Breaking News
Loading...
Thursday, November 7, 2013

ជឿ​គ្រូ​អូម​អាម​​ដល់​ពេល​កូន​របួស​ពេញ​ខ្លួន​ទើប​នាំ​ចូល​ពេទ្យ​ ហើយប្តឹង​​ចោទ​វាយ​ធ្វើ​បាប​


ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បានរងរបួស និងមានស្នាមជាំជាច្រើនកន្លែង ត្រូវស្ត្រីជាម្ដាយអះអាងថា ដោយសារស្នាដៃគ្រូអូមអាមម្នាក់ និងបក្ខពួកវាយធ្វើបាបកូនរបស់គាត់ ខណៈនាំយកទៅឲ្យមើលជំងឺ។ យុវជនរងគ្រោះឈ្មោះ ពេជ្រ ភារម្យ អាយុ ២៦ឆ្នាំ ទើបសឹកពីបួស មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានស្នាមរបួសក្រោមពុកចង្កា និងខ្នងជាច្រើនកន្លែង។

តាមសម្តីស្ត្រីឈ្មោះ ស៊ុន នាង អាយុ ៥៦ឆ្នាំ ជាម្ដាយយុវជនរងគ្រោះ បានប្រាប់ឲ្យដឹងថា កូនរបស់គាត់ក្រោយសឹកពីបួសមិនដឹងកើតអ្វីនោះទេ គឺប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាការចម្លែកបាយមិនហូបទឹកមិនផឹករកតែផ្លូវរត់ទៅនេះទៅនោះ ធ្វើឲ្យគាត់មានការបារម្ភជាខ្លាំង លុះមានស្ត្រីចំណាស់ម្នាក់ជាអ្នកលក់បបរក្បែរផ្ទះប្រាប់ថា មានស្ត្រីជាគ្រូម្នាក់គេហៅថា រាជកុមារ មានវេទមន្តពូកែមើលថែតែ ២ ទៅ ៣ថ្ងៃ នឹងអាចជាវិញ គាត់ក៏នាំកូនដែលឈឺ រួមដំណើរជាមួយកូនប្រុសស្រី ២នាក់ទៀត ម្នាក់ជាសង្ឃ ទៅរកគ្រូនោះ ដែលមានទីលំនៅក្នុងភូមិជាមួយគ្នា។

ស្ត្រីជាម្តាយបន្តទៀតថា ពេលទៅដល់ផ្ទះគ្រូស្រីនោះ ដំបូងគេថាសុំ ១ម៉ឺនដុល្លារ ពេលមើលជា តែគាត់ថាអត់ប្រាក់ គ្រូនោះ ក៏លែងទារបែរជាថា និយាយលេងទៅវិញ ដោយនិយាយថា ព្រមមើល ចាំពេលជាឲ្យប្រាក់ប៉ុន្មានក៏ឲ្យទៅ។ លុះនៅព្រឹកថ្ងៃទី០៤ វិច្ឆិកា គាត់បាននាំកូនទៅដល់ផ្ទះគ្រូស្រីនោះ ដោយដំបូងគេគន់គូតាមជើងលេខប្រាប់ថា ជនរងគ្រោះមានខ្មោចក្នុងខ្លួន ហើយក៏ចាប់ផ្ដើមរៀបចំអុចធូប ដោយយកធូបនោះ វាយលើជនរងគ្រោះជាបណ្ដើរៗ និងស្រោចទឹកមន្តផងដែរ។

