កៅអី​ទៅ​ World Cup ទាំង​១៣​សម្រាប់​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​បាន​រក​ឃើញ​៩​ហើយ ខណៈ​កៅអី​៤​ផ្សេង​ទៀត​ក៏​រក​ឃើញ​ប្រទេស​ទាំង​៨​ដែល​ត្រូវ​ដណ្ដើម​យក​នោះ​ដែរ។

ឆ្លង​កាត់​ការ​ប្រកួត​យប់​មិញ​នេះ ក្រុម​​អង់គ្លេស រុស្សី អេស្ប៉ាញ និង​បូស្នី-ហឺហ្ស៊េហ្គោវីណា បាន​ជាប់​ទៅ World Cup ជា​ស្វ័យប្រវត្តិ​​​ក្រោយ​ឈរ​កំពូល​តារាង​ក្នុង​ពូល​រៀងៗ​ខ្លួន បន្ថែម​លើ​ក្រុម​លេខ​មួយ​ពូល​៥​ផ្សេង​ទៀត​ដែល​ដឹង​ខ្លួន​ជាប់​តាំង​ពី​មុន​ប្រកួត​យប់​មិញ។

Gerrard និង Rooney ជួយ​ឲ្យ​អង់គ្លេសឈ្នះ​យប់​មិញ

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​លេខ​២​ល្អ​បំផុត​ទាំង​៨​ក៏​រក​ឃើញ​នោះ​ដែរ ដែល​មាន​ដូច​ជា​ ក្រូអាត (ពូលA) ស៊ុយអែត (ពូល C) រ៉ូម៉ានី (ពូល D) អ៊ីស្លង់ (ពូល E) ព័រទុយហ្គាល់ (ពូល F) ក្រិក (ពូល G) អ៊ុយក្រែន (ពូល H) និង​បារាំង (ពូល I) ខណៈ​ដាណឺម៉ាក ដែល​ជាប់​លេខ​២​ពូល B ជា​ក្រុម​ដែល​ត្រូវ​ធ្លាក់​ដោយ​សារ​ពិន្ទុ​តិច​ជាង​ក្រុម​លេខ​២​ទាំង​៨​ផ្សេង​ទៀត។

​​សរុប​មក​វិញ ក្រុម​នៅ​អឺរ៉ុប​ដែល​​បាន​កក់​កៅអី​នៅ​ World Cup ឆ្នាំ​ក្រោយរួច​ហើយ​នោះ ​​​រួម​មាន៖ បែលហ្សិក, អ៊ីតាលី, អាល្លឺម៉ង់, ហុល្លង់, ​ស្វីស, រុស្សី, បូស្នី-ហឺហ្ស៊េហ្គោវីណា, អង់គ្លេស និង​អេស្ប៉ាញ។

រី​ឯ​ក្រុម​លេខ​២​ទាំង​៨ ដូច​បាន​រៀបរាប់​ខាង​លើ នឹង​ត្រូវ​ប្រកួត play-off នា​ខែ​វិច្ឆិកា​ខាង​មុខ​ដើម្បី​យក​៤ក្រុម​បន្ថែម​ទៀត​ទៅ​ប្រេស៊ីល។ ការ​ចាប់ឆ្នោត​ជ្រើស​គូ​ប្រកួត នឹង​ត្រូវ​ធ្វើ​ឡើង​នា​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។ ក្រុម​ដែល​មាន​ចំណាត់ថ្នាក់​ FIFA ខ្ពស់​ជាង​គេ​ទាំង​៤ នឹង​មិន​ត្រូវ​ដាក់​ឲ្យ​ជួប​គ្នា​នោះ​ទេ​ក្នុង​ការ​ចាប់​ឆ្នោត​នោះ ដូច្នេះ​យើង​អាច​សន្និដ្ឋាន​បាន​មុន​ថា​ ក្រូអាត ព័រទុយហ្គាល់ ក្រិក និង​ស៊ុយអែត នឹង​មិន​ជួប​គ្នា​ទេ ដោយ​សារ​ក្រុម​ទាំង​៤​មាន​ចំណាត់ថ្នាក់​ FIFA ល្អ​ជាង​ក្រុម​​ រ៉ូម៉ានី អ៊ីស្លង់ អ៊ុយក្រែន និង​បារាំង។ ​​

កីឡាករ​អេស្ប៉ាញ​អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី

លទ្ធផល​ទាំង​អស់​កាល​ពី​យប់​មិញ និង​ចំណាត់ថ្នាក់​នៃ​ពូល​នីមួយៗ​ ​មាន​ដូច​ខាង​ក្រោម៖

