ទូរសព្ទ Nokia Lumia 1020 ​ម៉ាក​ល្បី​ដែល​គេ​ទទួល​ស្គាល់​ថា​មាន​កាមេរ៉ា​រហូត​ដល់ ៤១ មេហ្គា​ភីកសែល​របស់​ក្រុម​ហ៊ុន​ Nokia បាន​ដាក់​លក់​លើ​ទី​ផ្សារ​ស្រុក​ខ្មែរ​កាល​ពី​ម្សិល​មិញ​។ Nokia Lumia 1020 នេះ​​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ ជា​តម្រូវ​ការ​របស់​ប្រិយ​មិត្ត​ដែល​បាន​ទន្ទឹង​រង់ចាំ​ប្រើ​ប្រាស់​កន្លង​មក​។

លោក​ អ៊ី សុគន្ធ ប្រធាន​ផ្នែក​ទំនាក់ទំនង​នៅ​ក្រុមហ៊ុន​ Nokia បាន​ឲ្យ​ដឹង​ថា ​សម្រាប់​ទីផ្សារ​លក់​​ Nokia Lumia 1020 គឺ​មិន​ទាន់​បើក​លក់​ទូលំទូលាយ​ទេ​ ព្រោះ​រង់​ចាំ​ក្រុមហ៊ុន​ Nokia បើក​សន្និសីទ​នៅ​ថ្ងៃ​ទី​ ២៦ ខែ​តុលា​​ ឆ្នាំ ២០១៣​ ខាង​មុខ​នេះ។ បន្ទាប់​ពី​សន្និសីទ​រួច​ ក្រុមហ៊ុននឹង​បើក​​ទីផ្សារ​​លក់​ចែក​ចាយ​​ដល់​អតិថិជន​ទូទៅ​ទិញ​ប្រើប្រាស់។

ទោះ​បី​យ៉ាង​ណា នៅ​លើ​ទីផ្សារ Nokia Lumia 1020 ឃើញ​មាន​លក់​នៅ​​តាម​ដេប៉ូ​​មួយ​ចំនួន​ហើយ ដោយ​នៅ​ហាង​លក់​ទូរសព្ទ​សុខលី ទូរសព្ទ​ដ៏​ទំនើប​នេះ​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ជាង ៩៥០ ដុល្លារ​អាមេរិក


អត្ថបទ៖ ដារ៉ា​ឆានី