កុមារា មាស សាម៉ន​ អតីត​​អ្នក​រើស​អេត​ចាយ ត្រូវ​បាន​គេ​ប្រដូច​គ្រប់​គ្នា​ថា ច្រៀង​ដូច​លោក​ ខេមរៈ សិរីមន្ត។ ដោយ​សារ​ស្ទិល និង​ ច្រៀង​ដូច​ ខេមរៈ សិរីមន្ត កុមារា រូប​នេះ​បាន​ក្លាយ​ទៅ​ជា​អ្នក​ចម្រៀង​ថត​ដាក់​ថាស នៅ​អាយុ​១៥ឆ្នាំ បន្ទាប់​ពី​​អតីត​ជា​អ្នក​រើស​អេត​ចាយ កាល​ពី​ឆ្នាំ ២០០៩។

ឮ​ឈ្មោះ ​មាស សាម៉ន កុំ​ច្រឡំ​ថា កុមារា​រូប​​​នេះ ជាប់​សែស្រឡាយ​ អ្នក​ចម្រៀង​កំប្លែង​ត្លុក មិន​ចេះ​កើត​ទុក្ខ ទឹក​មុខ​ស្រស់ស្រាយ​ បង្កើត​ភាព​សប្បាយ​រីករាយ​លាយ​នឹង​​សំណើច​ក្អាកក្អាយ ដែល​ជា​ម្ចាស់​បទ “សម្ល​កូនអុក”​ឲ្យ​សោះ។ ប៉ុន្ដែ កុមារា មាស សាម៉ន រូប​នេះ​ គឺ​ជា​អតីត​អ្នក​រើស​អេត​ចាយ ម្នាក់​ ដែល​កើត​ក្នុង​ត្រកូល​ខ្សត់​ខ្សោយ​មួយ រក​ព្រឹក​ខ្វះ ល្ងាច​ និង​គ្មាន​សែស្រឡាយ​ជា​អ្នក​សិល្បៈ​អ្វី​នោះទេ។

សូមចុចអាន៖ កុមារា​ សារ៉េត រតនៈ អាច​ជំនួស​តំណែង​​រ៉ូលីន​​បាន​អត់​ប៉ុណ្ណឹង?

លោក​ មាស សុផាត អាយុ​ ៤៧ឆ្នាំ ដែល​ត្រូវ​ជា​ឪពុក​របស់​កុមារា មាស សាម៉ន រស់​នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​​ស្ទឹង​​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ បាន​ប្រាប់​​គេហទំព័រយើងខ្ញុំថា កូន​របស់​លោក​មាន​ទេព​កោសល្យ​ខាង​សិល្បៈ​តាំង​ពី​តូច​មក។ ក្នុង​ចំណោម​បងប្អូន​ ៤នាក់ ស្រី២ ប្រុស​២ ក្នុង​នោះ​ សាម៉ន ជា​កូន​ច្បង​ម្នាក់​គត់​ ដែល​មាន​​ទេព​កោសល្យ​ខាង​សិល្បៈ​។

“ខ្ញុំ​គ្មាន​សែស្រឡាយ​ឯ​ណា​ជាប់​សិល្បៈ​នោះ​ទេ ជីតា​វា​ ឈ្មោះ​​មាស ហើយ​ខ្ញុំ​ដាក់​ឈ្មោះ​កូន​ថា សាម៉ន ដូច្នេះ​ហើយ មាន​គេ​ច្រឡំ​ថា មាស សាម៉ន​ តារា​ចម្រៀង​ជើងចាស់។ តាម​ពិត​ទៅ​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​នោះទេ ចំពោះ​ការ​ដាក់​ឈ្មោះ​នេះ​”។

