បទ​ចម្រៀង​របស់​អធិរាជ​សំឡេង​មាស​ លោក តា ស៊ីន ស៊ីសាមុត និង ​លោក​យាយ រស់ សិរីសុទ្ធា នៅ​តែ​ដិត​ជាប់​ក្នុង​អារម្មណ៍​​មហាជន​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​​មិន​ថា ​ចាស់ ឬ​ក្មេង​នោះ​ទេ បើ​ទោះ​ជា​​លោក​​ទាំង​ពីរ​បាន​ចែក​ឋាន​​យូរ​ហើយ​ក្ដី។ ចុះ​ប្រសិន​បើ​​កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ និង ​កញ្ញា មាស សុខ​សោភា ចាប់​ដៃ​គូ​នឹង​គ្នា​វិញ ​អាច​ធ្វើ​ឱ្យ​ពួកគេ​ល្បី​រន្ទឺ​ ហើយ​រក្សា​កេរ្តិ៍ឈ្មោះ​​ដូច ​លោក​តា លោក​យាយ​ ទាំង​ពីរ​បាន​ទេ?

កញ្ញា មាស សុខសោភា និង លោក ព្រាប សុវត្ថិ (រូបថត៖ Facebook ព្រាប សុវត្ថិ)

អានអត្ថបទ៖ ស្លុង​អារម្មណ៍​ណាស់…តារា​ល្បីៗច្រៀង​ពី​ពលិកម្ម​អ្នក​មាន​គុណ​រៀង​ខ្លួន!

សំនួរ​​នេះ​បាន​ចាក់​ចំ​បេះ​ដូង​ទស្សនិកជន​ខ្មែរ​ ទាំង​អ្នក​ចូល​ចិត្ត​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ក៏​ដូច​ជា​មហាជន​ខាង​ក្រៅ ជា​ពិសេស​ពី​សំណាក់​មិត្តៗ​យុវវ័យ។

អ្វី​ដែល​សំខាន់​នោះ​ពួកគេ​សុទ្ធ​តែ​ចង់​ឱ្យ​តារា​ចម្រៀង​មាន​ទឹក​ដម​សំនៀង​ពីរោះ​ដូច​គ្នា​នេះ ចាប់​ដៃ​គ្នា​ដើម្បី​បក​ស្រាយ​បទ​ចម្រៀង។

ជាក់​ស្ដែង​ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ Facebook ម្នាក់​ឈ្មោះ​ sokunthea បញ្ចេញ​ចំណាប់​អារម្មណ៍​ថា​ លោក ព្រាប សុវត្ថិ និង ​កញ្ញា មាស សុខសោភា សុទ្ធ​តែ​ជា​តារា​ល្បី ហើយ​មាន​ទឹក​ដម​សំនៀង​ខ្ពស់​ដូច​គ្នា។

ប្រសិន​ណា​បើ​បាន​ច្រៀង​រួម​គ្នា​​នោះ​ ពិត​ជា​ពីរោះ​លើស​តារា​នានា​ក្នុង​ស្រុក​ខ្មែរ។ “ពួកគាត់​ទាំង​ពីរ​នៅ​ផលិតកម្ម​ផ្សេង​គ្នា​ មិន​ដែល​បាន​ចេញ​បទ​ចម្រៀង​រួម​គ្នា​ទេ តែ​បើ​សិន​ជា​អាច​ច្រៀង​រួម​គ្នា​បាន​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ”។

អាន​អត្ថបទ៖ ចង់​ដឹង​​ថ្លៃ​ខ្លួន​តារា​ស្រុក​ខ្មែរ​អត់?

