“Messi of the Snows” ជា​រហស្សនាម​របស់​កុមារា​វ័យ​៨ឆ្នាំ សញ្ជាតិ​អាហ្សង់ទីនដែល​មាន​ឈ្មោះ​ថា Claudio Nancufil។ សមត្ថភាព​ និង​ជំនាញ​ទាត់​បាល់​របស់​ក្មេង​តូច​គួរ​ឲ្យ​ស្រលាញ់​រូប​នេះ បាន​ទាក់​ទាញ​​ក្រុម​បាល់ទាត់​កំពូល​ទាំង​បី​របស់​អេស្ប៉ាញ គឺ Barcelona, Real Madrid និង Atletico Madrid។ ក្រៅ​ពី​ក្លិប​នៅ​អេស្ប៉ាញ ក្លិប​នៅ​ Premier League របស់​អង់គ្លេស​២ គឺ Manchester United និង Chelsea ក៏​ត្រូវ​បាន​រាយការណ៍​ថា​ចាប់​អារម្មណ៍​អូន​តូច​នេះ​ដែរ។

​បើ​យោង​តាម​ទីភ្នាក់ងារ​មួយ​​មាន​ទីតាំង​នៅ​ទីក្រុង Barcelona ដែល​ជា​អ្នក​ចុះ​កុងត្រា​ជាមួយ​ កុមារា​ Nancufil នេះ បាន​ឲ្យ​ដឹង​ថា​នៅ​ក្រោយ​ការ​សម្រាក​ពិធី​បុណ្យ​គ្រិស្តម៉ាស់ Nancufil នឹង​ទៅ​ធ្វើ​តេស្ត​នៅ​ក្លិប​អេស្ប៉ា​ទាំង​៣ខាង​លើ។

បន្ទាប់​មក ទីភ្នាក់ងារ​ដដែល​នឹង​សម្រេច​ថា​ត្រូវ​ឲ្យ Nancufil ផ្លាស់​ទៅ​លេង​នៅ​ក្លិប​ណា​មួយ​ ដោយ​មើល​លើ​ការ​ផ្ដល់​ឲ្យ​នៃ​ក្លិប​នីមួយៗ​នោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មិន​ត្រឹម​តែ​មាន​ដើម​កំណើត​ដូច​ Messi នោះ​ទេ កុមារា​រូប​នេះ​ក៏​មាន​ជំងឺ​ម្យ៉ាង​ស្រដៀង​នឹង​ Messi កាល​ពី​ក្មេង​ដែរ។ កាល​ពី​អាយុ​១៣ឆ្នាំ Messi មក​លេង​នៅ Barcelona ដោយ​សារ​តែ​ Barcelona បាន​ធានា​ចេញ​ថ្លៃ​ព្យាបាល​ជំងឺ​អ័រម៉ូន​លូតលាស់​មិនល្អ​របស់​ខ្លួន។ ជំងឺ​ដែល​ទាក់ទង​នឹង​ការ​រីក​ធំធាត់​នោះ ក៏​បាន​កើត​ឡើង​ចំពោះ Nancufil ​​ដែរ។

បច្ចុប្បន្ន​កុមារា​មាឌ​ទាប​ល្អិត​តែ​ខ្លាំង​រូប​នេះ កំពុង​លេង​នៅ​ក្លិប Martin Guemes។ លោក Marcelo Ernalz ប្រធាន​ក្លិប​នេះ បាន​ឲ្យ​ដឹង​ថា Nancufil បាន​បង្ហាញ​ភាព​លេច​ធ្លោ​ជាង​ក្មេង​ឯ​ទៀត​តាំង​ពី​គេ​ចាប់​ផ្ដើម​លេង​បាល់​កាល​ពី​អាយុ​៤ឆ្នាំ​មក​ម្ល៉េះ ពោល​គឺ​មាន​របៀប​លេង​ស្រដៀង​នឹង Messi ដែរ។

កាល​ពី​ថ្មីៗ​កន្លង​ទៅ មាន​កុមារា​ជនជាតិ​ជប៉ុន​​ម្នាក់​ដែល​មាន​វ័យ​ត្រឹម​៩ឆ្នាំ ក៏​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង Messi ដែរ ខណៈ​ពេល​នេះ​រូប​គេ​​កំពុង​​​ហ្វឹកហាត់​ក្នុង​ថ្នាល​យុវជន​របស់​​ Real Madrid (ចុច​អាន​លម្អិត​ត្រង់​នេះ)។

ចាំ​មើល​មើល៍ ថា​តើ​ក្មេង​តូច​នេះ​អាច​ក្លាយ​ជា​កីឡាករ​ល្បី​ដល់​កំពូល​ដូច Lionel Messi បច្ចុប្បន្ន​នេះ​ដែរ​ឬ​ទេ?

អត្ថបទ​ទាក់ទង៖ Messi ​ថ្មី​​ជនជាតិ​ជប៉ុន​វ័យ​៩​ឆ្នាំ​​ល្អ​មិន​ចាញ់​ Messi ​ធំ​អាហ្សង់ទីន​​ទេ​ (វីដេអូ)​

មើល​វីដេអូរបស់ Claudio Nancufil ដូច​ខាង​ក្រោម៖