Breaking News
Loading...
Thursday, November 7, 2013

សំណង់​ស្ពាន​បេតុង​បាក់​ស្រុត​ពេល​កំពុង​សាង​សង់​មហា​ជន​បាន​រិះគន់​ថា​មក​ពី​ធ្វើគ្រឹះ​គ្មាន​គុណ​ភាព


ខេត្តបន្ទាយមានជ័យ ៖ ស្ពានថ្មមួយដែលកំពុងសាងសង់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្នុងក្រុងប៉ោយប៉ែត បានស្រុតធ្វើឱ្យមានការរិះគន់ថា មកពីធ្វើគ្រឹះមិនរឹងមាំ ។ ស្ពាននោះប្រវែង៤៥ម៉ែត្រ ទទឹង៨ម៉ែត្រ សាងសង់ពីបេតុងបានរយៈពេល ប្រហែលតែ៣ខែប៉ុណ្ណោះក៏បាក់ស្រុត ។ អ្នកស្រុកជាច្រើនដែលទៅបង់សំណាញ់ និងរកត្រីក្បែរស្ពាននោះបានរិះគន់ថា ស្ពានដែលស្រុតទាំងមិន ទាន់សាងសង់រួចបែបនេះ អាចមកពីគ្រឹះជើងក្រោមមិនរឹងមាំ ឯអ្នកខ្លះថា អាចមកពីបច្ចេកទេសនៃការសាងសង់អន់ ។

ស្ត្រីចំណាស់ម្នាក់មិនប្រាប់អត្តសញ្ញាណ ប៉ុន្តែរស់នៅក្បែរនោះនិយាយថា កាលពីទឹកជន់ហូរខ្លាំងស្ពាននោះមិនស្រុតទេ ទើបតែពេលទឹកស្រកគឺនៅម៉ោង ប្រហែលជាង៩យប់ថ្ងៃទី១៩ តុលា ឆ្នាំ២០១៣ មានអ្នកដើរឆ្លងកាត់ស្រែកថា ស្ពានស្រុត ទើបភ្ញាក់ផ្អើលគ្រប់គ្នា ។

បុរសឈ្មោះអ៊ូ ហៃ អាយុ៣០ឆ្នាំ ដែលជាអ្នកមើលការខុសត្រូវកម្មករសាង សង់ស្ពានប្រាប់តាមទូរស័ព្ទថា ស្ពាននោះកសាងទ្បើងរយៈពេល៣ខែមកហើយ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន មិនមែនកសាងដោយក្រុមហ៊ុនណាមួយទ្បើយ ។ លោកអ៊ូ ហៃ ប្រាប់ថា ស្ពាននោះស្រុតកាលពីថ្ងៃទី៩ តុលា បណ្តាលមកពីទឹកជំនន់ហូរបុកខ្លាំងពេក ហើយនៅពេលទឹកស្រកអស់នឹងកសាងទ្បើងវិញ ។

ចំពោះមន្ត្រីពាក់ព័ន្ធនៅក្រសួងសាធារណការនិងដឹកជញ្ជូន មិនអាចទាក់ទងសុំការបំភ្លឺបានទេ ខណៈនៅកន្លែងកើតហេតុឃើញមានតែកម្មករ២នាក់ប៉ុណ្ណោះនៅប្រចាំការ ។

ប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងភូមិមួយចំនួនខាងត្បូងផ្លូវជាតិលេខ៥តាមបន្ទាត់ព្រំដែនក្នុងក្រុងប៉ោយប៉ែត និងស្រុកម៉ាទ្បៃក្នុងរដូវវស្សារៀងរាល់ឆ្នាំមានការលំបាកក្នុងការឆ្លងទៅមករកផ្លូវជាតិលេខ៥ តែប្រសិនបើស្ពាននោះសាងសង់រួចរាល់អ្នកស្រុកនឹងងាយស្រួលធ្វើដំណើរ ៕







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved