Breaking News
Loading...
Friday, November 29, 2013

សង្វៀនជល់មាន់​ ក្នុងកាស៊ីណូ ជ្រៃធំ បើកលេង យ៉ាងអនាធិបតេយ្យ គ្មានការបង្រ្កាប


ខេត្តកណ្តាលៈ សង្វៀនប្រជល់មាន់ ក្នុងការស៊ីណូជ្រៃធំ ដែលបានដំណើរការ ជាយូរឆ្នាំមកហើយនោះ គេឃើញប្រជាពលរដ្ឋខ្មែរ ចូលលេងយ៉ាង គគ្រឹកគគ្រេង និងប្រជាពលរដ្ឋវៀតណាម ឆ្លងដែនមកលេងយ៉ាងច្រើនកុះករ ដែលម្ចាស់សង្វៀន តម្រូវឲ្យអ្នកមកលេង ចាប់ពី ២០០ដុល្លារ រហូតដល់ ១០០០ដុល្លារ ហើយម្ចាស់សង្វៀន ដកតុងក្នុង១០០ ដកតុង ១០ដុល្លារ ក្នុងមួយថ្ងៃៗ ប្រជល់មិនក្រោម ៣០ទៅ៥០គូនោះទេ ដែលមានម្ចាស់សង្វៀន ឈ្មោះ លោក ឡេង ជាយោធាសក្តិ៥ ក្នុងអង្គភាពភូមិភាគពិសេស និងលោក ឈឿន ឆន ហើយភាពអនាធិបតេយ្យនេះ ពុំឃើញមានសមត្ថកិច្ច ពាក់ព័ន្ធណាម្នាក់ ចេញមុខទៅបង្រ្កាប់នោះទេ ទំនងជាសង្វៀនប្រជល់មាន់នោះ មានខ្នងក្រាសហើយមើលទៅ ។

កាលពីពេលថ្មីៗនេះ មានក្រុមអ្នកញៀនល្បែងប្រជល់មាន់ភ្នាល់គ្នា ចាញ់អស់លុយច្រើនពេក ក៏កើតមានជម្លោះ រហូតកាប់ចាក់គ្នានៅក្នុងសង្វៀន នោះ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង២និង១៥នាទីល្ងាច រវាងជនជាតិវៀតណាម បណ្តាលឲ្យរងរបួសម្នាក់ធ្ងន់ធ្ងរ ត្រង់ភ្លៅទាំងសង ខាង លិចដល់ឆ្អឹងភ្លៅ ថែមទាំងជាប់កាំបិត នឹងភ្លៅទៀតផង។ ហើយគូជម្លោះ គឺជាជនជាតិវៀតណាម និងជនជាតិវៀតណាម គ្រាន់តែមក ប្រជល់មាន់នៅក្នុងទឹកដីកម្ពុជា ។

បើតាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល ប្រកាសឲ្យអនុវត្តន៍ កាលពីឆ្នាំ២០០៨ ល្បែងស៊ីងសងគ្រប់ប្រភេទ ត្រូវលុបបំបាត់ ប៉ុន្តែកាស៊ីណូ ជ្រៃធំ ហាក់បីដូចជាផ្ទុយនិងគោលការណ៍ណែនាំ ជាពិសេសនោះ គេឃើញជនជាតិខ្មែរ ចូលលេងជាច្រើនក្នុងមួយថ្ងៃៗ ដែលបង្កឲ្យមានភាព អសកម្មនៅតាមតំបន់ព្រំដែន ចោរលួច ចោរប្លន់ ចោរឆក់ ធ្វើឲ្យប្រជាពលរដ្ឋ ខ្លាចរអាយ៉ាងខ្លាំង ម្យ៉ាងវិញទៀត វាផ្ទុយពីគោលនយោបាយ របស់រាជរដ្ឋាភិបាលគឺ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ដែលបានដាក់ ដល់អាជ្ញាធរភូមិឃុំ មន្ត្រីរាជការទាំងអស់ ត្រូវតែអនុវត្តន៍ឲ្យខានតែបាន គឺល្បែងស៊ីសងគ្រប់ប្រភេទ បៀ អាប៉ោង ប្រជល់មាន់ គ្រឿងញៀន ។ល។និង។ល។

ប្រជាពលរដ្ឋ នៅទូទាំងខេត្តកណ្តាល បាននិយាយថា ដោយសារតែមានល្បែងប្រជល់មាន់នេះហើយ ទើបបង្កឲ្យកើតមានឡើង នូវអំពើហិង្សា ផ្សេងៗ ជាក់ស្តែងរឿងរ៉ាវ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ផ្ទុះអំពើហិង្សានៅក្នុងកាស៊ីណូជ្រៃធំ កន្លែងប្រជល់មាន់ បណ្តាលឲ្យជនជាតិ វៀតណាមម្នាក់រងរបួសភ្លៅទាំងសងខាង រហូតជាប់កាំបិតនៅនឹងភ្លៅផង ហើយពាក់ព័ន្ធនឹងករណីនេះដែរ លោក ម៉ុយ ចាន់ពេជ្រ អធិការនគរបាល ស្រុកកោះធំ បានប្រាប់អ្នកយកព័ត៌មានថា រឿងរ៉ាវនោះត្រូវបានកម្លាំងសន្តិសុខ គេចាប់ឃាត់ និងដោះស្រាយរួចរាល់អស់ហើយ ចំណែកជនបង្ក និងជនរងគ្រោះត្រូវបានបញ្ជូន ឲ្យទៅខាងប្រទេសវៀតណាមហើយ ។

ប្រភពព័ត៌មាន ពីអ្នកញៀនល្បែងជល់មាន់ បានឲ្យដឹងថា ម្ចាស់សង្វៀននេះ មានឈ្មោះ ឈឿន ឆន និង ឡេង ដែលបានជួលទីតាំងខាងលើ ពីម្ចាស់កាស៊ីណូ ហើយបានបើកដំណើរការ ជាយូរឆ្នាំមកហើយ ដោយពុំខ្លាចញញើតសមត្ថកិច្ចណាម្នាក់ ហ៊ានបង្ក្រាបឡើយ ដោយសារតែមានអ្នក មានអំណាចនៅពីក្រោយខ្នង។

ប្រជាពលរដ្ឋសំណូមពរ ទៅលោកអភិបាលខេត្តកណ្តាល មេត្តាចុះពិនិត្យ និងចាត់វិធានការបង្ក្រាបជាបន្ទាន់ផង ដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបាន ភាពកក់ក្តៅផង។ ពាក់ព័ន្ធនឹងករណីខាងលើ ដើមអម្ពិល ព្យាយាមទំនាក់ទំនងទៅលោក ឈឿន ឆន និងលោក ឡេង ដែរ តែគ្មានប្រភព ដើម្បី ទំនាក់ទំនងសុំការបំភ្លឺបាននោះទេ ៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved