​ទូរសព្ទ​ទំនើប​​ច្រើន​ម៉ូដ​ច្រើន​ម៉ាក បាន​​ចេញ​​បង្អួត​រាង​លើ​ទីផ្សារ​​​ស្ទើរ​​រាប់​ភ្លេច​ក្នុង​មួយ​ឆ្នាំៗ​។ ដោយ​ឡែក អ្នក​ដែល​ទើប​ទិញ​​ទូរសព្ទ​ថ្មីៗ ជា​និច្ចកាលតែង​តែ​ទៅ​រក​ហាង​ឬ​កន្លែង​​​អ៊ុត​ទូរសព្ទ​​នានា​ដែល​ល្បី​ថា​អ៊ុត​ស្អាត ដើម្បី​ធានា​ការ​ប្រើប្រាស់​យូរ​អង្វែង​។

ប្រិយមិត្ត​ដឹង​ទេ​ថា តើ​កន្លែង​ណា​ដែលល្បី​​ថា​អ៊ុត​ទូរសព្ទ​​បាន​ស្អាត​ និង​មិន​ធ្វើ​ឲ្យ​អតិថិជន​​ទាស់​ចិត្ត។ អីចឹង សូម​ស្ដាប់​មិត្ត​យុវវ័យ​ខាង​ក្រោម​នេះ។

ទើប​ដើរ​ចេញ​ពី​ហាង​លក់​តែ​គុជ​មួយ​កន្លែង​នៅ​ម្តុំ​ផ្លូវ​ប៊ូឌិញ កញ្ញា ថាច់ រដ្ឋ​កញ្ចនា​ម៉ារី និស្សិត​នៃ​សាកល​វិទ្យាល័យ​ LimkokWing ដែល​ជា​ម្ចាស់​ iPhone ពីរ​គ្រឿង​ថា កញ្ញា​ចូល​ចិត្ត​យក​ទូរសព្ទ​ទៅ​អ៊ុត​នៅ​លើ​ផ្សារ​សុរិយា​ ព្រោះ​ទី​នោះ​ល្បី​ថា​អ៊ុត​បាន​ស្អាត។

“អ្នក​អ៊ុត​នៅ​ផ្សារ​សុរិយា ល្បី​ថា​អ៊ុត​បាន​ស្អាត​ អ៊ុត​ហើយ​មិន​ធ្វើ​ឲ្យ​អតិថិជន​ទាស់​ចិត្ត​នោះ​ទេ បើ​ទោះ​បី​តម្លៃ​ថ្លៃ​បន្តិច​ក៏​ដោយ”។

ចំណែក​កញ្ញា ស្រី ពៅ និស្សិត​ពេទ្យ​ខាង​ឆ្មប​បាន​ឲ្យ​ដឹង​ដែរ​ថា អ៊ុត​ទូរសព្ទ​ជា​វិធី​មួយ​ដ៏​ប្រសើរ​ក្នុង​ការ​ថែ​រក្សា​ទូរសព្ទ​ឲ្យ​ប្រើប្រាស់​បាន​​យូរ​អង្វែង ដូចជា​ការពារ​ការ​របក​ឫ​ការ​​ឆាប់​ចាស់​ ជាពិសេស​ពេល​ចង់​លក់​ចេញ​គឺ​លក់​បាន​ថ្លៃ។

កញ្ញា​ដដែល​បាន​បន្ត​ថា៖ “ពិត​ណាស់​ពេល​ដែល​ខ្ញុំ​ទិញ​ទូរសព្ទ​ថ្មី​ ខ្ញុំ​តែង​តែ​អ៊ុត​ភ្លាម​នៅ​ហាង​លក់​ផ្ទាល់​តែ​ម្ដង ព្រោះ​គេ​អ៊ុត​អត់​គិត​ថ្លៃ​សម្រាប់​អតិថិជន​ដែល​ទិញ​ផលិត​ផល​របស់​គេ​”។

កញ្ញា​បាន​បន្ថែម​ថា៖ “ខ្ញុំ​តែង​តែ​យក​អ៊ុត​សាជាថ្មី​ពេល​មើល​ថា​ទូរសព្ទ​កាន់​តែ​ចាស់​ ដោយ​យក​ទៅ​អ៊ុត​នៅ​ផ្សារ​សុវណ្ណា​ជាន់​ក្រោម​ ព្រោះ​នៅ​ជិត​ផ្ទះ​និង​ណាមួយ​តម្លៃ​សមរម្យ​ផង”។

ជុំវិញ​បញ្ហា​នេះ​ដែរ លោក​ គី​ បូណា និស្សិត​បញ្ញា​សាស្ត្រ បាន​បញ្ចេញ​មតិ​យល់​ឃើញ​ដែរ​ថា កន្លែង​ណា​ក៏​ដូច​កន្លែង​ណា​ សំខាន់​អ៊ុត​បាន​ស្អាត និង​លឿន​នេះ​ជា​តម្រូវ​ការ​ចាំបាច់​របស់​អតិថិជន​គ្រប់​រូប​។ យ៉ាង​ណា​ លោក​បាន​ណែនាំ​កន្លែង​មួយ​ចំនួន​ដែល​លោក​ធ្លាប់​អ៊ុត​ហើយ​ដែល​លោក​គិត​ថា គេ​អ៊ុត​បាន​ស្អាត​មាន​ដូចជា​នៅ​ជិត​វត្ត​ទូល​ទំពូង ផ្សារ​ឃ្លាំង​រំសេវ និង​តាម​ផ្លូវ​កម្ពុជា​ក្រោម​ សុទ្ធ​សឹង​តែ​មាន​កន្លែង​អ៊ុត​ទូរសព្ទ​ស្អាត​ៗ។

លោក​បាន​បញ្ជាក់​ដែរ​ថា​ អ្នក​ដែល​​តែង​តែ​​អ៊ុត​ទូរសព្ទ​​ញឹកញាប់ សុទ្ធ​តែ​​អាច​បញ្ជាក់​បាន​ថា​ជា​មនុស្ស​ដែល​​ស្អាតបាត​តាម​រយៈ​ចេះ​ស្រលាញ់​និង​ទុក​ដាក់​វត្ថុ​មាន​តម្លៃ​របស់​ខ្លួន និង​ជា​មនុស្ស​ដែល​មាន​អត្តចរិត​ល្អ​ថ្លៃថ្នូរ ហើយ​ដែល​តែង​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន។

អត្ថបទ៖ ដារ៉ា​ឆានី