អ្នកចាត់ការក្លិបតោខៀវ Chelsea លោក Jose Mourinho បានលើកឡើងថាក្លិបហង្សក្រហម Liverpool មិនមានសមត្ថភាពប្រជែងយកពាន Premier League នោះទេ ដោយសារមិនមានកីឡាករល្អគ្រប់គ្រាន់។
អ្នកចាត់ការដែលទើបដឹកនាំ Chelsea ចាញ់ Newcastle ២-០ កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានលើកយកក្រុមខ្លាំងៗមួយចំនួន ហើយក្នុងនោះលោកបាននិយាយថា Liverpool ជាក្រុមអន់ជាងគេ។
លោក Jose Mourinho
លោកបានបញ្ជាក់ថា Manchester City មានសមាជិកក្រុមកីឡាករដ៏ល្អមិនគួរឲ្យជឿ ខណៈ Manchester United គឺនៅតែជាក្រុមដែលអាចប្រជែងយកពាននោះដែរ។
រីឯ Tottenham Hotspur វិញ ក៏បេក្ខភាពដណ្ដើមពានគ្រូបង្វឹកល្អប្រចាំឆ្នាំរូបនេះ លើកសរសើរថាខ្លាំងដែរ ដោយបានចំណាយប្រាក់ច្រើនដើម្បីទិញកីឡាករល្អៗ ធ្វើឲ្យក្រុមនេះមានឈុត២ដែលមានកីឡាករល្អៗស្មើគ្នា។
ចំពោះ Arsenal វិញ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ បាននិយាយថាមានការអភិវឌ្ឍជាជំហានៗ និងក្លាយជាក្រុមប្លែកជាងមុន ក្រោយទិញបានកីឡាករល្អដូចជា Mesut Ozil។
ចុងក្រោយ អ្វីដែលគេចាប់អារម្មណ៍ជាងគេ គឺការនិយាយពី Liverpool។ លោក Mourinho បាននិយាយថា ហង្សក្រហមប្រហែលជាក្លិបដែលមានធនធានតិចជាងគេ ព្រោះសមាជិកក្រុមកីឡាកររបស់គេ គឺមើលទៅមិនខ្លាំងនោះទេ ទោះមើលពីសំបកក្រៅទៅដូចជាខ្លាំងដូចគេក៏ដោយ។
អតីតអ្នកចាត់ការ Real Madrid បានបញ្ជាក់ជាចុងក្រោយដែរថា Liverpool មិនបានលេងនៅពានរង្វាន់ទ្វីបអឺរ៉ុបនោះទេ ដូច្នេះមានពេលហ្វឹកហាត់ រៀបចំក្រុម និងមានពេលសម្រាកច្រើនសម្រាប់ប្រកួតលីកចុងសប្ដាហ៍ ខណៈក្រុមខ្លាំងផ្សេងទៀតដែលគាត់រៀបរាប់ សុទ្ធតែលេងនៅពានអឺរ៉ុប។
យ៉ាងណាក្ដី Liverpool មិនបានខ្វល់ខ្វាយនឹងការលើកឡើងរបស់ Mourinhoទេ។ បច្ចុប្បន្ន តោខៀវ និងហង្សក្រហម កំពុងមាន២០ពិន្ទុដូចគ្នា ប៉ុន្តែ Chelsea ឈរលេខ២ ឯ Liverpool នៅលេខ៣ ដោយសារខុសចំនួនគ្រាប់បាល់។ ចំណែកឯក្រុមកំពូលតារាង គឺកាំភ្លើងធំ Arsenal ខណៈ Spurs នៅលេខ៤, Man City លេខ៥ និងក្រុមជើងឯកចាស់ Man Utd ស្ថិតនៅលេខ៨៕
អត្ថបទពាក់ព័ន្ធ៖ Mourinho ខឹងគេសួររឿងកីឡាករពេក ដើរចេញពីសន្និសីទកាសែត
0 comments:
Post a Comment