លើក​ឡើង​ដោយ​មាន​ជំនឿ​ជាក់​ថា​កញ្ញា មាស សុខ​សោភា និង​លោក ព្រាប សុវត្ថិ ពិត​ជា​អាច​រក្សា​កេរ្តិ៍ឈ្មោះ​បាន​​ដូច ​លោក​តា ស៊ីន ស៊ីសាមុត និង​ លោក​យាយ​ រស់ សិរីសុទ្ធា ប្រសិន​ណា​បើ​ចាប់​ដៃ​គូ​ច្រៀង​រួម​គ្នា ដោយ មាស វុទ្ធី ជា​និស្សិត​ឆ្នាំ​ទី២​មក​ពី​សាកលវិទ្យាល័យ ភូមិន្ទ​កសិកម្ម​ លើក​ឡើង​ថា៖ “ដូច​ដឹង​ស្រាប់​ហើយ​មិន​ថា​តែ​ខ្ញុំ​ទេ អ្នក​ណាៗ ក៏​ទទួល​ស្គាល់​ពួកគាត់​ទាំង​ពីរ​ច្រៀង​ពីរោះ​ដូច​គ្នា​ដែរ ហើយ​គាត់​ចាប់​ដៃ​គ្នា​ខ្ញុំ​គិត​ថា ​ពិត​ជា​អាច ដូច​នឹង​លោក​តា ស៊ីន ស៊ីសាមុត និង​លោក​យាយ រស់ សិរីសុទ្ធា បាន”។

ដោយ​ឡែក​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ម្នាក់​ឈ្មោះ​កញ្ញា yako soki រស់​នៅ​​​ខេត្ត​សៀមរាប បាន​បញ្ចេញ​ចំណាប់​អារម្មណ៍ថា បើ​ទោះ​ជា​ កញ្ញា​គិត​ថា​ លោក ព្រាប សុវត្ថិ និង​ កញ្ញា មាស សុខ​សោភា មាន​ទឹក​ដម​សំនៀង​មិន​អាច​ប្រៀប​នឹង ​លោក​តា ស៊ីន ស៊ីសាមុត និង​ លោក​យាយ​ រស់ សិរីសុទ្ធា បាន​យ៉ាង​ណា​ក្ដី។ ប៉ុន្តែ​កញ្ញា ចង់​ឱ្យ​តារា​ទាំង​ពីរ​រូប​នេះ​បក​ស្រាយ​បទ​ចម្រៀង​រួម​គ្នា ​ដើម្បី​​បំពេញ​​តម្រូវ​ការ​របស់​ទស្សនិកជន​អ្នក​ស្ដាប់។

កញ្ញា​បញ្ជាក់​ថា៖ “ខ្ញុំ​គិត​ថា​បង ព្រាប សុវត្ថិ គាត់​ធ្លាប់​ច្រៀង​ជា​មួយ​អស់​ហើយ​តារា​ល្បី​ស្រីៗ​ចាស់​ក្មេង​បច្ចុប្បន្ន នៅ​តែ​ មាស សុខ​សោភា មួយ​ទេ ហើយ​បើ​គាត់​ទាំង​អាច​ច្រៀង​រួម​​គ្នា​បាន​នោះ​កាន់​តែ​ប្រសើរ​ថែម​ទៀត”។

អានអត្ថបទ៖ មើល​មុខ​តារាៗ​ មុន និង​ក្រោយ​ពេល​ល្បី​តិច​មើល!

ងាក​ទៅ​រក ​លោក ចាន់ប៊ី បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​មិត្តហ្វូន​ឯណោះ​វិញ ​លោក​ក៏​ចង់​ឱ្យ​តារា​ល្បី​ឈ្មោះ​ទាំង​​ពីរ​​ចាប់​ដៃ​គូ​ច្រៀង​រួម​គ្នា​ដែរ ព្រោះ​ចង់​ដឹង​ថា​តើ​ពីរោះ​កម្រិត​ណា។ ក៏​ប៉ុន្តែ​បុគ្គលិក​រូប​នេះ​លើក​ឡើង​ថា​ ប្រសិន​ចាប់​ដៃ​គូ​រួម​គ្នា​សូម​ឱ្យ​បក​ស្រាយ​ចម្រៀង​ ដែល​បង្កើត​ឡើង​ដោយ​ស្នាដៃ​ខ្មែរ កុំ​លួច​ចម្លង​ពី​បរទេស​ដូច​បច្ចុប្បន្ន។

