Breaking News
Loading...
Wednesday, October 16, 2013

សព​​កូន​សេដ្ឋី​​​ដែល​​ស្លាប់ ដោយ​សារ​​ប្រ​ណាំង​​ឡាន​​តាម​ផ្លូវ ត្រូវ​​ប៉ូ​លីស​​ទុក​ចោល​​​រាប់​​ម៉ោង


ប្រទេស​ចិន ៖ ប៉ូលី​ស​​​បាន​​ទុក​ចោល​​ សាក​សព​​យុវ​ជន​​ម្នាក់ ជា​​កូន​ប្រុស​​មហា​សេដ្ឋី​​ ដែល​​បាន​​ស្លាប់ ​ក្នុង​​​គ្រោះ​​ថ្នាក់​​​ចរា​​ចរណ៍ ដោយ​សារ​តែ​​ការ​បើក​​រថ​យន្ត​ទំ​នើប​តម្លៃ​ប្រ​ហែល ១២ ម៉ឺន​​ដុល្លារ​ប្រ​ណាំង​​គ្នា​​លេងលើ​ផ្លូវ​សាធារណៈ ហើយ​ទង្វើ​នេះ​ក៏​ជា​សារ​ព្រមាន ដល់​អ្នកបើក​បរទាំង​អស់ ពុំ​ត្រូវ​ធ្វេសប្រហែស អំឡុងពេល​ធ្វើដំណើរ​លើ​ដងផ្លូវ​នោះទេ ។

 

​ប្រភពព័ត៌មាន​របស់​ប្រទេស​ចិន បានឱ្យដឹងថា ហេតុការណ៍​គ្រោះថ្នាក់​នេះ បានកើត​ឡើង​នៅ​ទីក្រុង Kunming ខេត្ត Yunnan បណ្តាលឱ្យ​បុរស​ម្នាក់​អាយុ ២៨ ឆ្នាំ ជា​កូនប្រុស​មហាសេដ្ឋី​ចិន​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម លើ​កណ្តាល​ទ្រូងផ្លូវ ។ មុនពេល​កើតហេតុ បុរសរងគ្រោះ បាន​បើករថយន្ត​ទំនើប​ប្រភេទ JaguarF-Type តម្លៃ ៧៩.០០០ ផោន​ប្រហាក់ប្រហែល ១២ ម៉ឺន​ដុល្លារ ដេញ​ប្រណាំង​គ្នា ជាមួយ​រថយន្ត​ជាច្រើន​គ្រឿង​ទៀត លើ​ដងផ្លូវ​សាធារណៈ ក្នុង​ទីក្រុង Kunming​។

 

​ដោយ​ការបើកបរ​ក្នុង​ល្បឿន​លឿន ដើម្បី​វ៉ា​រថយន្ត​នៅខាងមុខ រថយន្ត​បុរសរងគ្រោះ ក៏បាន​ជ្រុល​ហោះ ចូល​ផ្លូវ​ម្ខាង​ទៀត ទៅបុក​ដើមឈើ​មួយ​ដើម ធ្វើឱ្យ​បុរសរងគ្រោះ ប៉ើង​ចេញពី​រថយន្ត និង​ត្រួវបាន​រថយន្ត​អ្នកដំណើរ​តាមផ្លូវ កិន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ។ សាក្សី​បាន​បន្តថា ក្រោយពេល​កើតហេតុ សាកសព បុរស​ខាងលើ ពុំ​ត្រូវបាន​ក្រុមប៉ូលិស​យក​ក្រណាត់ គ្រប​បិទបាំង​ពីលើ ឬ​បញ្ជូន​ចេញ ពី​កន្លែងកើតហេតុ​ភ្លាមៗ​ឡើយ​។​

ប៉ូលីស​បាន​ទុក​សាកសព​បុរស​នោះ ចោល​កណ្តាលផ្លូវ រយៈពេល ១ ម៉ោង ហាក់ដូចជា​ចង់បង្ហាញ​ជា​សារ​ព្រមាន ដល់​អ្នកដំណើរ​ដទៃ កុំ​ឲ្យ​យក​គំរូ​អាក្រក់ តាម​បុរស​ម្នាក់នេះ ដែល​បាន​យក​ផ្លូវ​សាធារណៈ ធ្វើជា​ទីលានប្រណាំង​រថ​យន្ត​កម្សាន្ត​លេង ដែលជា​ទង្វើ​ខុសច្បាប់ និង​អាច​បណ្តាល​ឲ្យ ស្លាប់បាត់​បង់ជីវិត ដូច​បុរស​ម្នាក់នេះ ។ របាយការណ៍​មួយ​បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍ បានសម្លាប់​ជីវិត​មនុស្ស​ចំនួន ២២០.០០០ នាក់​ជា​រៀងរាល់ឆ្នាំ​ទូទាំង ប្រទេស​ចិន​ដែល​នេះ​ជា​តួលេខ ច្រើនជាង​ប្រទេស​ដទៃទៀត លើ​ពិភពលោក ៕

Wat 161022 Wat 161023 Wat 161024

 

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved