Breaking News
Loading...
Friday, November 29, 2013

ព្រាប សុវត្ថិ ច្រៀង​បទ​ខ្មែរ​និពន្ធ​នៅ​ជប៉ុន


ប្រភព៖ Postkhmer

ភ្នំពេញ : ដោយ​ជឿជាក់​លើ​ទេពកោសល្យ​និង​ប្រជាប្រិយភាព​ លើ​បទពិសោធ​សិល្បៈ​ជិត​២០​ឆ្នាំ រហូត​គ្រង​តំណែង​តារាចម្រៀង​លំដាប់​កំពូល​ប្រចាំ​នៅ​ស្រុក​ខ្មែរ ​ជាមួយ​នឹង​ការ​សម្រិតសម្រាំង​បទចម្រៀង​ថ្មី ​ដែល​ជា​ស្នាដៃ​និពន្ធ​ដោយ​កូនខ្មែរ​សុទ្ធ​មួយរយ​ភាគរយ​លើក​ពី​វប្បធម៌​ សិល្បៈ​ខ្មែរ​ផង​នោះ លោក​ ព្រាប សុវតិ្ថ បាន​អះអាង​យ៉ាង​មុតមាំ​ថា នឹង​នាំ​យក​ភាព​ជោគជ័យ​ឲ្យ​ខាន​តែ​បាន​ ដើម្បី​ជាតិ​ខ្មែរ សម្រាប់​កម្មវិធី​ (Asian Pop)នៅ​ជប៉ុន​ឆ្នាំ​២០១៣​នេះ​។

តារាចម្រៀង​ ផលិតកម្ម​ហង្សមាស​លោក ព្រាប សុវត្ថិ ត្រូវ​បាន​គេ​ដឹង​ថា ធ្លាប់​បាន​ពាំនាំ​សិល្បៈ​ចម្រៀង ​ដែល​បញ្ជាក់​ពី​លក្ខណៈ​វប្បធម៌​ប្រពៃណី​ខ្មែរ​ ទៅ​ចូលរួម​សម្តែង​ក្នុង​កម្មវិធី​ (Asian Pop) ​នៅ​ប្រទេស​ជប៉ុន​ម្តង​រួច​ហើយ​កាលពី​ឆ្នាំ​២០០៣។ ​ពេល​នោះ​ក៏​បាន​នាំ​មក​វិញ​នូវ​ភាព​ជោគជ័យ ​និង​លើក​ស្ទួយ​មុខមាត់​ប្រទេស​ខ្មែរ​នៅលើ​ឆាក​អន្តរជាតិ​ខ្លាំង​ផង​ដែរ។ ប៉ុន្តែ​ដោយឡែក​ដំណើរ​ដែល​ប្រកប​ដោយ​មោទនភាព​ សម្រាប់​វត្តមាន​ចូលរួម​កម្មវិធី​ (Asian Pop)​ ឆ្នាំ​២០១៣​នេះ តារាចម្រៀង​ គ្រង​តំណែង​ លំដាប់​កំពូល​ ជាច្រើន​ឆ្នាំ​ ជាប់ៗ​គ្នា​ ប្រចាំ​ផលិតកម្ម​ហង្សមាស​ លោក​ ព្រាប​ សុវត្ថិ បន្ទាប់ពី​បាន​ដឹង​ថា​លោក​ត្រូវ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ គម្រប់​ខួប​៤០​ឆ្នាំ ​ដែល​មាន​ប្រទេស​សមាជិក​អាស៊ាន​ចូលរួម​នោះ​ លោក​បាន​ឲ្យ​កវីនិពន្ធ​ល្បី​ឈ្មោះ​លោក​ សួន​ ពិសិដ្ឋ​ និពន្ធបទចម្រៀង​ជាពិសេស​ដល់​លោក​ ដើម្បី​យក​ទៅ​បកស្រាយ​នៅក្នុង​កម្មវិធី​ និង​បង្ហាញ​ឲ្យ​សកលលោក​បាន​យល់​ដឹង​ពី​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ចូលរួម​កម្មវិធី​នេះ ​បាន​ធ្វើឲ្យ​លោក​ ព្រាប សុវត្ថិ សង្ឃឹម ​ជឿជាក់​យ៉ាង​ខ្លាំង​ថា ​នឹង​ទទួល​បាន​ជោគជ័យ​ លើក​ស្ទួយ​មុខមាត់​ប្រទេស​ជាតិ​ នៅលើ​ឆាក​អន្តរជាតិ​។

តារាចម្រៀង លោក​ ព្រាប សុវត្ថិ បាន​ឡើង​យន្តហោះ ​ចេញ​ទៅ​សម្តែង​នៅ ​ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃ​ទី​២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​៧​យប់​ ដោយ​ពាំនាំ​ទៅ​ជាមួយ​ក្រុម​រាំ​ផ្ទាល់​ខ្លួន​របស់​ផង ហើយ​លោក​បាន​ត្រៀម​បទចម្រៀង​ចំនួន​២​បទ​ យក​ទៅ​សម្តែង​ និង​ច្រៀង​អបអរសាទរ ខួប​៤០​ឆ្នាំ ក្នុង​កម្មវិធី​ Asian​ Pop រយៈពេល​៥​ថ្ងៃ​។

