ក្រុម​កីឡា​ជម្រើស​ជាតិ​កម្ពុជា​ចំនួន ៣ ប្រភេទ​នឹង​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​មីយ៉ាន់ម៉ា ព្រឹក​ថ្ងៃ​ទី ១ តុលា ព្រឹក​ស្អែក​នេះ ដើម្បី​ត្រៀម​ខ្លួន​​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០១៣ ខាង​មុខ ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​ជិត​ខាង​​មួយ​នេះ​​តែ​ម្ដង​។ កីឡា​ទាំង ៣ ប្រភេទ​រួម​មាន ទូក​ប្រពៃណី ស៊ីប៉ាតាក្រ និង សី ឈិនឡុង(Chin Lone)។

លោក ស្រ៊ុន លាង គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​ទូក​ប្រពៃណី​បាន​​​ប្ដេជ្ញា​​ថា​នឹង​ខិតខំ​ហ្វឹកហាត់​ឱ្យ​អស់​ពី​លទ្ធភាព​​ដើម្បី​​នាំ​កិត្តិយស​ជូន​ជាតិ​មាតុភូមិ​ក្នុង​ពេល​ប្រកួត​ខាង​មុខ។ គ្រូ​បង្វឹក​ខាង​​រូប​នេះ​​​ក៏​បាន​លើក​ឡើង​ពី​ភាព​ខុស​គ្នា នៃ​ការ​ហ្វឹកហាត់​ក្នុង​ប្រទេស និង ​ក្រៅ​ប្រទេស​ថា នៅ​ក្នុង​ប្រទេស​នៅ​ខ្វះ​សម្ភារៈ​នៃ​ការ​ហ្វឹកហាត់ ដូចជា​ទូក​តែ​ម្ដង​​។ ​លោក​ថា​សព្ទ​ថ្ងៃ​នេះ​​ទូក​ពេល​ហ្វឹកហាត់​ក្នុង​ស្រុក​ប្រើ​ទូក​ឈើ តែ​ពេល​ហ្វឹកហាត់ និង ប្រកួត​នៅ​ក្រៅ​ប្រទេស​គឺ​​​ប្រើ​ទូក​ស្មាច់ ដូច្នេះ​ស្ដង់ដា​ទូក​ក្នុង​ស្រុក​ខុស​គេ​ដាច់​តែ​ម្ដង​។ ម៉្យាង​ទៀត​ធាតុ​អាកាស​​នៅ​ពេល​ប្រកួត​ក៏​សំខាន់​ដែរ សម្រាប់​សុខភាព​កីឡាករ ហើយ​ថា​ការ​​ទៅ​ហ្វឹក​ហាត់​នេះ​ ហាក់​ដូច​ជា​​បន្សាំ​នឹង​អាកាសធាតុ​ត្រៀម​​​ស៊ីហ្គេម​​ចូល​មក​ដល់​​​​។

តាម​ការ​គ្រោង​ទុក ទូកប្រពៃណី នឹង​ប្រកួត​ចំណុះ​​១២​នាក់​ ៣ វិញ្ញាសា រួម​មាន ចម្ងាយ ១ ០០០ ម៉ែត្រ,  ៥០០ ម៉ែត្រ និង​ចំណុះ​៥​នាក់​លើ​វិញ្ញាសា​​ ៥០០ ម៉ែត្រ។

ក្រុម​កីឡាករ កីឡា​ការិនី ថតរូបជុំគ្នាព្រឹកមិញ​នៅ NOCC

អត្ថបទ​ពាក់ព័ន្ធ៖ ការ​ហ្វឹកហាត់​របស់​ក្រុម​ទូក​ប្រពៃណី​មិន​មាន​បញ្ហា​ទេ​ទោះ​​កម្ពស់​​ទឹក​​​ទន្លេ​​ត្រូវ​បាន​​ព្រមាន

ចំណែក​ឯ​លោក ឈួន ឡេង អគ្គលេខាធិការ​ស​ហ​ព័ន្ធ​សីប៉ាតាក្រ​កម្ពុជា ដែល​គ្រប់គ្រង​ទាំង​សីប៉ាតាក្រ និង សី ឈិនឡុង (Chin Lone) បាន​ប្រាប់​ថា នេះ​អាច​ថា​ជា​សំណាង​មួយ​ដែល​កីឡា​ទាំង ២ ប្រភេទ​ក្រោម​ឱវាទ​​របស់​លោក បាន​ចេញ​ទៅ​ហ្វឹកហាត់​ត្រៀម​នៅ​​ប្រទេស​មួយ​ដែល​មាន ការ​រីក​លូត​លាស់ ទាំង​កីឡា​ស៊ីប៉ាត់តាក្រ និង ជា​ម្ចាស់​កំណើត​កីឡា​សី​ឈិនឡុង។ ថ្នាក់​ដឹកនាំ​រូប​នេះ​សង្ឃឹម​ថា​ក្រុម​កីឡាករ កីឡា​ការិនី នឹង​នាំ​មេដាយ ជូន​ជាតិ តែ​លោក​មិន​ហ៊ាន​កំណត់​ថា មេដាយ​មាស ប្រាក់ ឬ សំរឹទ្ធ នោះ​ទេ។

អត្ថបទ​ពាក់ព័ន្ធ៖ ក្រុម​សីប៉ាតាក្រ មក​ដល់​ខ្មែរ​វិញ​ហើយ ថែម​ទាំងនាំ​មេដាយ ២ គ្រឿង​មក​ជា​មួយ

ការ​ទៅ​ហ្វឹកហាត់​នៅ​មីយ៉ាន់ម៉ា​​នេះ ទូក​ប្រពៃណី​នឹង​បញ្ជូន​កីឡាករ​​ទៅ​ហ្វឹកហាត់​ចំនួន ១៤ នាក់ និង គ្រូ​បង្វឹក ៣ នាក់។ ចំណែក សីប៉ាតាក្រ និង សី ឈិនឡុង នឹង​បញ្ជូន​កីឡាករ​ចំនួន ១៦ រូប​​ដែល​ក្នុង​នោះ​​ ប្រុស ៨ ​​នាក់​​ ស្រី ៨ និង គ្រូ​បង្វឹក ៣ រូប៕