លុះម៉ោងជិត ១១ព្រឹក គាត់គិតថា រកចង្ហាន់ឲ្យព្រះសង្ឃជាកូនឆាន់ ស្រាប់តែបុរសម្នាក់ក្នុងគ្រួសារគ្រូនោះ ដឹកព្រះសង្ឃតាមម៉ូតូចេញមក ឯគាត់ក៏ទាញកង់ជិះចេញមកជាមួយដែរ នៅសល់តែកូនស្រីម្នាក់ឈ្មោះ ពេជ្រ សុខលីន អាយុ ៣៥ឆ្នាំ នៅទីនោះ ជាមួយជនរងគ្រោះ។ នៅពេលគាត់ទៅដល់ផ្ទះមិនទាន់បានប៉ុន្មានផងស្រាប់តែមានទូរស័ព្ទពីកូនស្រីប្រាប់ថា បុរសម្នាក់នៅក្នុងចំណោមគ្រួសារគ្រូនេះ បានវាយធ្វើបាបប្អូនរបស់គាត់ដោយប្រើដៃ និងជើង ដូចគេវាយចោរប្លន់ ពេលអ្នកស្រុកចាប់ឃាត់ បើទោះជាខំអង្វរ ក៏គេមិនឈប់ដែរ។ ដំបូងគាត់មិនជឿទេ លុះទាញកង់ជិះប្រញាប់ប្រញាល់ទៅដល់កន្លែងកើតហេតុ ស្រាប់តែឃើញគេវាយធ្វើបាបកូនដូចសត្វធាតុមែន ហើយពេលគាត់សួរនាំត្រូវក្រុមប្រើហិង្សានោះ ប្រាប់ថា គេមិនវាយមនុស្សទេ គឺគេវាយខ្មោចទេតើ។

ស្ត្រីចំណាស់ខាងលើបន្តថា គាត់ពីរនាក់កូនស្រីដោយឃើញកូនប្រុសមានរបួសក្រោមពុកចង្កា និងស្នាមជាំជាច្រើនកន្លែងលើខ្នង ក៏នាំគ្នានាំជនរងគ្រោះទៅគ្លីនិកឯកជនចំនួន ២កន្លែង តែគេមិនទទួល ក៏នាំទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ឲ្យជួយលាងមុខរបួស។ ចំណែកស្រ្តីជាបងជនរងគ្រោះប្រាប់ថា ក្រុមគ្រូខាងលើបានវាយធ្វើបាបប្អូនរបស់គាត់ជាច្រើនរូបភាព មានឡើងជង្គង់ ច្របាច់.ក និងវាយគក់ម្ដុំដើមទ្រូង។

ឯព្រះសង្ឃព្រះនាម ពេជ្រ ភារុន ព្រះជន្ម ៣០វស្សា ជាបងជនរងគ្រោះ ក៏ដូចជាម្ដាយ និងបងស្រី បានមានសង្ឃដីកាប្រាប់អ្នកយកព័ត៌មានថា ពួកគាត់នឹងដាក់ពាក្យបណ្ដឹងប្តឹងក្រុមគ្រូខាងលើទៅសមត្ថកិច្ច ដើម្បីឲ្យជួយរកយុត្តិធម៌ ដោយពួកគាត់លើកឡើងថា បើជនរងគ្រោះត្រូវខ្មោចចូលមែននោះ ជាធម្មតាគ្រូគេវាយតែនឹងភ្លើងធូប ឬស្រោចទឹកវាជាការស្រេច មិនមែនប្រើអំពើហិង្សាដោយកណ្ដាប់ដៃ ជង្គង់ និងជើង រហូតជនរងគ្រោះបញ្ឈរភ្នែកដង្ហើមចង្រិតយ៉ាងដូច្នេះឡើយ។

ជុំវិញការចោទប្រកាន់ខាងលើ គ្រូស្រី និងបុរសម្នាក់តាំងខ្លួនជាឥសី ដែលរងការចោទប្រកាន់ជាអ្នកប្រើហិង្សាដោយដៃ និងជើង មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ បើទោះជាអ្នកយកព័ត៌មានបានព្យាយាមទៅដល់ផ្ទះកើតហេតុក៏ដោយ គឺបានជួបតែស្ត្រីម្នាក់មិនព្រមប្រាប់អត្តសញ្ញាណទាំងបងស្រីទាំងខ្លួនរបស់គាត់ ប៉ុន្តែ អះអាងថា ជាប្អូនបង្កើតរបស់ស្រ្តីជាគ្រូ ហើយទទួលស្គាល់ថា ផ្ទះរបស់ខ្លួនបានទទួលព្យាបាលជនរងគ្រោះខាងលើមែន និងបានវាយអ្នកជំងឺ តែការវាយនោះ គេថាជាការវាយដោយប្រើបាលី និងដាក់អំបោះសីមាក្នុងដៃគ្រូឥសីជាបុរសម្នាក់៕ 





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved