វិមានរដ្ឋសភាបើកទ្វាររង់ចាំទទួលតំណាងរាស្ត្រ១២៣រូប
រាជធានីភ្នំពេញ ៖ ពិតមែនតែគេមិនអាចទស្សន៍ទាយជាមុនបានឲ្យប្រាកដប្រជា តែចាប់ពីថ្ងៃទី២១ រហូតមកដល់ថ្ងៃទី២២ កញ្ញា ២០១៣ នេះ នៅវិមានរដ្ឋសភាជាតិ ក្រុមការងារពិសេស កំពុងតែរៀបចំ តុបតែងយ៉ាងសកម្មបំផុត ដែលគេជឿថាដើម្បីទទួលតំណាងរាស្ត្រអាណត្តិទី៥ចំនួន១២៣រូបចូលរួមប្រជុំលើកដំបូង ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី បើទោះបីគណបក្សសង្គ្រោះជាតិបដិសេធឬសុំពន្យារពេលក៏ដោយ។ អ្នកដើរកម្សាន្តនៅថ្ងៃសៅរ៍ អាទិត្យនេះ បាននិយាយស្រដៀងគ្នាថា នៅរាជធានីភ្នំពេញ ចរាចរណ៍តាមដងវិថីនានាមានសភាពអ៊ូអរជាធម្មតា ទាំងអ្នកដើរផ្សារ អ្នកទស្សនាតាមរមណីយដ្ឋាន អ្នកទៅកម្សាន្តតាមមាត់ទន្លេ ដោយពួកគេគ្មានការភិតភ័យខ្លាចអ្វីឡើយ។
នៅផ្សាររាត្រី(ជិតផ្សារចាស់)ថ្ងៃសៅរ៍ មនុស្សម្នាទៅពពាក់ពពូនដូចធម្មតា អ្នកលក់បានរៀបចំរបស់របរលក់ដូរ ចំណីចំណុកម្ហូបអាហារដូចសព្វដង ផ្សារសុរិយា ក៏មានមនុស្សកុះករដូចគ្នា ចំណែកនៅមុខព្រះបរមរាជវាំង ពិតមែនតែមានរនាំងបាំងហាមឆ្លងកាត់ តែមានមនុស្សទៅមើលទឹកទន្លេ មើលនិងដាក់ចំណីសត្វព្រាបរាប់ពាន់ ដោយមានបុរសម្នាក់លាន់មាត់ថា ស្រុកយើងសន្តិភាពហើយទើបព្រាបចុះច្រើនយ៉ាងនេះ។ ដោយឡែកនៅល្ងាចថ្ងៃទី២១ កញ្ញា ចរាចរណ៍នៅតាមវិថីមុខវិមានរដ្ឋសភាជាតិ មានសភាពធម្មតា អត់មានរនាំងដែក ឬបារាស់បិទបាំងផ្លូវទេ។ នៅមុខវិមានរដ្ឋសភាពីខ្លោងទ្វារចូលទៅឃើញមានក្រុមការងារកំពុងមមារញឹកញាប់ដៃញាប់ជើងរៀបចំលម្អខ្លោងទ្វារ និង ផ្លូវចូលប្លែកខុសពីធម្មតា។
គេគិតថា ការរៀបចំនេះ ក្រៅអ្វីពីដើម្បីទទួលព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី និងសមាជិកសភាថ្មី១២៣រូបចូលប្រជុំសភាអាណត្តិទី៥លើកដំបូង ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៣ កញ្ញា តាមច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។ បន្តទៅដល់កោះពេជ្រ មានមនុស្សជាច្រើនទៅកម្សាន្តទាំងនៅសួនកុមារ មាត់ទន្លេ ហើយសូម្បីតែនៅមហោស្រពក៏មានមនុស្សម្នារាប់រយនាក់មកពីខេត្តក្រុងនានាជួបជុំ ប្រជុំការងារដូចធម្មតា។ មកដល់កំពង់ចម្លង អ្នកធ្វើដំណើរចម្រុះឆ្លងចុះឡើងជាប្រក្រតី។ សូមរំឭកថា បន្ទាប់ពីមហាបាតុកម្ម៣ថ្ងៃរបស់បក្សសង្គ្រោះជាតិ និងការអំពាវនាវជាច្រើនលើករបស់ព្រះមហាក្សត្រខ្មែរ គណបក្សប្រជាជនកម្ពុជាបានប្រកាសចូលរួមប្រជុំ ខណៈគណបក្សសង្គ្រោះជាតិប្រកាសបដិសេធ និងស្នើសុំពន្យារពេលការប្រជុំដំបូងនេះ៕
ប្រភពពី៖ www.ve-news.com
0 comments:
Post a Comment