ពូល លទ្ធផល​យប់មិញ ចំណាត់ថ្នាក់​
A ស៊ែប ៥-១ ម៉ាសេដូនី . បែលហ្ស៊ិក (២៦ពិន្ទុ), . ក្រូអាត (១៧ពិន្ទុ), . ស៊ែប (១៤ពិន្ទុ), . ស្កុតឡែន (១១ពិន្ទុ), . វែល (១០ពិន្ទុ), . ម៉ាសេដូនី (៧ពិន្ទុ)
បែលហ្សិក ១-១ វែល
ស្កុតឡែន ២-០ ក្រូអាត
B ប៊ុលហ្គារី ០-១ សាធារណរដ្ឋឆេក . អ៊ីតាលី (២២ពិន្ទុ), . ដាណឺម៉ាក (១៦ពិន្ទុ), . ​សាធារណរដ្ឋឆេក (១៥ពិន្ទុ), . ប៊ុលហ្គារី (១៣ពិន្ទុ), . អាមិននៀ (១៣ពិន្ទុ), . ម៉ាល់តា (៣ពិន្ទុ)
ដាណឺម៉ាក ៦-០ ម៉ាល់តា
អ៊ីតាលី ២-២ អាមិននៀ​
C ហ្វារ៉ូអាយឡែន ០-៣ អូទ្រីស . ​អាល្លឺម៉ង់ (២៨ពិន្ទុ), . ស៊ុយអែត (២០ពិន្ទុ), . អូទ្រីស (១៧ពិន្ទុ), . អៀរឡង់ (១៤ពិន្ទុ), . ​កាហ្សាក់ស្ថាន (៥ពិន្ទុ), . ​ហ្វារ៉ូអាយឡែន (១ពិន្ទុ)
អៀរឡង់ ៣-១ កាហ្សាក់ស្ថាន
ស៊ុយអែត ៣-៥ ​អាល្លឺម៉ង់
D ហុងគ្រី ២-០ អង់ដូរ៉ា . ហុល្លង់ (២៨ពិន្ទុ), . រ៉ូម៉ានី (១៩ពិន្ទុ), . ហុងគ្រី (១៧ពិន្ទុ), . ទួរគី (១៦ពិន្ទុ), . អេស្តូនី (៧ពិន្ទុ), . អង់ដូរ៉ា (០ពិន្ទុ)
រ៉ូម៉ានី ២-០ អេស្តូនី
ទួរគី ០-២ ហុល្លង់
E ស៊ីប្រ៊ូស ០-០ ​អាល់បានី . ​ស្វីស (២៤ពិន្ទុ), . អ៊ីស្លង់ (១៧ពិន្ទុ), . ស្លូវេនៀ (១៥ពិន្ទុ), . ន័រវែស (១២ពិន្ទុ), . ​អាល់បានី (១១ពិន្ទុ), . ស៊ីប្រ៊ូស (៥ពិន្ទុ)
ន័រវែស ១-១ អ៊ីស្លង់
ស្វីស ១-០ ស្លូវើនៀ
F អាហ្សេបៃហ្សង់ ១-១ រុស្សី . រុស្សី (២២ពិន្ទុ), . ព័រទុយហ្គាល់ (២១ពិន្ទុ), . អ៊ីស្រាអែល (១៤ពិន្ទុ), . អាហ្សេបៃហ្សង់ (៩ពិន្ទុ), . អៀរឡង់ខាងជើង (៧ពិន្ទុ), . លុចហ្សំបួរ (៦ពិន្ទុ)
អ៊ីស្រាអែល ១-១ អៀរឡង់ខាងជើង
ព័រទុយហ្គាល់ ៣-០ លុចហ្សំបួរ
G ក្រិក ២-០ លិចធិនស្តែន . បូស្នី-ហឺហ្ស៊េហ្គោវីណា (២៥ពិន្ទុ), . ក្រិក (២៥ពិន្ទុ), . ស្លូវ៉ាគី (១៣ពិន្ទុ), . លីទុយអានី (១១ពិន្ទុ), . ឡាតវី (៨ពិន្ទុ), . លិចធិនស្តែន (២ពិន្ទុ)
លីទុយអានី ០-១ បូស្នី-ហឺហ្ស៊េហ្គោវីណា
ឡាតវី ២-២ ស្លូវ៉ាគី
H អង់គ្លេស ២-០ ប៉ូឡូញ . អង់គ្លេស (២២ពិន្ទុ), . អ៊ុយក្រែន (២១ពិន្ទុ), . ម៉ុងតេណេក្រូ (១៥ពិន្ទុ), . ប៉ូឡូញ (១៣ពិន្ទុ), . ម៉ុលដូវ៉ា (១១ពិន្ទុ), . សាន់ម៉ារីណូ (០ពិន្ទុ)
ម៉ុងតេណេក្រូ ២-៥ ម៉ុលដូវ៉ា
សាន់ម៉ារីណូ ០-៨ អ៊ុយក្រែន
I បារាំង ៣-០ ​ហ្វាំងឡង់ . អេស្ប៉ាញ (២០ពិន្ទុ), . បារាំង (១៧ពិន្ទុ), . ​ហ្វាំងឡង់ (៩ពិន្ទុ), . ហ្សកហ្ស៊ី (៥ពិន្ទុ), . បេឡារូស (៤ពិន្ទុ)
អេស្ប៉ាញ ២-០ ហ្សកហ្ស៊ី

អត្ថបទ​ទាក់ទង៖ នៅ​អឺរ៉ុប រក​ឃើញ​ក្រុម​ជាប់​ទៅ​ World Cup ​ស្វ័យប្រវត្តិ​៣​ប្រទេស​ទៀត​ហើយ

អត្ថបទ​ទាក់ទង​នឹង World Cup ផ្សេង​ទៀត សូម​ចុច​ត្រង់​នេះ

អត្ថបទ​៖ សុខ សុវត្ថិ
រូបភាព៖ dailymail