សូមចុចអាន៖ កុមារី​ ហ៊ិន លីដា ច្រៀង​ពីរោះ​​ធ្វើ​ឲ្យ​តារា​​ជើងចាស់​ខ្លះ​សុំខ្មាស​

ពី​អាយុ​១២​-១៤​ ឆ្នាំ មាស សាម៉ន គឺ​ជា​ក្មេង​រើស​អេតចាយ។ លុះ​ដើរ​ដល់​ម្ដុំ​ផ្សារ​ផារ៉ាហ្គន សាម៉ន ឃើញ​គេ​ដាក់​ពាក្យ​ប្រឡង​ចម្រៀង​ សាម៉ន ក៏​បាន​សម្រេច​ចិត្ត​ ទៅសុំ​​ប្រាក់​ពី​ ​ម្ដាយ​ ដើម្បី​ទិញ​ពាក្យ​ និង​បំពេញ​ពាក្យ​ចូលរួម​ប្រឡង​ ហើយ​នៅ​ទី​បំផុត សាម៉ន អាច​ដណ្ដើម​បាន​យក​ជ័យ​លាភី​លេខ​១។ នេះ​ជា​ការ​បញ្ជាក់​របស់​ លោក​ មាស សុផាត ដែល​ត្រូវ​ជា​ឪពុក​​របស់ ​មាស សាម៉ន។

មក​ដល់​អាយុ​១៥ ​ឆ្នាំ មាស សាម៉ន ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍​ហៅ​ឡើង​ច្រៀង​កាល​ពី​ឆ្នាំ​ទៅមិញ​ ដែល​ការ​ចាប់​ផ្ដើម​ដំបូង​ សាម៉ន បាន​យក​ស្ទិល​តាម​ លោក​ខេមរៈ សិរីមន្ត។ ក្រោយ​មក​ទៀត​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ទឹក​ដម​សំឡេង​របស់​សាម៉នថា ច្រៀង​ដូច ​​ខេមរៈ សិរីមន្ត ដោយ​បន្ទាប់​មក​ទៀត​ កុមារា​សាម៉ន ត្រូវ​បាន​ផលិត​កម្ម​ស្ទឹង​មាស​ទាក់ទង​យក​ទៅ​ច្រៀង។

លោក​ មាស សុផាត បាន​បញ្ជាក់​ថា “​រហូត​មក​ទល់​នឹង​ពេល​នេះ​ កូន​ខ្ញុំ​ច្រៀង​បាន​ពីរ​វ៉ុល​ហើយ​ ហើយ​បាន​ឡើង​ច្រៀង​លើ​ឆាក​តន្ត្រី​​ទៀត​ផង។

ឪពុក ដែល​ជា​អ្នក​រត់​ម៉ូតូឌុប និង​ម្ដាយ​ ជា​អ្នក​លក់​ចាប់​ហ៊ួយ និង​បន្លែ​នៅ​ផ្ទះ​ រូប​នេះ បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍​ ឧស្សាហ៍​ហៅ​កូន​ឡើង​ច្រៀង​ ដើម្បី​បាន​កម្រៃ​ខ្លះៗ គ្រាន់​ឲ្យ សាម៉ន បាន​យក​ប្រាក់​ទៅ​រៀន​ ដើម្បី​ឲ្យ​ការ​សិក្សា​ចប់​ចុង​ចប់​ដើម។ បច្ចុប្បន្ន​នេះ មាស សាម៉ន អាយុ​១៦ ឆ្នាំ កំពុង​រៀន​ថ្នាក់​ទី​៧ នៃ​អនុវិទ្យាល័យ​ជា​ស៊ីម​សាមគ្គី។

“ខ្ញុំ​គ្មាន​ប្រាក់​ឲ្យ​កូន​រៀន​ទេ កាល​ពី​នៅ​តូច​សាម៉ន រើស​អេត​​ចាយ​យក​លុយ​ទៅ​រៀន ឥឡូវ​គ្រាន់​បាន​គេហៅ​ឡើង​ច្រៀង​បាន​លុយ​តិចតួច​ គ្រាន់​តែ​បាន​ការ​សិក្សា​​របស់​គេ​ប៉ុណ្ណោះ គឺ​នៅ​មិនទាន់​អាច​ជួយ​គ្រួសារ​បាន​នៅ​ឡើយ​ទេ។ ដូច្នេះ​ ខ្ញុំ​សង្ឃឹម​ថា មាន​គេ​ហៅ​ឲ្យ​ចូលរួម​កម្មវិធី​ឲ្យ​បាន​ច្រើន គឺ​កូន​ខ្ញុំ​នឹង​មាន​ក្ដី​សង្ឃឹម​ថា នឹង​អាច​រៀន​ចប់​ចុង​ចប់​ដើម​​ជា​មិន​ខាន”។ លោក​មាស សុផាត​ និយាយ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា
រូបថត៖ youtube