣០​ឆ្នាំ​​និយាយ​ថា​អ្វី​ៗ​សុទ្ធ​តែ​អាច​ទៅ​រួច តែ​ចាំ​មើល Pacquiao យក​ឈ្នះ Brandon Rios នៅ​ខែ​ក្រោយ​​សិន​។ កីឡាករ​ដែល​ប្រកួត​៣១​ដង​ឈ្នះ​ទាំង​៣១​ដង បញ្ជាក់​ថា​៖ “ខ្ញុំ​ពេញចិត្ត​ការ​ប្រកួត​នោះ (ទល់​នឹង​ Pacquiao)​។ ​ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​ថ្នាក់​គ្រប់គ្រង​របស់​ខ្ញុំ​អំពី​រឿង​នេះ”​។​

អត្ថបទ​៖ Pacquiao សន្លប់​ស្ដូកស្ដឹង​ ត្រឹម​ទឹក​ទី​៦

នៅ​ចាំ​បាន​ថា​ ​ពេល​ជួប​គ្នា​លើក​ទី​១​កាល​ពី​ថ្ងៃ​ទី​០៩​ មិថុនា​ ឆ្នាំ​២០១២ អ្នក​ប្រដាល់​ហ្វីលីពីន​វ័យ​៣៤​ឆ្នាំ​ ត្រូវ​ចៅក្រម Duane Ford និង​ C.J. Ross ដាក់​ពិន្ទុ​ឱ្យ​ចាញ់ Bradley ១១៣-១១៥ ​ដូច​គ្នា​ ខណៈ​ចៅក្រម​ទី​៣ លោក ​Jerry Roth ឲ្យ​​ពិន្ទុ​ Pacquiao ឈ្នះ​​ ១១៥​ទល់​នឹង​១១៣​។ ​ប្រតិកម្ម​​​ជា​ច្រើន​បាន​ផ្ទុះ​ឡើង​ចំពោះ​​បរាជ័យ​​របស់​ Pacquiao ​យ៉ាង​ចម្រូងចម្រាស​នោះ ពីព្រោះ​គេ​មើល​ឃើញ​ជា​ទូទៅ​ថា Pacquiao វាយ​ចូល​ច្រើន​ជាង​ក្នុង​រយៈ​ពេល​១២​ទឹក​នោះ​។​ ​តែ​​បន្ទាប់​ពី​មើល​វីដេអូ​នៃ​ការ​ប្រកួត​សាឡើងវិញ ​ចៅក្រម​ឯករាជ្យ​៥​រូប​សុទ្ធ​តែ​ដាក់​​ពិន្ទុ​ឱ្យ Pacquiao ឈ្នះ​ទាំង​អស់​ ប៉ុន្តែ​មិន​អាច​កែប្រែ​លទ្ធផល​បាន​ឡើយ​។

​​​៦​ខែ​ក្រោយ​មក ​ពោល​គឺ​នៅ​ខែ​ធ្នូ​ឆ្នាំ​២០១២​ Pacquiao ​ប្រកួត​ចាញ់​​ក្រោម​ថ្វី​ដៃ​របស់​ Juan Manuel Marquez ​ដោយ​សន្លប់​ក្នុង​ទឹក​ទី​៦​។

ជំនួប​ទល់​នឹង​​កីឡាករ​សញ្ជាតិ​អាមេរិក​វ័យ​២៧​ឆ្នាំ​ Brandon Ríos​ ​នៅ​ម៉ាកាវ​នា​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ខាង​មុខ​នេះ គឺ​ជា​ការ​ឡើង​រេញ​លើក​ទី​១​របស់​ Pacquiao ក្នុង​ឆ្នាំ​២០១៣​​។ ចាំ​មើល​មើល៍ តើ​ Pacquiao រក​ជ័យជម្នះ​ឡើង​វិញ​បាន​ឬ​ទេ?