លោក ចាន់​ប៊ី អះអាង​ថា៖ “ខ្ញុំ​ចង់​ឱ្យ​ច្រៀង​រួម​គ្នា ក៏​ប៉ុន្តែ​កុំ​ចម្លង​ពី​គេ​ព្រោះ​មិន​ជា​ការ​ល្អ​ទេ តារា​លំដាប់​​ប្រទេស​បែរ​ជា​លួច​បទ​ចម្រៀង​គេ​ច្រៀង​ពិត​ជា​ខ្មាស​គេ​មិនខាន”។

អានអត្ថបទ៖ កេរ្តិ៍ឈ្មោះ​អាច​ខុស​គ្នា​ឆ្ងាយ តែ​រឿង​ម៉ូដ​សក់​នែ…!

តារា​ស្រី​ទាំង​ចាស់ និង​ក្មេង​ល្បីៗ​បច្ចុប្បន្ន​សុទ្ធតែ​​ធ្លាប់​បក​ស្រាយ​បទ​ចម្រៀង​ជា​មួយ ​លោក ព្រាប សុវត្ថិ តួយ៉ាង​ដូច​ជា​អ្នក​ស្រី ហ៊ឹម ស៊ីវន អ្នក​នាង ម៉េង កែវពេជ្ជតា កញ្ញា ពេជ្រ សោភា កញ្ញា ឱក សុគន្ធ​កញ្ញា ជា​ដើម។ ដោយ​ឡែក​សម្រាប់​ កញ្ញា មាស សុខ​សោភា វិញ​ លោក ព្រាប សុវត្ថិ​ មិន​ធ្លាប់​មាន​បទ​ចម្រៀង​ច្រៀង​រួម​គ្នា​ទេ ព្រោះ​នៅ​ផលិតកម្ម​ផ្សេង​គ្នា ក៏​ប៉ុន្តែ​ក្នុង​ការ​ប្រគំតន្ត្រី​មួយ​ចំនួន​ពួកគេ​ធ្លាប់​បក​ស្រាយ​ចម្រៀង​រួម​គ្នា។

តារា​ចម្រៀង​លំដាប់​កំពូល​ប្រចាំ​ប្រទេស​កម្ពុជា ទាំង​ពីរ​សុទ្ធតែ​ធ្លាប់​ទទួល​បាន​​ពាន​រង្វាន់​ពី​កម្មវិធី​អាណាចក្រ​តារា ដោយ​ លោក​ ព្រាប សុវត្ថិ ទទួល​ពាន​ជា​កំពូល​តារា​ចម្រៀង​ប្រចាំ​ឆ្នាំ ២០១២។ ឯ​មាស សុខសោភា ទទួល​បាន​ពាន​​តារា​​ចម្រៀង​សម័យ​ស្រី​សំឡេង​ពីរោះ ប្រចាំ​ឆ្នាំ ​២០១៣។

តើ​ប្រិយ​មិត្ត​ចង់​ឱ្យ​អ្នក​ទាំង​ពីរ​ចាប់​ដៃ​គូ​ច្រៀង​រួម​គ្នា​ទេ ហើយ​ថា​បើ​សិន​ជា​អ្នក​ទាំង​ពីរ​ចាប់​ដៃ​គូ​រួម​គ្នា​អាច​មាន​កេរ្តិ៍ឈ្មោះ​ដូច​លោក​តា ស៊ីន ស៊ីសាមុត និង​លោក​យាយ រស់ សិរីសុទ្ធា បាន​ទេ?

អត្ថបទ៖ អ៊ីង សុឡា
រូបថត៖ Facebook  Preab Sovath