ថ្លែង​ពី​ក្តីសង្ឃឹម​ ជា​មោទនភាព​ដើម្បី​ជាតិ​ខ្មែរ​នោះ លោក​ ព្រាប​ សុវត្ថិ​ បាន​អះអាង​មុន​ចេញ​ដំណើរ​ថា៖ «ក្នុង​ដំណើរ​ចេញ​ទៅ​ប្រទេស​ជប៉ុន​ចូលរួម​កម្មវិធី​គម្រប់​ខួប​៤០​ ដែល​មាន​ប្រទេស​ជា​សមាជិក​អាស៊ាន​១១​ប្រទេស​ចូលរួម​នោះ​ខ្ញុំ​មាន​ការ​ ជឿជាក់​ថា​នឹង​ទទួល​បាន​ជោគជ័យ​ ខ្លាំង​ជាង​កាលពី​១០​ឆ្នាំ​មុន​ »។ លោក ព្រាប សុវត្ថិ បាន​បញ្ជាក់​ថា៖ «បទចម្រៀង​ពីរ​បទ​ដែល​ត្រៀម​យក​ទៅ​ច្រៀង​ គឺជា​បទចម្រៀង​និពន្ធ​រៀបរាប់​ពី​ប្រទេស​ជាតិ​ សម្បត្តិ​បេតិកភណ្ឌ​ ពិភពលោក​របស់​ខ្មែរ​។ បទ​ចម្រៀង​ទាំងនោះ​មាន​២​បទ​ នឹង​ធ្វើឲ្យ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​បាន​ដឹង​ និង​ស្គាល់​ពី​កម្ពុជា​កាន់តែ​ច្រើន​ជាង​មុន»​។

តារាចម្រៀង​មាន​ភាព​លេចធ្លោ​ខ្លាំង​ ប្រចាំ​ផលិតកម្ម​ហង្សមាស​រូប​នេះ ​ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់ ដែល​លោក​បាន​ទៅ​កាន់​កម្មវិធី​លំដាប់​អន្តរជាតិ​នេះ​ជាថ្មី​ទៀត​ ដោយ​លោក​និយាយ​ថា៖ «ខ្ញុំពិត​ជា​សប្បាយចិត្ត​ និង​មាន​មោនទភាព ​បាន​ទៅ​បង្ហាញ​ឲ្យ​ពិភពលោក​ទទួល​ស្គាល់​ អ្វី​ដែល​ជា​អរិយធម៌​ខ្មែរ​ និង​អ្វី​ជា​សិល្បៈ​របស់​យើង​ បូករួម​ជាមួយ​ការ​រីកចម្រើន​ ព្រោះ​ពេលវេលា​នេះ ​ជា​ពេលវេលា​មួយ ​ដែល​យើង​ទៅ ​បង្ហាញ​អ្វី​ ដែល​មាន​ដ៏​អស្ចារ្យ​ នៅក្នុង​ប្រទេស​យើង​ ដល់​បរទេស​ឲ្យ​ដឹង​»។

បទចម្រៀង ​ចំនួន​ពីរ​បទ​ដែល​កំពូល​តារាចម្រៀង ​ប្រចាំ​ផលិតកម្ម​ហង្សមាស នាំ​យក​ទៅ​បង្ហាញ​ក្នុង​កម្មវិធី​(Asian Pop)​ នៅ​ជប៉ុន​ឆ្នាំ​២០១៣ និង​ជឿជាក់​ថា​ ប្រទេស​ក្នុង​សមាគមន៍​អាស៊ាន​ ស្គាល់​ខ្មែរ​កាន់តែ​ច្បាស់​នោះ​ ត្រូវ​បាន​លោក ព្រាប សុវត្ថិ បញ្ជាក់​ថា៖ «ក្រោម​ស្នាដៃ​និពន្ធ​បទភ្លេង​របស់​លោក​ សុខ​ ជំនោរ​ និង​ទំនុក​ច្រៀង​របស់​កវី​ចំណូល​ថ្មី​របស់​ផលិតកម្ម​រស្មី​ហង្សមាស​លោក សួន ពិសិដ្ឋ។

លោក​បាន​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា៖ «ទាំង​ពីរ​បទ​នោះ​មាន​ចំណងជើង​ថា «យើង​មាន​បេះដូង» និង​បទ «Kingdom of wonder » ដែល​សុទ្ធសឹង​ជា​បទចម្រៀង​រៀបរាប់​ពី​វប្បធម៌​ប្រពៃណី រួម​ទាំង​សម្បត្តិ​បេតិកភណ្ឌ​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​»៕

131128_20a

តារា​ចម្រៀង​ជើង​ចាស់ ព្រាប សុវត្ថិ ឡើង​ច្រៀង​លើ​ឆាក​ប្រគំ​តន្ត្រី។ រូបថត ផា លីណា

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved