ទោះ​បី​ជា​មាន​វ័យ​ជ្រេ​បន្តិច​ទៅ​ហើយ​ក៏​ពិត​មែន ប៉ុន្តែ​តារា​សម្ដែង​ជើង​ចាស់​លោក ទេព រិនដារ៉ូ នៅ​តែ​មាន​ទីផ្សារ​សម្ដែង​ជាប់​គ្នា​រដឹក​ស្ទើរ​ដក​ខ្លួន​មិន​រួច​ទៅ​ហើយ។ ជាក់​ស្ដែង នៅ​ក្នុង​ខែ​នេះ​ជា​ដើម​ លោក​ត្រូវ​បាន​ម្ចាស់​ផលិតកម្ម​អញ្ជើញ​ឲ្យ​ថត​ ៤​រឿង​ផ្សេង​គ្នា។

“សូម្បី​តែ​ឱកាស​កាន់​បិណ្ឌ​នេះ​ ក៏​ដក​ខ្លួន​ទៅ​មិន​បាន​ដែរ បាន​តែ​ផ្ញើ​បច្ច័យ​តាម​បង​ប្អូន​ប៉ុណ្ណោះ”។ លោក​បញ្ជាក់​ថា អ្វីដែល​នាំ​ឲ្យ​មាន​ការ​ខក​ខាន​ដូច្នេះ​ ដោយ​សារ​តែ​ត្រូវ​​ចុះ​ទៅសម្ដែង​នៅ​ខេត្ត​ផង និង​នៅ​ភ្នំពេញ​ផង។

បច្ចុប្បន្ន​តារា​សម្ដែង​ជើង​ចាស់​លោក ទេព រិនដារ៉ូ កំពុង​ចូលរួម​សម្ដែង​ក្នុង​រឿង “បេសកកម្ម​ស៊ីម២” របស់​ផលិតកម្មRGB​ រឿង “Memory” របស់​ផលិតកម្ម Town និង​រឿង “អស្ចារ្យ​ណាស់​លោក​ប្ដី​ខ្ញុំ” របស់​ស្ថានីយ​ទូរទស្សន៍​​ប៉ុស្តិ៍​បាយ័ន។ ចំណែក​ឯ​ភាពយន្ត​ដែល​លោក​បាន​ទទួល​ថត​ពី​ពេល​មុន​នោះ ទើប​តែ​បញ្ចប់​​​កាល​ពី​យប់មិញ​ប៉ុណ្ណោះ។

អាន៖ ទេព រិនដារ៉ូ ក្លាយជាតួចិត្តអាក្រក់

“យើង​បាន​និយាយ​គ្នា​ជាមុន​រួច​ទៅ​ហើយ​ជា​មួយ​ផលិតកម្ម​នីមួយៗ ដើម្បី​បែង​ចែក​ពេល​វេលា​ថត ​ដោយ​មិន​មាន​បញ្ហា​នោះ​ទេ”។ ផលិតកម្ម​នីមួយៗ ក៏​បាន​ទទួល​យក​លក្ខខណ្ឌ​នេះ​ដែរ។ ទោះ​យ៉ាង​ណា  ភាពយន្ត​ទាំង​អស់​ អាច​នឹង​ត្រូវ​ថត​បញ្ចប់​នៅ​ចុង​ខែ​ក្រោយ​នេះ ហើយ​លោក​​ក៏​ពិចារណា​លើ​កុងត្រា​ថត​រឿង​ថ្មី​ទៀត​ប្រសិន​បើ​មាន​នោះ។

ទោះ​បី​ជា​បែប​នេះ​ក្ដី ​លោក​ថា​ ប៉ុណ្ណេះ​ក៏​​​មិន​ទាន់​​រវល់​ដូច​ពី​មុន​​ដែរ។ លោក​ថា កាល​ពី​ទសវត្ស​ ​៩០​លោក​ត្រូវ​ឆ្លៀត​ពេល​ថត​មួយ​សប្ដាហ៍​ចំនួន​ ៣​រឿង​ក៏​មាន​ដែរ ព្រោះ​កាល​នោះ​​លោក​នៅ​ក្មេង និង​ត្រូវ​ដើរ​តួ​ឯក​ក្នុង​រឿង​ប្រើ​ពេល​វែង ព្រម​ទាំង​ទទួល​កុង​ត្រា​រឿង​ថ្មី​ជា​បន្ត​បន្ទាប់​ទៀត​ផង​ ហើយ​មាន​ពេល​ខ្លះ ត្រូវ​បង្ខំ​ចិត្ត​មិន​ទទួល​ថត​រឿង​មួយ​ចំនួន​​តែ​ម្ដង។

អាន៖ ទេព រិនដារ៉ូ ចង់ឲ្យអ្នកសិល្បៈបម្រើអ្នកគាំទ្រ

ជា​ចុង​ក្រោយ ក្នុង​នាម​ជា​តារា​សម្ដែង​ជើង​ចាស់​មួយ​រូប​លោក ទេព រិនដារ៉ូ បាន​ចាប់​អារម្មណ៍​ថា ការ​ផលិត​ភាពយន្ត​ខ្មែរ​រីក​ចម្រើន​បន្តិច​ហើយ ខណៈ​ដែល​ផលិតករ​ម្នាក់ៗ​មាន​ការ​ប្រឹងប្រែង​ជាង​មុន។ លោក​ថា ៖” ខ្ញុំ​ឃើញ​ប៉ុន្មាន​រឿង​ចុង​ក្រោយ​នេះ អ្នក​ផលិត​ភាពយន្ត​មាន​ការ​សម្រិតសម្រាំង​ជាង​មុន​ច្រើន​ណាស់​ សូម្បី​តែ​របៀប​សម្ដែង​នោះ ក៏​មាន​ការ​ខុស​ប្លែក​ច្រើន​ដែរ”។

លោក ទេព រិនដារ៉ូ ជា​តារា​សម្ដែង​ជើង​ចាស់​មួយ​រូប ដែល​ធ្លាប់​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្ទរខ្ទារ​អំឡុង​ទសវត្ស​ឆ្នាំ​១៩៩០ ជា​មួយ​តារា​សម្ដែង​អ្នក​នាង អម្ពរទេវី​  អ្នក​នាង សុខ ស្រីមុំ​ លោក យុត្ថារ៉ា ឆានី​ លោក ហម ឈរ៉ា និង​តារា​រួម​ជំនាន់​ជា​ច្រើន​ទៀត។ លោក​ក៏​ធ្លាប់​ទទួល​បាន​គ្រឿង​ឥស្សរិយយស​មួយ​ចំនួន​ពី​អតីត​ព្រះ​មហាក្សត្រ ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម​សីហនុ ព្រះ​បរម​រតនកោដ សម្ដេច​តា​នៃ​យើង បន្ទាប់​ពី​បាន​ដង្ហែ​តាម និង​ចូលរួម​សម្ដែង​ភាពយន្ត​មួយ​ចំនួន​ជា​ស្នាព្រះហស្ត​របស់​ព្រះអង្គ៕

អាន៖ ទេព រិនដារ៉ា”គ្រាមួយសម្ដេចតាធ្លាប់ឱបខ្ញុំ”

អត្ថបទ៖ សំ ជំនាញ