ក្លិប​ចាយ​លុយ​ធំ​​របស់​បារាំង AS Monaco កំពុង​ពិចារណា​បើក​ខ្ទង់​ចំណាយ ៤០លាន​អឺរ៉ូ (ជាង​៥៤លាន​ដុល្លារ​អាមេរិក) នា​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​ខែ​មករា​ខាង​មុខ ដើម្បី​ទិញ​ខ្សែ​បម្រើ​ស្លាប​របស់​ក្លិប​កាំភ្លើង​ធំ Arsenal, Theo Walcott

Walcott ពេល​លេង​ឲ្យ Arsenal កន្លង​មក

កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ ខាន​លេង​ឲ្យ​ក្រុម​លោក Arsene Wenger តាំង​ពី​ខែ​កញ្ញា​មក​ម្ល៉េះ ដោយ​សារ​ឈឺ​សាច់ដុំ​ពោះ។ យ៉ាង​ណា​ក្ដី អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​ដែល​ទើប​ជាប់​ជា​បេក្ខភាព​គ្រូ​បង្វឹក​ល្អ​បំផុត​ក្នុង​លោក ទំនង​ជា​មិន​បើក​ដៃ​ឲ្យ​ Walcott ចាក​ចេញ​នោះ​ទេ ស្រប​ពេល​សាមី​កីឡាករ​ផ្ទាល់ ក៏​កំពុង​រីករាយ​នៅ​ Arsenal ដូច​គ្នា។

Monaco ជា​ក្លិប​ទើប​ឡើង​មក Ligue 1 វិញ​​រដូវកាល​នេះ ប៉ុន្តែ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​​កំពុង​ប្រជែង​គ្នា​នៅ​កំពូល​តារាង​ជាមួយ​ Paris Saint-Germain ក្រោយ​ទិញ​ចូល​កីឡាករ​ៗ​សំខាន់ៗ​មួយ​ចំនួន ដូច​ជា Radamel Falcao និង Joao Moutinho ជា​ដើម។

ចាំ​មើល​មើល៍ ថា​តើ​ក្លិប​យក្ស​បារាំង​មួយ​នេះ អាច​ឆក់​យក Walcott ពី​កាំភ្លើង​ធំ​បាន​ដែរ​ឬ​ទេ?​