Breaking News
Loading...
Thursday, October 17, 2013

មនុស្ស​៤០​នាក់​បាន​ស្លាប់​និង​ របួសធ្ងន់​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាចរ​​​១​ខែ​នៅ​ខេត្តកំពង់ឆ្នាំង



កំពង់ឆ្នាំង ៖​​ មនុស្ស​៦​នាក់​បាន​ស្លាប់​ និង​៣៤​នាក់​ផ្សេងទៀត​បាន​របួសធ្ងន់​និង​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​​ចំនួន​១៩​លើក​រយៈពេល​១​ខែ​ចាប់ពី​ថ្ងៃទី​១៦ ​ខែកញ្ញា​ដល់​ថ្ងៃទី​១៤ ​ខែតុលា ឆ្នាំ​២០១៣ នៅក្នុង​ខេត្តកំពង់ឆ្នាំង។

យោងតាម​របាយការណ៍​របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត នៅក្នុង​រយៈពេល​១​ខែ​កន្លង​មកនេះ​ក្នុង​ខេត្តកំពង់ឆ្នាំង គ្រោះថ្នាក់​ចរាចរ​​បាន​កើតឡើង​ចំនួន​១៩​លើក​គឺ​កើន​ឡើង​លើស​ខែ​មុន​ចំនួន​១០​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​ស្រី​២​នាក់ របួស​ធ្ងន់​១៧​នាក់ ​ស្រី​៤​នាក់ របួសស្រាល​១៧​នាក់​ស្រី​៥​នាក់។ បង្ក​ឲ្យ​ខូចខាត​រថយន្ត​ចំនួន​៧​គ្រឿង​ធ្ងន់​២​គ្រឿង​ ខូចខាត​ម៉ូតូ​២២​គ្រឿង​ធ្ងន់​៨​គ្រឿង ខូច​កង់​២​គ្រឿង​ធ្ងន់​១​គ្រឿង។

នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ខាង​លើ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃើញ​មូលហេតុ​នៃ​គ្រោះថ្នាក់​គឺ​​បើកបរ​ហួស​ល្បឿន​កំណត់​១០​លើក មិន​គោរព​សិទ្ធ​អាទិភាព​២​លើក បើក​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​២​លើក បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​២​លើក បើក​ប្ដូរ​គន្លង​មិន​ប្រយ័ត្ន​ចំនួន​១​លើក​កត្តា​យានយន្ត​(​ខូច​ម៉ាស៊ីន​)១​លើក កត្តា​ផ្លូវ​ជង្ហុក​១​លើក។ ក្នុង​នោះដែរ​រក​ឃើញ​អ្នក​ជិះ​ម៉ូតូ​មាន​គ្រោះថ្នាក់​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន​១៧​គ្រឿង អ្នក​ពាក់មួក​សុវត្ថិភាព​មាន​៥​គ្រឿង។

គ្រោះថ្នាក់​ខាង​លើ​នេះ​បាន​កើត​ឡើងលើ​ផ្លូវជាតិ​លេខ​៥​ចំនួន​៩​លើក លើ​ផ្លូវ​ជាតិ​លេខ​៥៣​ចំនួន​១​លើក លើ​ផ្លូវ​ក្រាល​កៅស៊ូ​ចំនួន​៣​លើក និង​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចំនួន​៦​លើក។ គ្រោះថ្នាក់​ទាំងនោះ​បាន​កើត​ឡើង​នៅក្នុង​ស្រុក​សាមគ្គី​មានជ័យ​ចំនួន​៣​លើក ស្រុក​កំពង់ត្រឡាច​ចំនួន​១​លើក ស្រុក​រលាប្អៀរ​ចំនួន​៤​លើក ក្រុង​កំពង់ឆ្នាំង​១​លើក និង​ស្រុក​ជលគីរី​១​លើក, បាន​កើតឡើង​រវាង​រថយន្ត​បុក​រថយន្ត​២​លើក រថយន្ត​និង​ម៉ូតូ​៤​លើក​ រថយន្ត​និង​អ្នក​ថ្មើរជើង​១​លើក ម៉ូតូ​និង​ម៉ូតូ​៦​លើក ម៉ូតូ​និង​កង់​២​លើក ម៉ូតូ​និង​អ្នក​ថ្មើរជើង​១​លើក និង​ម៉ូតូ​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​៣​លើក។

បើ​ប្រៀបធៀប​នឹង​ខែ​មុន​គ្រោះថ្នាក់​ខាងលើ​កើនឡើង​ចំនួន​១០​លើក របួសធ្ងន់​កើនឡើង​៣​នាក់ របួសស្រាល​កើនឡើង​៩​នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន​ស្មើ​គ្នា។

លោក​អៀរ ប៊ុនធឿន នាយការិយាល័យ​ចរាចរ​​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សូម​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ម៉ឺងម៉ាត់​ទាំង​អស់​គ្នា និង​ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ក្នុង​ពេល​បើកបរ ទើប​អាច​កាត់បន្ថយ​បាន​នូវ​គ្រោះថ្នាក់​ចរាចរ​និង​អាយុជីវិត​យើង​ទាំង​អស់គ្នា៕

ថា​រិ​ទ្ធ

M17-h-full

a7

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved