ឈាន​ចូល​វ័យ​៤០ឆ្នាំ​ថ្ងៃ​នេះ Ryan Giggs នៅ​តែ​អាច​លេង​បាន​ក្នុង​ពាន​រង្វាន់​កំពូលៗ​​ឲ្យ​ក្លិប​បិសាច​ក្រហម។ កីឡាករ​សញ្ជាតិ​វែល​រូប​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វីរបុរស​មួយ​រូប​របស់​ Manchester United ក្រោយ​ចូល​លេង​នៅ​កិ្លប​ជោគជ័យ​បំផុត​របស់​អង់គ្លេស​មួយ​នេះ តាំង​ពី​ឆ្នាំ​១៩៨៧​មក (ចូល​ឈុត​ធំ​ឆ្នាំ​១៩៩០)។

វ័យ​ចាស់​ក៏​ពិត​មែន​តែ Giggs នៅ​តែ​ធ្វើ​បាន​ល្អ (រូប​ពេល​លេង​ទល់​នឹង Leverkusen នៅ UCL សប្ដាហ៍​នេះ)

ក្នុង​រយៈ​ពេល​ជាង​២០ឆ្នាំ​កន្លង​មក​នេះ Giggs បាន​លើក​ពាន Premier League ដល់​ទៅ​១៣ដង, ពាន FA Cup ៤ដង, ពាន League Cup ៤ដង, ពាន Communishield ៩ដង, ពាន​ Champions League ២ដង, ពាន Super Cup ម្ដង, ពាន Intercontinental Cup ម្ដង និង​ពាន FIFA Club World Cup ម្ដង។ ក្រៅ​ពី​ពាន​លក្ខណៈ​ក្រុម ក៏​មាន​ពាន​លក្ខណៈ​បុគ្គល​ជា​ច្រើន​ទៀត​ដែល​រូប​លោក​បាន​ឈ្នះ ដូច​ជា​ពាន​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត និង​ពាន​កីឡាករ​ល្អ​បំផុត​នៅ​អង់គ្លេស​ជា​ដើម។​

​ក្នុង​ឱកាស​ថ្ងៃ​ខួប​កំណើត​របស់ Giggs នេះយើងខ្ញុំសូម​នាំ​ប្រិយមិត្ត​មក​មើល​វីដេអូ​ដ៏​កម្រ​បាន​ឃើញមួយ​ ពោល​គឺ​ជា​វីដេអូ​នៃ​ការ​លេង​របស់​លោក កាល​ពី​នៅ​វ័យ​ត្រឹម​១៤ឆ្នាំ។ វីដេអូ​នេះ គឺ​ជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ Granada Schools Cup កាល​ពី​ឆ្នាំ​១៩៨៨ រវាង​ក្រុម Salford និង Blackburn នៅ​កីឡដ្ឋាន Anfield។

Giggs ដែល​កាល​នោះ​មាន​ឈ្មោះ​ Wilson ជាប់​ជា​ Man of the Match

នា​ពេល​នោះ Giggs មាន​ឈ្មោះ​ថា Ryan Wilson មិន​មែន Ryan Giggs ដូច​ពេល​នេះ​ទេ។ យុវជន Wilson បាន​ក្លាយ​ជា Man of The Match នៅ​ក្នុង​ការ​ប្រកួត​នោះ ក្រោយ​ជួយ​ឲ្យ Salford ឈ្នះ​៣-២។ រូប​គេ​មិន​បាន​ស៊ុត​បញ្ចូល​ទី​នោះ​ទេ ប៉ុន្តែ​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ និង​បាន​ជួយ​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចូល​ទាំង​៣គ្រាប់។

Giggs (ស្ដាំ) ឡើង​លើក​ពាន​ជាមួយ​អ្នក​ចាំ​ទី

សូម​មើល​វីដេអូ​ខាង​ក្រោម (Ryan Giggs ឬ Ryan Wilson ពាក់​ស្លាក​លេខ៦)៖

អត្ថបទ​ទាក់ទង៖ គ្រាប់​បាល់​ស្អាត​ៗ​ទាំង​១០​របស់​ Giggs ​កាល​នៅ​ពេញ​កម្លាំង​ឆ្នាំ​កៅ​ប្លាយ